ព័ត៌មានជាតិ
ទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងមន្ទីរពេទ្យមួយក្នុងទីក្រុងសេអ៊ូល ចុះMOU ដើម្បីពលរដ្ឋខ្មែរទទួលបានការថែទាំសុខភាពដ៏ល្អ
លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) រវាងស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងមន្ទីរពេទ្យ Soonchunhyang University Hospital (SUH) នៅមន្ទីរពេទ្យ Soonchunhyang ក្នុងទីក្រុងសេអ៊ូល។

អនុស្សរណៈយោគយល់គ្នា (MoU) នេះ ធ្វើឡើងនាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ក្នុងគោលបំណងធានាថា ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងរស់នៅប្រទេសកូរ៉េ អាចទទួលបានសេវាថែទាំសុខភាពដ៏ល្អ ក្នុងតម្លៃសមរម្យក្នុងប្រទេសកូរ៉េ និងជាយន្តការមួយសម្រាប់ស្ថាប័នទាំងពីរបន្តសហការធ្វើការរួមគ្នាក្នុងនាមជាអ្នកជិតខាង និងជាដៃគូដ៏ជិតស្និត ក្នុងបេសកកម្មមនុស្សធម៌ដើម្បីបំរើដល់ផលប្រយោជន៍របស់ប្រជាជនកម្ពុជាទាំងនៅក្នុងប្រទេសកម្ពុជា និងនៅប្រទេសកូរ៉េនេះ។
ថ្លែងក្នុងសុន្ទរកថាបើកកម្មវិធី លោកវេជ្ជបណ្ឌិត Suh You-Sung នាយកមន្ទីរពេទ្យ Soonchunhyang បានមានប្រសាសន៍ថា មន្ទីរពេទ្យ Soonchunhyang បានចាប់ផ្តើមបេសកកម្មរបស់ខ្លួនក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ ២០០២។ ក្នុងរយៈពេល ២៤ឆ្នាំកន្លងទៅនេះ មន្ទីរពេទ្យបានចូលរួមចំណែកយ៉ាងច្រើនក្នុងការកសាងនូវហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលក្នុងប្រទេសកម្ពុជា រួមមានការកសាងមន្ទីរពេទ្យ ការបញ្ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្ត បណ្តុះបណ្តាលក្រុមគ្រូពេទ្យកម្ពុជា និងផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ជាដើម។ លោកបន្តថា លោកនឹងខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការជួយដល់ប្រទេសកម្ពុជាលើវិស័យសុខាភិបាល ពិសេសការបណ្តុះធនធានមនុស្សដើម្បីជាទុនដ៏រឹងមាំក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលក្នុងប្រទេសកម្ពុជា។

ចំណែក លោកឯកអគ្គរាជទូត បានថ្លែងអំណរគុណចំពោះក្រុមគ្រួសារមន្ទីរ Soonchunhyang ដែលជានិច្ចជាកាលតែងតែចូលរួមជាមួយស្ថានទូតក្នុងសកម្មភាពមនុស្សធម៌ជាច្រើន ទាំងនៅប្រទេសកម្ពុជា និងកូរ៉េ ដូចជា ឧបត្ថម្ភថ្នាំពេទ្យ និងសម្ភារៈប្រើប្រាស់ជូនដល់ជនភៀសសឹក មណ្ឌលកុមារកំព្រា និងមន្ទីរពេទ្យក្នុងប្រទេសកម្ពុជា និងផ្តល់ការពិនិត្យសុខភាពដោយឥតគិតថ្លៃជូនបងប្អូនប្រជាជនខ្មែរនៅកម្ពុជា ក៏ដូចជាតាមតំបន់នានាក្នុងប្រទេសកូរ៉េ ជាដើម។
លោក ឃួន ផុនរតនៈ ជឿជាក់ថា តាមរយៈការចុះMOU នេះ ស្ថាប័នទាំងពីរនឹងអាចបង្កើនកិច្ចសហការកាន់តែជិតស្និតបន្ថែមទៀត លើគម្រោងមនុស្សធម៌ផ្សេងទៀតនាពេលខាងមុខ សម្រាប់ជាប្រយោជន៍ដល់ប្រជាជនទាំងពីរប្រទេស៕



-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


