ព័ត៌មានជាតិ
ពិព័រណ៍ផលិតផលខ្មែរបើកដំណើរការព្រឹកនេះ មានផលិតផលខ្មែររាប់រយមុខ មានលក់ថែមនិងបញ្ចុះតម្លៃពិសេសជាច្រើន
ពិព័រណ៍ផលិតផលខ្មែររយៈពេល ៤ ថ្ងៃ បានចាប់ផ្ដើមបើកដំណើរការនៅព្រឹកនេះនៅសាលពិព័រណ៍កោះពេជ្រ ដោយមានស្តង់ចូលរួមប្រមាណ ៣០០ ស្តង់ មានតាំងបង្ហាញផលិតផលខ្មែរចម្រុះមុខមានទាំងផ្នែកភេសជ្ជៈ ចំណីអាហារ និងគ្រឿងប្រើប្រាស់រាប់រយមុខសុទ្ធតែជាផលិតផលក្នុងស្រុក។
នៅស្តង់ក្រុមហ៊ុន M Pig មានការដាក់តាំងផលិតផលសាច់កែច្នៃជាច្រើនមុខ ដែលផលិតចេញពីរោងចក្រនៅខេត្តកំពង់ស្ពឺ។
លោក ដារា រិទ្ធិ បុគ្គលិកផ្នែកលក់ក្រុមហ៊ុនកែច្នៃសាច់ M Pig បានឲ្យដឹងថា សម្រាប់ការតាំងពិព័រណ៍នេះ ក្រុមហ៊ុនបាននាំយកផលិតផលសាច់កែច្នៃចំនួន ១២ មុខមកដាក់តាំងបង្ហាញរួមមាន សាច់ចង្កាក់រុំគោស្លឹកគ្រៃ, សាច់ចង្កាក់ធម្មតា, ហែមស្លាយ, សាច់ជើងគោអាល្លឺម៉ង់, ប្រហិតសាច់ជ្រូក, ប្រហិតរសជាតិស៊ីឈួន, ប្រហិតរសជាតិតៃវ៉ាន់, សាច់ឆ្អឹងជំនីរប្រឡាក់ និងសាច់ប្រឡាក់ធម្មតា។

លោកបន្តថា ក្រុមហ៊ុនមានកសិដ្ឋានចិញ្ចឹមផ្ទាល់ខ្លួនដែលមានទីតាំងនៅខេត្តកំពង់ស្ពឺ ដែលមានផលិត និងកែច្នៃសាច់ជ្រូកអនាម័យ ហើយត្រូវបានវេចខ្ចប់តាមស្តង់ដារ ដើម្បីផ្គត់ផ្គង់តាមផ្សារ ទំនើប និងតាមម៉ាតនានា។
ការតាំងពិព័រណ៍ផលិតផលខ្មែររយៈពេល ៤ ថ្ងៃ លោករំពឹងថានឹងអាចលក់ផលិតផលបានចាប់ពី ៣០០ គីឡូក្រាមឡើងទៅ។
ជាមួយគ្នានេះ លោកក៏អំពាវនាវឲ្យប្រជាពលរដ្ឋឲ្យមកចូលរួមទស្សនាតាំងពិព័រណ៍នៅកោះពេជ្រ ដើម្បីបានតេស្តភ្លក់រសជាតិផលិតផលរបស់ក្រុមហ៊ុនដោយឥតគិតថ្លៃ ដើម្បីឲ្យបានដឹងថាកម្ពុជាយើងមានក្រុមហ៊ុនផលិត និងកែច្នៃសាច់ដែលប្រកបដោយអនាម័យខ្ពស់ និងគុណភាពល្អ។
នៅក្នុងពិព័រណ៍ផលិតផលខ្មែរនៅកោះពេជ្រ សហគ្រាសផលិតទឹកត្រចៀកកាំ “ដុកទ័ររ៉ាស៊ី” ដែលមានមូលដ្ឋានមកពីស្រុកឆ្លូង ខេត្តក្រចេះ ក៏បានបង្ហាញវត្តមានលើកដំបូងដែលបាននាំយកផលិតផលភេសជ្ជៈជំនួយសុខភាពជាផលិតផលក្នុងស្រុក មកតាំងបង្ហាញដល់ពលរដ្ឋបានមកទស្សនា។

នៅស្តង់លេខ ១២៩ នៅកោះពេជ្រ លោកវេជ្ជបណ្ឌិត ហ៊ាង រ៉ាស៊ី ម្ចាស់សិប្បកម្មផលិតទឹកត្រចៀកកាំ ដុកទ័ររ៉ាស៊ី បានរៀបរាប់ពីលក្ខណៈពិសេសនៃទឹកត្រចៀកកាំដែលសិប្បកម្មរបស់លោកផលិត អាចរក្សាទុកបានរហូតដល់ ១ ឆ្នាំ ដោយមិនប្រើប្រាស់សារធាតុរក្សាទុក ព្រមទាំងមានតម្លៃសមរម្យ។
លោកបង្ហាញពីមោទនភាពក្នុងនាមជាសហគ្រាសក្នុងខេត្តក្រចេះ ដែលបាននាំយកផលិតផលក្នុងស្រុកតំណាងមកពីភូមិសាស្រ្តខេត្តភាគឦសានមកតាំងបង្ហាញក្នុងពិព័រណ៍ផលិតផលខ្មែរដ៏ធំប្រចាំឆ្នាំ ដែលនឹងទាក់ទាញអ្នកចូលរួមរាប់ម៉ឺននាក់។

នៅក្នុងស្តង់បង្ហាញផលិតផលរបស់ខ្លួន លោក ហ៊ាង រ៉ាស៊ី បានរៀបរាប់ពីអត្ថប្រយោជន៍ទឹកត្រចៀកកាំចំពោះសុខភាព ដែលជួយកាត់បន្ថយអាការៈចាញ់កូនសម្រាប់ស្រ្តីមានផ្ទៃពោះ ជួយបង្កើនគ្រាប់ឈាមក្រហមនិងល្អខ្លាំងសម្រាប់ទារកក្នុងផ្ទៃ។ សម្រាប់កុមារតូចៗ ជួយជំរុញឱ្យក្មេងលូតកម្ពស់ ព្រមទាំងមិនធ្វើឱ្យក្តៅក ឬរលាកបំពង់កឡើយ។
សម្រាប់មនុស្សចាស់ជួយផ្តល់កម្លាំង និងធ្វើឱ្យអ្នកដែលកំពុងមិនសូវស្រួលខ្លួនមានអារម្មណ៍ធូរស្បើយ និងមានកម្លាំងឡើងវិញ។
ក្នុងរយៈពេល ៤ ថ្ងៃនៃពិព័រណ៍ លោក ហ៊ាង រ៉ាស៊ី បានបញ្ជាក់ថា សហគ្រាសរបស់លោកក៏មានប្រូម៉ូសិនលក់ពិសេសគឺ ទិញ ១ កេះ ថែមជូន ២ ដប។ ជាមួយគ្នានេះ លោកក៏លើកទឹកចិត្តឲ្យប្រជាជនខ្មែរជួយគាំទ្រផលិតផលខ្មែរ ដោយលោកលើកឡើងថា មានតែខ្មែរទេ ទើបជួយឲ្យខ្មែររីកចម្រើនបាន ហើយទឹកត្រចៀកកាំនេះគឺជាកាដូដ៏ល្អបំផុតសម្រាប់ជូនពុកម៉ែបងប្អូន ឬយកទៅប្រគេនព្រះសង្ឃនៅវត្តក្នុងរដូវបុណ្យចូលឆ្នាំខ្មែរនេះ។
ក្នុងស្តង់រាប់រយផ្សេងទៀត សហគ្រាសផលិតនំ លឹម ហៀងយូ ក៏បានបង្ហាញវត្តមានជាថ្មី ខណៈសហគ្រាសនេះតែងតែចូលរួមជាញឹកញាប់រៀងរាល់មានកម្មវិធីតាំងពិព័រណ៍ផលិតផលខ្មែរ។
កញ្ញា គង់ បុតទី បុគ្គលិកផ្នែកលក់របស់សហគ្រាសផលិតនំនិងស្ករគ្រាប់ លឹម ហៀងយូ បានឲ្យដឹងថា ក្នុងពិព័រណ៍រយៈពេល ៤ ថ្ងៃ សហគ្រាសបាននាំយកផលិតផលជិត ២០ មុខផ្សេងៗគ្នា ដែលមានដូចជាប្រភេទនំគ្រីកឃីត និងប្រភេទនំប៉ោង។
កញ្ញាបន្តថា ផលិតផលលក់ដាច់ជាងគេមាននំប៊ីស្គីត និងនំប៉ោងរសជាតិមឹកនិងរសជាតិក្ដាម គឺជាផលិតផលដែលលក់ដាច់ជាងគេបំផុត តាំងពីក្រុមហ៊ុនចាប់ផ្ដើមដំណើរការជិត ២០ ឆ្នាំមកនេះ។

បន្ថែមពីនេះ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនទើបតែបានបញ្ចេញផលិតផលថ្មីលើទីផ្សារគឺនំបំពង់ដែលមាន ២ រសជាតិ គឺរសជាតិសូកូឡា និងរសជាតិទីរ៉ាមីស៊ុ។ ការបង្កើតផលិតផលថ្មីនេះគឺធ្វើឡើងបន្ទាប់ពីសង្កេតឃើញថា ពួកនំបំពង់នាំចូលពីបរទេសមានការគាំទ្រច្រើន ទើបក្រុមហ៊ុនចង់ផលិតជារបស់ខ្មែរ ដើម្បីឲ្យប្រជាជនអាចងាកមកគាំទ្រផលិតផលក្នុងស្រុកវិញ។
នៅកម្មវិធីពិព័រណ៍ផលិតផលខ្មែរនៅមជ្ឈមណ្ឌលកោះពេជ្ររយៈពេល ៤ ថ្ងៃ គឺចាប់ពីថ្ងៃទី ៩ ដល់ទី ១២ ខែមេសាឆ្នាំ ២០២៦ កញ្ញាក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរមកចូលរួមគាំទ្រផលិតផលខ្មែរទាំងអស់គ្នា ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ៕



-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


