Connect with us

ព័ត៌មានជាតិ

​ចាយពេលជាង ៣០ ឆ្នាំ ​ផ្នែក​ណា​ខ្លះ​នៃ​ប្រាសាទ​បាយ័ន​​កំពុងបន្ត​ជួសជុល និង​បាន​ជួសជុល​បញ្ចប់ទាំងស្រុង?

បានផុស

នៅ

តាមរយៈ​កិច្ចសហការ​ជាមួយ​ស្ថាប័ន​ប្រទេស​ជប៉ុន ប្រាសាទ​បាយ័ន​បាន​ទទួលការ​យកចិត្ត​ទុកដាក់​ក្នុង​ការ​ជួស​ជុល​និង​អភិរក្ស​តាំងពី​ឆ្នាំ ១៩៩៣ មក។

ស្រប​ពេល​ដែល​រមណីយដ្ឋាន​អង្គរ ត្រូវ​បាន​ដាក់បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ប្រទេស​ជប៉ុន ដែល​ជា​សហ​ប្រធាន​នៃ​អង្គការ​យូណេស្កូ គឺ​ជា​ប្រទេស​ដំបូង​គេ​ដែល​បាន​មកជួយ​ធ្វើការ​ស្រាវជ្រាវ និង​ជួសជុល​នៅ​ប្រាសាទ​បាយ័ន​ក្នុង​រយៈ​ពេល​ជាង ៣០ ឆ្នាំ​មក​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សោម សុផារ៉ាត់ ប្រធាននាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា​នៃ​អាជ្ញាធរ​ជាតិ​អប្សរា

លោក សោម សុផារ៉ាត់ ប្រធាននាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​គូស​បញ្ជាក់​ថា តាមរយៈ​កិច្ច​សហការ​គ្នា​នេះ ក្រុម​ការងារ​បាន​បញ្ចប់​ការ​ជួសជុល​បណ្ណាល័យ​ខាងជើង​មុន​គេ ដែល​បាន​ចំណាយ​ពេល​ដល់​ទៅ ១០ ឆ្នាំ និង​ថវិកា​ប្រមាណ ១០ លាន​ដុល្លារ ខណៈ​ការងារបន្ត​​កំពុង​​ជួស​ជុល​បណ្ណាល័យ​ខាងត្បូង និង​ផ្នែក​ជា​ច្រើន​ទៀត​ជាបន្តបន្ទាប់។

លោក​ សោម សុផារ៉ាត់ បន្ត​ថា សព្វថ្ងៃ​ដោយសារ​មាន​កិច្ចសហការ​ពិសេស​មួយ​ទៀត​រវាង​សាកលវិទ្យាល័យ​វ៉ាសេដា​ពី​ប្រទេស​ជប៉ុន និង​អាជ្ញាធរ​ជាតិ​អប្សរា ក្រុមការងារ​បាន​កំពុង​ធ្វើការ​ពង្រឹង​តួប៉ម​កណ្តាល​ជាន់​ទី​ ៣ ដែល​បាន​បិទ​អស់​រយៈ​ពេល​ជាង ៣០​​​ ឆ្នាំ រួម​ទាំង​តួប៉ម​ទាំង ៨ ជុំវិញ និង​កម្រាល​បង្កាន់​ដៃ​នាគ​នៅ​ផ្នែក​ខាងក្រោម​ និង​ប្រាង្គ​អម​ផ្សេងៗ​ទៀត។

បើតាមមន្រ្តីជំនាញអាជ្ញាធរជាតិអប្សរា ដោយសារ​ប្រាសាទ​មាន​ការខូចខាត​ច្រើន ទីតាំង​ផ្សេងៗ​ត្រូវ​បាន​បែងចែក​ជួសជុល​ទៅតាម​កម្រិត​ហានិភ័យ​ជា​ផ្នែក​ម្តង​បន្តិចៗ​ជា​រៀង​រាល់​ឆ្នាំ។

លោក សោម សុផារ៉ាត់ បាន​អះអាង​ថា កិច្ចការជួសជុល​និង​​អភិរក្សត្រូវ​បាន​ចាត់​ទុក​ថា​ជាការងារ​ដែលធ្វើ​​គ្មាន​ថ្ងៃ​បញ្ចប់ ពោល​គឺ​ត្រូវ​ធ្វើជា​បន្តបន្ទាប់​ពី​​មួយជំនាន់​​ទៅ​មួយ​ជំនាន់​ ដើម្បី​ធានា​ស្ថិរភាព​ប្រាសាទ​ដែល​មាន​អាយុកាល​រាប់​ពាន់​ឆ្នាំ​នេះ​សម្រាប់បន្ត​ដល់​​កូន​ចៅ​ជំនាន់​ក្រោយ។

យ៉ាងណាមិញ មន្រ្តី​បច្ចេកទេស​អាជ្ញាធរ​អប្សរា​បាន​គូស​បញ្ជាក់​ថា គ្រប់​សកម្មភាព​ជួសជុល​ទាំង​អស់​គឺ​តែងតែ​គោរពតាមអនុសាសន៍របស់អ្នកជំនាញការ ICC យ៉ាងខ្ជាប់ខ្ជួនជានិច្ច។

ពាក់ព័ន្ធ​ដំណើរការ​ជួសជុលនៅ​ប្រាសាទ​បាយ័ន លោក សោម សុផារ៉ាត់ បាន​បញ្ជាក់ថា ជា​ចក្ខុវិស័យ​អាជ្ញាធរ​រំពឹង​ថា​នឹង​បើក​ឲ្យ​ភ្ញៀវ​ទេសចរ​អាច​ចូល​ទស្សនា​នៅទីតាំង​ ដែលបាន​​ជួសជុលរួច​​​ក្នុងពេលឆាប់ៗឬអាច​នៅ​ឆ្នាំនេះ​ក្រោយ​ការ​ងារ​រួចរាល់​ទាំងស្រុង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម