ព័ត៌មានជាតិ
អង្គការទស្សនៈពិភពលោកបញ្ចេញថវិកាជាង១២លានដុល្លារដើម្បីសម្រេចការគ្របដណ្តប់ទឹកស្អាត និងអនាម័យនៅឆ្នាំ២០៣០
អង្គការទស្សនៈពិភពលោក បញ្ចេញគម្រោងទឹកស្អាត និងអនាម័យ ដែលមានតម្លៃជាទឹកប្រាក់ទំហំ ១២,៣លានដុល្លារ ដែលផែនការនេះ គឺដើម្បីជួយបំពេញបន្ថែមដល់គោលដៅរបស់រាជរដ្ឋាភិបាល ដើម្បីសម្រេចឱ្យបានការគ្រប់ដណ្តប់ទឹកស្អាត និងអនាម័យទូទាំងប្រទេសនៅឆ្នាំ២០៣០។

ផែនការវិនិយោគរបស់អង្គការទស្សនៈពិភពលោកលើវិស័យទឹកស្អាត និងអនាម័យ ត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ សម្រាប់ឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០ ជាមួយនឹងបញ្ជាក់សារជាថ្មីរបស់អង្គការទស្សនៈពិភពលោកនូវការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរួមគ្នាស្របតាមអាទិភាពជាតិ។
ជាមួយនឹងការវិនិយោគដែលបានគ្រោងទុកក្នុងទំហំទឹកប្រាក់ជាង១២លានដុល្លារ អង្គការទស្សនៈពិភពលោក ថា កម្មវិធីនេះនឹងដំណើរការនៅក្នុងស្រុកចំនួន២៦ ដោយផ្តោតលើដំណោះស្រាយប្រកបដោយបរិយាបន្ន ធន់នឹងអាកាសធាតុ និងមាននិរន្តរភាព។ តាមអង្គការទស្សន:ពិភពលោក តាមរយៈគម្រោងខាងលើ នឹងពង្រីកប្រព័ន្ធបំពង់ទឹកស្អាត និងអនាម័យនៅស្រុកភ្នំស្រុក ក្នុងខេត្តបន្ទាយមានជ័យ ដើម្បីបម្រើដល់ពលរដ្ឋជាង ១៥ ០០០នាក់ បង្កើនការគ្របដណ្តប់ពី៧០% ទៅ ៩០% និងភ្ជាប់ទៅសាលារៀនចំនួន៤២ និងមណ្ឌលសុខភាពចំនួន៩។

ផែនការនេះក៏រួមបញ្ចូលផងដែរនូវកិច្ចអន្តរាគមន៍ដ៏សំខាន់មួយនៅក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដែលជាតំបន់មួយក្នុងចំណោមតំបន់ដែលខ្វះខាតទឹកបំផុតរបស់កម្ពុជា ដើម្បីស្តារឡើងវិញនូវទីជម្រាល ស្តារព្រៃឈើឡើងវិញ និងពង្រឹងការគ្រប់គ្រងធនធានប្រភពទឹកប្រកបដោយនិរន្តរភាព។
ដើម្បីបង្កើនភាពធន់ អង្គការទស្សន:ពិភពលោក ក៏នឹងផ្តល់អាទិភាពដល់ហេដ្ឋារចនាសម្ព័ន្ធការពារគ្រោះមហន្តរាយ រួមបញ្ចូលកម្មវិធីទឹកស្អាត និងអនាម័យជាមួយកសិកម្មឆ្លាតវៃ និងជាដៃគូជាមួយរាជរដ្ឋាភិបាល សហគមន៍ អាជីវកម្ម ធុរកិច្ច និងអ្នកដឹកនាំជំនឿ ដើម្បីធានាបាននូវផលជះយូរអង្វែង។

លោក ជេនេស អ៊ីម៉ានូអ៊ែល ហ្គីនទីញ នាយកប្រចាំប្រទេសនៃអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជា លើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់អង្គការទស្សនៈពិភពលោក ដែលស្របជាមួយនឹងអាទិភាពជាតិ ជាពិសេសផែនការយុទ្ធសាស្ត្រជាតិសម្រាប់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ផែនការសកម្មភាពជាតិឆ្នាំ២០២៥-២០៣៣ របស់រាជរដ្ឋាភិបាល ក៏ដូចជាផែនការអភិវឌ្ឍន៍ជនបទ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចរីភាពទី៦។

លោក ឆាយ ឬទ្ធីសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានបង្ហាញការស្វាគមន៍ចំពោះផែនការវិនិយោគវិស័យទឹកស្អាត និងអនាម័យជនបទរបស់អង្គការទស្សនៈពិភពលោកកម្ពុជា ដោយលោក បញ្ជាក់ថា ជាការរួមចំណែកយ៉ាងរឹងមាំចំពោះផែនការសកម្មភាពជាតិរបស់រាជរដ្ឋាភិបាល សម្រាប់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ។
ភាពជាដៃគូបែបនេះ លោករដ្ឋមន្ត្រី ថា មានសារៈសំខាន់ណាស់ក្នុងការពន្លឿនវឌ្ឍនភាពឆ្ពោះទៅរកការគ្របដណ្តប់ទូទាំងប្រទេស និងលើកកម្ពស់សុខុមាលភាពរបស់សហគមន៍ជនបទនៅទូទាំងប្រទេសកម្ពុជា។ រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ សង្ឃឹមថា យុទ្ធសាស្រ្តរបស់អង្គការទស្សនៈពិភពលោក នឹងត្រូវបានអនុវត្តប្រកបដោយភាពបត់បែន និងបំពេញបន្ថែមនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


