Connect with us

ព័ត៌មានជាតិ

ទូតថ្មីសិង្ហបុរីសន្យាពូនជ្រុំចំណងទាក់ទងកម្ពុជានិងប្រទេសរបស់លោកឱ្យកាន់រីកចម្រើន ក្នុងពេលប្រគល់សារតាំងជូនប្រមុខរដ្ឋស្ដីទី

បានផុស

នៅ

លោក ផាង ឈីវី (Pang Chee Wee) នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦នេះ បានចូលប្រគល់សារតាំងជាឯកអគ្គរដ្ឋទូតថ្មីរបស់សិង្ហបុរីប្រចាំកម្ពុជាជូនចំពោះប្រមុខរដ្ឋស្ដីទី សម្ដេចតេជោ ហ៊ុន សែន នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា។ ក្នុងឱកាសនោះ លោកឯកអគ្គរដ្ឋទូតថ្មីរូបនេះ សន្យាថា លោកនឹងខិតខំពូនជ្រុំចំណងទាក់ទងរវាងកម្ពុជា និងសិង្ហបុរីឱ្យកាន់តែរីកចម្រើន ដោយសង្កត់ធ្ងន់លើការពង្រីកទំនាក់ទំនងទការទូត នយោបាយ ពាណិជ្ជកម្ម សេដ្ឋកិច្ច វិនិយោគ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ផាង ឈីវី លើកឡើងថា ក្នុងអាណត្តិរបស់លោកជាឯកអគ្គរដ្ឋទូត នឹងខិតខំប្រឹងប្រែងកៀងគរអ្នកវិនិយោគសិង្ហបុរីឱ្យមកវិនិយោគនៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត។ លោក ក៏បញ្ជាក់ពីការប្ដេជ្ញាចិត្តខិតខំប្រឹងប្រែងក្នុងការពង្រីកលើផ្នែកទំនាក់ទំនងរវាងប្រជាជននិងប្រជាជនឱ្យកាន់តែមានភាពស្អិតល្មួតតាមរយៈបង្កើតនូវផ្នែកទេសចរណ៍ឱ្យប្រជាជនប្រទេសទាំងពីរធ្វើទស្សនាទៅវិញទៅមកកាន់តែច្រើនថែមទៀតផងដែរ។

លោកឯកអគ្គរដ្ឋទូត ក៏បានគូសរំលេចពីទំនាក់ទំនងជាយូរអង្វែងរវាងកម្ពុជា និងសិង្ហបុរី ដែលកាលពីឆ្នាំ២០២៥កន្លងទៅ ប្រទេសទាំងពីរបានប្រារព្ធខួប៦០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតផ្លូវការជាមួយគ្នា ហើយការផ្លាស់ប្ដូរនៃដំណើរទស្សនកិច្ចទៅវិញទៅមករវាងថ្នាក់ដឹកនាំកំពូលប្រទេសទាំងពីរ ដែលនេះគឺបានបង្ហាញយ៉ាងច្បាស់អំពីទំនាក់ទំនងដ៏រឹងមាំរវាងកម្ពុជា និងសិង្ហបុរី។

សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា បានសម្ដែងនូវការពេញចិត្តចំពោះការលើកឡើងរបស់លោកឯកអគ្គរដ្ឋទូតថ្មី ចំពោះការប្ដេជ្ញាចិត្តក្នុងការពង្រីកទំនាក់ទំនងរវាងកម្ពុជា-សិង្ហបុរី ឱ្យកាន់តែរីកចម្រើន។ សម្ដេចតេជោ បានឯកភាពនូវការលើកឡើងរបស់លោក ផាង ឈីវី ចំពោះការផ្លាស់ប្ដូរនៃទស្សនកិច្ចជាញឹកញាប់រវាងថ្នាក់ដឹកនាំប្រទេសទាំងពីរ ដែលបង្ហាញយ៉ាងច្បាស់អំពីចំណងមិត្តភាពដ៏រឹងមាំនៃប្រទេសទាំងពីរ។

ក្នុងជំនួបនោះ សម្ដេចតេជោក៏បានឆ្លៀតលើកឡើងពីបញ្ហាព្រំដែនរវាងកម្ពុជានិងថៃ ហើយក៏អរគុណចំពោះសិង្ហបុរី ដែលបានចូលរួមចំណែក ជាពិសេសការបញ្ជូនអ្នកសង្កេតការណ៍ក្នុងការអង្កេតទៅលើបញ្ហាព្រំដែននេះ។

សម្ដេចតេជោ បានគូសបញ្ជាក់ទៅកាន់ឯកអគ្គរដ្ឋទូតរបស់សិង្ហបុរីនូវជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ គឺការរក្សានូវបទឈប់បាញ់ឱ្យមានប្រសិទ្ធភាពយូរអង្វែង ហើយកម្ពុជានៅតែរក្សាចំហ ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈការចរចា ក្នុងយន្តការដែលមានស្រាប់រវាងប្រទេសទាំងពីរ នាពេលកន្លងមក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម