Connect with us

ព័ត៌មានជាតិ

ក្រៅ​ពី​ទស្សនា​ប្រាសាទ​បុរាណ តើទេសចរ​​អាច​កម្សាន្តអ្វីខ្លះថែម​ទៀត​ នៅក្នុងបរិវេណតំបន់អង្គរ?

បានផុស

នៅ

នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ក្រៅ​ពី​ប្រាសាទ​អាយុ​រាប់​ពាន់​ឆ្នាំ​ជា​គោលដៅ​ដែល​ទេសចរ​ចង់​មក​ទស្សនា អាជ្ញាធរ​ក៏​បាន​រៀបចំ​សេវាកម្ម​មួយ​ចំនួន​ទៀត​ដើម្បី​បង្កើត​ឲ្យ​មាន​ផលិតផល​កាន់​តែ​សំបូរ​បែប​ផ្តល់​ជម្រើស​សម្រាប់​ភ្ញៀវមក​​​កម្សាន្ត។

លោក ទេស សុធី អនុ​ប្រធាននាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍ និង​វប្បធម៌​នៃអាជ្ញាធរជាតិ​អប្សរា​បាន​គូស​បញ្ជាក់​ថា នៅ​តំបន់​រមណីយដ្ឋាន​អង្គរ ក្រៅ​ពី​ប្រាសាទ​ជា​គោលដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ​សំខាន់ នៅ​មាន​ផលិតផល​ទេសចរណ៍​ជាច្រើន​ទៀត​ ដែល​​ភ្ញៀវ​ទេសចរអាចជ្រើសរើស​បង្កើន​ការ​កម្សាន្ត​បន្ថែម។

លោក​បានលើកឡើងផលិតផលទេសចរណ៍ទាំង​នោះ​មាន​​ដូចជា ការ​ជិះ​កង់ ជិះ​ទូក ជិះ​ទោង និង​ជិះ​ខ្សែរ៉ត (Zipline) មើលព្រៃព្រឹក្សា ដើម្បីទទួលបាន​បទពិសោធន៍ហោះហើរឆ្លងកាត់ព្រៃធម្មជាតិ និងដើមឈើធំៗនៅក្នុងតំបន់ឧទ្យានអង្គរ។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅ​ក្លោង​ទ្វារ​ទន្លេ​អ៊ុំ​​​ភ្ញៀវទេសចរ​ក៏អាចជួល​សេវាកម្ម​ជិះ​ទូក​កម្សាន្ត ហើយអាច​ទទួល​ទាន​អាហារ​ប៊ូហ្វេ​នៅ​លើ​ទូក​នោះ​បាន​ផង​ដែរ។

នៅ​ពេល​រាត្រី ភ្ញៀវទេសចរ​អាច​រៀបចំ​កម្មវិធី​អាហារពេលល្ងាច​ អមដោយការ​ទស្សនា​របាំ​ផ្សេងៗ​នៅ​ទីតាំង​ប្រាសាទ​ធម្មនន្ទ និង​ប្រាសាទ​ក្រវ៉ាន់ ហើយក៏​អាច​​រៀបចំ​នៅ​ប្រាសាទ​អង្គរវត្ត ឬ​ប្រាសាទ​បាយ័នសម្រាប់​កម្មវិធីខ្នាត​ធំ​ ឬ​កម្រិត​ជាតិ។

ពាក់ព័ន្ធកិច្ចការអភិវឌ្ឍនៅតំបន់​រមណីយដ្ឋាន​​អង្គរ ដែល​ត្រូវ​បាន​ចុះ​បញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោករបស់អង្គការ​យូណេស្កូ លោក ទេស សុធី បាន​គូស​បញ្ជាក់​ថា អាជ្ញាធរ​​បាន​ខិតខំ​កែលម្អ​តំបន់​រមណីយដ្ឋាន​អង្គរ​ទាំង​ផ្នែក​បរិស្ថាន ការ​រៀបចំ​សណ្តាប់​ធ្នាប់ និង​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មីៗ​បន្ថែម​ទៀត ជាផ្នែកមួយក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ឱ្យមកទស្សនាកើនឡើង។

អាជ្ញាធរ​បាន​រៀបចំ​ការិយាល័យ​បាត់បង់និង​រកឃើញ (Lost and Found) នៅ​ខាងមុខ​ប្រាសាទ​អង្គរវត្ត និង​ខាង​លិច​ប្រាសាទ​បាយ័ន សម្រាប់រក្សាទុកឬស្វែងរក​របស់របរដែលបាត់បង់។ ការិយាល័យនេះ​មាន​ការ​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ប៉ូលិសទេសចរណ៍ ដើម្បីជួយ​ដោះស្រាយ​បញ្ហាជូន​ភ្ញៀវ​ទេសចរ។

នៅ​តាម​​ប្រាសាទ​មួយ​ចំនួន​ដូចជា​​ប្រាសាទ​អង្គរវត្ត អាជ្ញាធរ​បាន​រៀបចំ​​កៅអី​ឈើ​នៅក្រោម​ដើមឈើ​ ដើម្បី​ផ្តល់ភាព​ងាយស្រួល​ដល់​ភ្ញៀវ​ទេសចរ​ក្នុងកា​រអង្គុយ​សម្រាក បន្ទាប់​ពីការ​ដើរទស្សនា​ហត់​នឿយ​។

បន្ថែម​ពីនេះ ក្រុមការងារក៏​បាន​ខិតខំ​​បង្កើតនូវ​ផលិតផល​ថ្មីៗ​បន្ថែម​ទៀត ដូចជា​រៀបចំ​ផ្លូវ​ជិះកង់​នៅ​ជុំវិញ​ប្រាសាទ និង​ផ្លូវ​កាត់​ក្នុង​ព្រៃ​ដែល​មានប្រវែងជាង ៣ គីឡូម៉ែត្រ ពី​ប្រាសាទ​តានៃឆ្ពោះទៅកាន់ប្រាសាទព្រះខ័ន សម្រាប់ភ្ញៀវទេសចរដែលចូលចិត្តការផ្សងព្រេង។

​នៅ​បារាយណ៍​ប្រាសាទ​នាគព័ន្ធ ​មាន​បង្កើត​សេវាកម្ម​ជិះ​ទូក​កម្សាន្ត​ពី​សហគមន៍ ដើម្បី​ឱ្យអ្នក​ភូមិ​អាច​ទទួល​បាន​ប្រាក់ចំណូល​ពីវិស័យទេសចរណ៍ដោយផ្ទាល់ ដែលនេះជា​ការរួមចំណែក​ដ៏សំខាន់​ក្នុង​ការ​លើក​ស្ទួយ​ជីវភាព និង​សេដ្ឋកិច្ចរបស់​សហគមន៍​ក្នុង​ស្រុក។

លោក ទេស សុធី ​បញ្ជាក់​ថា រាល់ការ​រៀបចំ​​សេវាកម្ម​ទេសចរណ៍បន្ថែម​នៅ​​ក្នុង​បរិវេណរមណីយដ្ឋានអង្គរ ​​មានការ​សិក្សា​យ៉ាង​ច្បាស់លាស់​​ទៅ​លើ​ទីតាំង​នីមួយៗ ដើម្បី​វាយ​តម្លៃ​ពី​ផល​ប៉ះពាល់​ទៅលើ​ប្រាសាទ និង​កំណត់​ចំនួន​ភ្ញៀវ​ទេសចរ​ឲ្យ​បាន​ត្រឹមត្រូវ ខណៈ​ដំណើរការ​រៀបចំទៀត​សោត ក៏​ត្រូវ​ឆ្លងកាត់​ការ​ពិគ្រោះ​យោបល់​ជាមួយ​អ្នក​ជំនាញ​បរទេស ដើម្បី​ស្នើ​សុំ​មតិ​យោបល់និង​ធានា​ថា​ការរៀបចំ​សកម្មភាព​​ទេសចរណ៍​ទាំងនេះ អាច​ជួយ​កាត់បន្ថយ​ផល​ប៉ះពាល់​ដល់​ប្រាសាទ​ឲ្យ​នៅ​កម្រិត​ទាប​បំផុត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម