Connect with us

ព័ត៌មានជាតិ

កម្ពុជាគូសបញ្ជាក់ពីតម្លៃរបស់ច្បាប់អន្តរជាតិ ដោយជំរុញឱ្យមានការអនុវត្តពេញលេញ ដើម្បីធានាសន្តិភាពសកល

បានផុស

នៅ

ពីស្នាក់នៅកណ្ដាលអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក កម្ពុជាបានលើកឡើងពីការទទួលស្គាល់ចំពោះតម្លៃនៃច្បាប់អន្តរជាតិក្នុងបញ្ហាជម្លោះប្រដាប់អាវុធ ដែលកំពុងកើតមានឡើងនៅតាមបណ្ដាប្រទេសក្នុងតំបន់ និងពិភពលោកបច្ចុប្បន្ននេះ រួមទាំងជម្លោះព្រំដែនកម្ពុជា និងថៃ ដែលផ្ដល់ផលប៉ះពាល់ធ្ងន់ធ្ងរដល់ជនស៊ីវិល ជាពិសេសលើកុមារតែម្ដង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានបញ្ជាក់ពី​ការព្រួយបារម្ភយ៉ាងខ្លាំងរបស់កម្ពុជាចំពោះការកើនឡើងគួរឱ្យតក់ស្លុត​នៃការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើ​កុមារក្នុងជម្លោះប្រដាប់អាវុធ ហើយក្នុងន័យនេះ កម្ពុជាអំពាវនាវឱ្យមានការអនុវត្តឱ្យបាន​ពេញលេញនៃកាតព្វកិច្ចផ្លូវច្បាប់អន្តរជាតិ ដើម្បីការពារកុមារក្នុងជម្លោះប្រដាប់អាវុធ។

ថ្លែងក្នុងកិច្ចពិភាក្សាបើកចំហរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ​ស្តីពីកុមារ និងជម្លោះប្រដាប់អាវុធ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ លោក ក៏បានរាយការណ៍ពីស្ថានភាពនៅកម្ពុជា ដែលមានកុមារជាង៦ ៤០០នាក់ នៅតែបន្តភៀសសឹក ដោយសារភាពតានតឹងនៅតាមបណ្ដោយព្រំដែនរវាងកម្ពុជា-ថៃ។

លោក បានគូសបញ្ជាក់ពីសារៈសំខាន់នៃការការពារ ការអប់រំ រួមទាំងតាមរយៈគំនិតផ្តួចផ្តើមដូចជាសាលារៀនបណ្ដោះអាសន្ននៅជំរំ របស់កម្ពុជា ដែលរៀបចំសម្រាប់កុមារភៀសសឹក​ និងសារៈសំខាន់នៃការធានាឱ្យបាននូវជំនួយមនុស្សធម៌ដែលយកចិត្តទុកដាក់ចំពោះកុមារ ដែលផ្តល់ជូនកុមារ​រងផលប៉ះពាល់។

លោក កែវ ឈា ក៏បានបញ្ជាក់ផងដែរថា កម្ពុជានៅតែប្តេជ្ញាធ្វើការជាមួយដៃគូទាំងអស់ ដើម្បីធានាថាកុមារគ្រប់រូបអាចរស់នៅសិក្សា និងរីកចម្រើន ដោយគ្មានអំពើហិង្សា និងការភ័យខ្លាច៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម