ព័ត៌មានជាតិ
សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាទួលគោក ដាក់ដំណើរការគម្រោង «សុខភាពសហគមន៍ខ្ញុំ» នៅសហគមន៍បឹងត្របែក
សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាទួលគោក (JCI Toul Kork) បានដាក់ដំណើរការគម្រោងដ៏ថ្មីស្រឡាងមួយក្នុងឆ្នាំ ២០២៦នេះ ដែលឈ្មោះថា «សុខភាពសហគមន៍ខ្ញុំ» (My Community Health) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ នៅបរិវេណសហគមន៍បឹងត្របែក រាជធានីភ្នំពេញ។ នេះបើតាមលិខិតជូនដំណឹងរបស់សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាទួលគោក។

បើតាមសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាទួលគោក គម្រោង «សុខភាពសហគមន៍ខ្ញុំ» ត្រូវបានបង្កើតឡើងក្នុងគោលបំណងចូលរួមចំណែកជំរុញដល់ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៦ (SDG 6) របស់អង្គការសហប្រជាជាតិ ដែលផ្តោតលើ «ទឹកស្អាត និងអនាម័យ» ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋក្នុងសហគមន៍។
សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាទួលគោក បានបញ្ជាក់ថា តាមរយៈការចុះសិក្សាជាក់ស្តែងរបស់ JCI Toul Kork បានរកឃើញថា ប្រជាពលរដ្ឋក្នុង សហគមន៍បឹងត្របែក កំពុងប្រឈមមុខនឹងបញ្ហាកង្វះខាតទឹកស្អាតសម្រាប់បរិភោគ កង្វះការយល់ដឹងពីការទុកដាក់ទឹក និងអនាម័យ ដែលជាប្រភពនៃការកកើតសត្វល្អិតចង្រៃ និងជំងឺតម្កាត់ផ្សេងៗ រួមទាំងបន្ទុកចំណាយខ្ពស់លើការប្រើប្រាស់ទឹកប្រចាំថ្ងៃ។

ដើម្បីដោះស្រាយបញ្ហាទាំងនេះ ក្រោមការដឹកនាំរបស់ កញ្ញា អាន ស្រីនិច្ច (Ms. Ann Sreynich) ដែលជាប្រធានគម្រោង គឺផ្តោតលើសកម្មភាពយុទ្ធសាស្ត្រសំខាន់ៗចំនួន ៣ រួមមាន៖
- ការលើកកម្ពស់ការយល់ដឹងអំពីទឹកស្អាត អនាម័យ និងសុខភាព៖ មានរៀបចំសិក្ខាសាលា និងការពិភាក្សាដោយមានការចូលរួមពីវេជ្ជបណ្ឌិត និងអ្នកជំនាញ ដើម្បីផ្លាស់ប្តូរទម្លាប់ និងបង្កើនការយល់ដឹងអំពីការរស់នៅស្អាត និងការបរិភោគទឹកស្អាត។
- ដំណោះស្រាយទឹកស្អាតប្រកបដោយចីរភាព៖ ការដំឡើងទូចម្រោះទឹកស្អាតចំនួន ១ និងផ្គត់ផ្គង់ទឹកស្អាតនៅក្នុងសហគមន៍ ដើម្បីផ្តល់លទ្ធភាពឱ្យក្រុមគ្រួសារងាយរងគ្រោះទទួលបានទឹកបរិភោគប្រកបដោយសុវត្ថិភាព និងកាត់បន្ថយការចំណាយ។
- ការចែកសម្ភារៈអនាម័យចាំបាច់:ចែកជូនសាប៊ូ ថ្នាំដុសធ្មេញ ច្រាសដុសធ្មេញ និងដបទឹកស្អាតដល់គ្រួសារនីមួយៗ ដើម្បីអនុវត្តអនាម័យក្នុងជីវភាពប្រចាំថ្ងៃ។
កញ្ញា អាន ស្រីនិច្ច ដែលជាប្រធានគម្រោងបានគូសបញ្ជាក់ថា «បេសកកម្មរបស់យើង គឺចង់ផ្តល់នូវមធ្យោបាយដ៏ងាយស្រួលដល់ប្រជាពលរដ្ឋក្នុងសហគមន៍ឱ្យទទួលបានទឹកស្អាតសម្រាប់ទទួលទាន និងជំរុញឱ្យពួកគាត់យកចិត្តទុកដាក់លើអនាម័យផ្ទាល់ខ្លួន។ ក្នុងឆ្នាំដំបូងនៃការអនុវត្តគម្រោងនេះ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាទួលគោក រំពឹងថានឹងអាចជួយឱ្យគ្រួសារចំនួនប្រហែល ៤៧០ ឱ្យមានជីរិតកាន់តែប្រសើរជាងមុន ស្របតាមទស្សនវិជ្ជាស្នូលរបស់យើងគឺ “អ្នកដឹកនាំវ័យក្មេងបង្កើតប្រវត្តិសាស្រ្ត»។

បច្ចុប្បន្ន គម្រោង “សុខភាពសហគមន៍ខ្ញុំ” កំពុងបើកយុទ្ធនាការរៃអង្គាសថវិកា និងស្វែងរកដៃគូសហការ ព្រមទាំងកញ្ចប់ឧបត្ថម្ភពីក្រុមហ៊ុន អាជីវកម្ម និងសប្បុរសជន ដើម្បីចូលរួមសម្រេចធ្វើឱ្យគម្រោងនេះលេចជារូបរាងឡើងបាន។ ជាមួយគ្នានេះ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាទួលគោក ក៏បានអំពាវនាវដល់ ដៃគូអភិវឌ្ឍន៍ និងសាធារណជនទាំងអស់ ចូលរួមគាំទ្រ និងផ្សព្វផ្សាយពីយុទ្ធនាការនេះ ដើម្បីរួមគ្នាកសាងសហគមន៍មួយដែលពោរពេញដោយសុខភាពល្អ និងក្តីសង្ឃឹម៕



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


