ព័ត៌មានជាតិ
«ព្រះម៉ែធរណី» និមិត្តរូបនៃអំណាចផែនដី និងសច្ចៈធម៌ គ្រោងប្រតិស្ឋាននៅសួនថ្មីបឹងស្នោ ក្រុងសំរោង
រូបសំណាក់ «ព្រះម៉ែធរណី» ដែលគ្រោងនឹងប្រតិស្ឋាននៅសួនថ្មីបឹងស្នោ ក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ កំពុងទទួលបានការចាប់អារម្មណ៍ពីសាធារណជនខ្មែរ ដោយសារព្រះនាងមិនត្រឹមតែជានិមិត្តរូបសាសនាដ៏ពិសិដ្ឋប៉ុណ្ណោះទេ ប៉ុន្តែក៏តំណាងឱ្យអត្ថន័យដ៏ជ្រាលជ្រៅទាក់ទងនឹងវប្បធម៌ និងសាសនាផងដែរ។

និមិត្តរូបដ៏មានតម្លៃផ្នែកជំនឿ និងវប្បធម៌ខ្មែរ “ព្រះម៉ែធរណី” ឬ “នាងគង្ហីង” នឹងយាងប្រតិស្ឋាននៅសួនថ្មីបឹងស្នោ ស្ថិតក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ ដើម្បីឱ្យប្រជាពលរដ្ឋ ពិសេសពុទ្ធបរិស័ទបានគោរពបូជាសុំសេចក្តីសុខ សិរីមង្គល និងភាពសម្បូរហូរហៀរ តាមជំនឿព្រះពុទ្ធសាសនា។
យោងតាមឯកសារប្រវត្តិដែលបានត្រួតពិនិត្យ និងអនុញ្ញាតឱ្យផ្សព្វផ្សាយដោយសម្តេចព្រះសង្ឃរាជ សម្តេចទាំង ១០ព្រះអង្គ ព្រមទាំងរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានបញ្ជាក់ថា ប្រវត្តិ និងរចនាបថរបស់ព្រះម៉ែធរណី ត្រូវបានសិក្សាយ៉ាងលម្អិតតាមក្បួនបុរាណខ្មែរ ដើម្បីធានាថា មានភាពត្រឹមត្រូវតាមរចនាបថខ្មែរ និងគោលការណ៍សាសនា។

បើតាមទេវកថារបស់ពុទ្ធសាសនា ព្រះម៉ែធរណី (Preah Mae Thorani) គឺជាអង្គទេវដ៏សំខាន់មួយក្នុងព្រះពុទ្ធសាសនាថេរវាទ ដែលផុសចេញពីក្រោមបល្ល័ង្គព្រះពុទ្ធគង់សមាធិ ក្នុងគ្រាដែលមារចង់ផ្ចាញ់ព្រះអង្គ បំណងរារាំងមិនឱ្យត្រាស់ដឹង។ ដោយអំណាចនៃបុណ្យ ព្រះម៉ែធរណីបង្ហាញព្រះកាយតាមក្តីបំណងព្រះពុទ្ធឱ្យយាងជាសាក្សី គ្រានោះព្រះនាងបានច្បូតព្រះកេសាបង្កើតជាទឹកដ៏មហិមា ហូរជន់លិចកងមារ ឱ្យចុះចាញ់ និងក្រាបថ្វាយបង្គំព្រះពុទ្ធ។ ក្រោយមក ព្រះពុទ្ធក៏បន្តសមាធិរហូតបានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធ។
ក្នុងន័យនេះ ចង់សំដៅដល់អត្ថន័យសំខាន់ៗ ៤ រួមមាន៖
– សាក្សីនៃការត្រាស់ដឹងរបស់ព្រះពុទ្ធ
ព្រះម៉ែធរណី ត្រូវបានព្រះសម្មាសម្ពុទ្ធកោះហៅឱ្យធ្វើជាសាក្សីនៃបុណ្យបារមី និងអំពើល្អរបស់ព្រះអង្គ នៅពេលដែលព្រះអង្គកំពុងប្រឈមមុខនឹងក្រុមមារ ដែលព្យាយាមរារាំងមិនឱ្យព្រះអង្គត្រាស់ដឹង។ ការបង្ហាញវត្តមានរបស់ព្រះនាង បានក្លាយជាសញ្ញានៃសច្ចៈធម៌ និងជ័យជម្នះនៃគុណធម៌លើអំពើអាក្រក់។
– កម្ចាត់មារ
តាមទេវកថាព្រះពុទ្ធសាសនា ព្រះម៉ែធរណីបានផុសចេញពីក្រោមបល្ល័ង្ក ហើយច្បូតព្រះកេសារបស់ព្រះនាង បង្កើតជាទឹកដ៏ច្រើនលិចលង់កងមារឱ្យចុះចាញ់ និងក្រាបថ្វាយបង្គំព្រះពុទ្ធវិញ។ បន្ទាប់មក ព្រះពុទ្ធក៏បន្តធ្វើសមាធិរហូតបានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធ។ ហេតុការណ៍នេះ ត្រូវបានចាត់ទុកថា ជានិមិត្តរូបនៃអំណាចបុណ្យបារមី និងសេចក្តីពិតដែលអាចយកឈ្នះលើអំពើអាក្រក់ទាំងឡាយ។
– និមិត្តរូបនៃអំណាចផែនដី និងភាពពិសិដ្ឋ
ព្រះម៉ែធរណី ត្រូវបានគេចាត់ទុកជានិមិត្តរូបនៃអំណាចផែនដី ភាពឧត្តុង្គឧត្តម និងភាពជាស្ត្រីដ៏ពិសិដ្ឋ។ រូបចម្លាក់ និងទីសក្ការៈរបស់ព្រះនាង តែងត្រូវបានគេគោរពថាជាសក្ខីភាពបញ្ជាក់ពីគុណធម៌របស់ព្រះពុទ្ធ និងការភ្ជាប់ទំនាក់ទំនងរវាងសត្វលោក ធម្មជាតិ និងសកលលោកទាំងមូល។ គោលគំនិតនេះ ក៏ស្របទៅនឹងទស្សនៈព្រះពុទ្ធសាសនាអំពី “ប្រភពដើមអាស្រ័យ” ដែលបង្ហាញថា អ្វីៗទាំងអស់សុទ្ធតែពឹងផ្អែក និងមានឥទ្ធិពលលើគ្នាទៅវិញទៅមក។
– ទេពធីតានៃភាពសម្បូរហូរហៀរ (បរិបូណ៌)
ក្រៅពីតួនាទីជាសាក្សីនៃការត្រាស់ដឹងរបស់ព្រះពុទ្ធ ព្រះម៉ែធរណីក៏ត្រូវបានប្រជាពលរដ្ឋគោរពបូជាជាទេពធីតា នៃភាពសម្បូរបែប បរិបូណ៌ ជោគជ័យ និងសេចក្តីសុខសាន្ត។ ព្រះនាងតំណាងឱ្យថាមពលនៃផែនដី ការលះបង់ និងការរស់នៅដោយសុខដុមរមនា ដែលបន្តបំផុសគំនិតដល់មនុស្សក្នុងសង្គមឱ្យប្រព្រឹត្តអំពើល្អ និងថែរក្សាភាពសុខដុមរមនារវាងមនុស្ស និងធម្មជាតិ។
ដូច្នេះការប្រតិស្ឋានរូបសំណាកព្រះម៉ែធរណី នៅសួនថ្មីបឹងស្នោ នៃក្រុងសំរោង ត្រូវបានគេរំពឹងថា នឹងក្លាយជានិមិត្តរូប និងភាពទាក់ទាញថ្មីមួយទៀតសម្រាប់ប្រជាពលរដ្ឋក្នុងខេត្តឧត្តរមានជ័យ៕


-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


