Connect with us

ព័ត៌មានជាតិ

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនពលរដ្ឋជាង ៤ពាន់នាក់ក្នុងស្រុកដងទង់ ខេត្តកំពត

បានផុស

នៅ

នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានចុះរៀបចំកម្មវិធីអប់រំសុខភាព ពិនិត្យ និងព្យាបាលជំងឺទូទៅដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្នុងស្រុកដងទង់ប្រមាណជាង ៤ពាន់នាក់ ដែលពិធីនេះបានធ្វើឡើងនៅក្នុងវិទ្យាល័យ ហ៊ុន សែន ដងទង់ ស្ថិតក្នុងឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មានមតិសំណេះសំណាលនាឱកាសនោះ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត តំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ក៏បានពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ពិសេសឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី ជូនដល់បងប្អូនប្រជាពលរដ្ឋដែលបានមកទទួលការព្យាបាលនាពេលនេះ។

លោក ម៉ៅ ធនិន អភិបាលខេត្តកំពតលើកឡើងថា បច្ចុប្បន្នសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តែងតែគិតគូរសុខទុក្ខ ចំពោះសុខមាលភាព និងការរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង និងតែងតែបង្កលក្ខណៈងាយស្រួលក្នុងការព្យាបាលជំងឺជូនប្រជាពលរដ្ឋ ព្រមទាំងបញ្ជូនប្រជាពលរដ្ឋដែលមានករណីធ្ងន់ធ្ងរទៅព្យាបាលនៅតាមមន្ទីរពេទ្យធំៗក្នុងរាជធានីភ្នំពេញ ក្រោមការជួយឧបត្ថម្ភទាំងស្រុងពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ។

ជាមួយនោះលោក ម៉ៅ ធនិន អភិបាលខេត្តកំពតក៏បានលើកឡើងដោយគូសបញ្ជាក់ថា គោលបំណងសំខាន់របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត គឺរួមចំណែកជាមួយស្ថាប័នជាតិ ជាពិសេសក្រសួងសុខាភិបាល ដើម្បីផ្ដល់សេវាសុខភាពជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងមិនប្រកាន់ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ។ រួមចំណែកជាមួយរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ តាមរយៈសកម្មភាពផ្ដល់សេវាសុខភាពជូនប្រជាពលរដ្ឋក្រីក្រដល់ទីកន្លែង ជាពិសេសតាមទីជនបទដាច់ស្រយាលនានា។

ជាងនេះក្រុមការងារគ្រូពេទ្យស័្មគ្រចិត្ត ឯកឧត្តម ហ៊ុន​ ម៉ានី បានផ្តល់ការបណ្ដុះបណ្តាលធនធានមនុស្សក្នុងវិស័យសុខាភិបាល ក៏ដូចជាផ្តល់ជូនប្អូនៗនិសិ្សត និងយុវជនស្ម័គ្រចិត្តដទៃទៀតឱ្យបានចូលរួមចំណែកបម្រើការងារមនុស្សធម៌ក្នុងសង្គមផងដែរ។

លោកវេជ្ជបណ្ឌិត ឡេង ផល្លី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស័្មគ្រចិត្ត ឯកឧត្តម ហ៊ុន​ ម៉ានី បានបញ្ជាក់ថា ក្រោមការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត បានធ្វើការចុះរៀបចំកម្មវិធីអប់រំ ពិនិត្យ ព្យាបាលដោយឥតគិតថ្លៃជូនពលរដ្ឋក្នុងស្រុកដងទង់ប្រមាណជាង ៤ពាន់នាក់ ហើយក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះមកពិនិត្យ ព្យាបាលនាឱកាសនេះមានប្រមាណ ៧៨០នាក់ ដែលមានក្រុមគ្រូពេទ្យមកពីបណ្តាមន្ទីរពេទ្យល្បីៗក្នុងរាជធានីភ្នំពេញ និងសិស្សនិស្សិតស្ម័គ្រចិត្តដែលបាននិងកំពុងសិក្សាវិជ្ជាជីវៈគ្រូពេទ្យ។

លោកវេជ្ជបណ្ឌិត ឡេង ផល្លី បានបន្តថា បងប្អូនប្រជារដ្ឋអាចពិនិត្យ និងព្យាបាលអាការៈរោគជាមួយក្រុមគ្រូពេទ្យនៅទីនេះបាន តែក្នុងករណីក្រុមគ្រូពេទ្យរកឃើញថា បងប្អូនមានអាការៈ ឬជំងឺដែលត្រូវទៅព្យាបាលនៅរាជធានីភ្នំពេញ នោះក្រុមការងាររបស់គ្រូពេទ្យ នឹងរៀបចំបញ្ជូនទៅកាន់មន្ទីរពេទ្យជំនាញនៅឯរាជធានីភ្នំពេញ ក្រោមការឧបត្ថម្ភដោយផ្ទាល់ពីលោកឧបនាយករដ្ឋមន្ត្រី ពិសេសគឺសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត  ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែតផងដែរ៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម