ព័ត៌មានជាតិ
អាជ្ញាធរខេត្តឧត្តរមានជ័យផ្ដល់ការឧបត្ថម្ភដល់ពលរដ្ឋភៀសសឹកដែលបានវិលទៅលំនៅឋានវិញ ក្រោយជំរំត្រូវរំសាយ
គោរពតាមពាក្យសន្យា អាជ្ញាធរខេត្តឧត្តរមានជ័យបាននាំយកប្រាក់ឧបត្ថម្ភគាំទ្ររបស់រាជរដ្ឋាភិបាល ព្រមទាំងស្បៀងអាហារឧបត្ថម្ភដល់គ្រួសារភៀសសឹកចំនួន១២២គ្រួសារ ក្នុងសង្កាត់អូរស្មាច់ ដែលបានស្ម័គ្រចិត្តវិលត្រឡប់ចូលមករស់នៅ និងប្រកបមុខរបរក្នុងមូលដ្ឋានវិញ។

អំណោយមនុស្សធម៌នេះបានផ្ដល់ជូនតាមរយៈលោក គង់ គន្នារិទ្ធ អភិបាលរងខេត្តឧត្តរមានជ័យ និងលោកស្រី ស រ៉ាន់ដា សមាជិកក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ ដោយបានចុះផ្ទាល់ដល់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋនៅតាមភូមិ រួមមាននៅភូមិចំការចេក ភូមិគិរីមង្គល ភូមិដើមជ្រៃ ភូមិស្រះទឹក ភូមិអភិវឌ្ឍន៍ ភូមិរួតចំប៉ី និងភូមិអូរស្មាច់។

អូរស្មាច់ គឺជាតំបន់ដែលយោធាថៃបានចូលឈ្លានពាន និងកំពុងកាន់កាប់ដោយខុសច្បាប់។ តំបន់អូរស្មាច់ ដែលធ្លាប់អ៊ូអរ បានប្រែក្លាយទៅជាទីតាំងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ក្រោយរងការវាយប្រហារដោយគ្រាប់ផ្លោងរបស់យោធាថៃ អំឡុងសង្រ្គាមឈ្លានពានកម្ពុជា កាលពីខែធ្នូ ឆ្នាំ២០២៥។ គិតមកដល់បច្ចុប្បន្ននេះ តំបន់ច្រកព្រំដែនមួយនេះនៅតែស្ថិតក្នុងការគំរាមកំហែង និងហ៊ុមព័ទ្ធកាន់កាប់ដោយខុសច្បាប់ពីយោធាថៃ បើទោះបីជាមានបទឈប់បាញ់ តាំងពីខែធ្នូ ឆ្នាំ២០២៥ក៏ដោយ។

លើកឡើងក្នុងពេលចុះសំណេះសំណាល និងផ្ដល់អំណោយកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ លោក គង់ គន្នារិទ្ធ អភិបាលរងខេត្តឧត្តរមានជ័យ បានគូសបញ្ជាក់ថា នេះគឺជាការគិតគូរពីសុខទុក្ខ ជីវភាព និងការផ្តល់ភាពកក់ក្តៅពីរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរទៅដល់ប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋភៀសសឹក ដែលបានវិលត្រឡប់ចូលមករស់នៅក្នុងសហគមន៍វិញ ដែលជាកិច្ចការងារអាទិភាពខ្ពស់ផ្នែកគាំពារសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកអភិបាលរងខេត្ត បានបន្តថា ការឧបត្ថម្ភនេះនឹងជួយសម្រាលបន្ទុកជីវភាពខ្វះខាតចំពោះមុខ និងជាទុនដំបូងក្នុងការរៀបចំរចនាសម្ព័ន្ធជីវភាពថ្មីឡើងវិញ ហើយអាជ្ញាធរនឹងផ្ដល់ការគាំទ្រជាបន្តបន្ទាប់ទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងការលំបាករបស់ប្រជាពលរដ្ឋ។

គួរកត់សម្គាល់ថា នៅក្នុងជម្លោះព្រំដែនកម្ពុជា និងថៃ កន្លងទៅ បានបង្កើតឱ្យមានពលរដ្ឋភៀសសឹកជាង៦សែន៤ម៉ឺននាក់ ត្រូវបង្ខំឱ្យចាកចេញពីផ្ទះសម្បែង។ ប៉ុន្តែក្រោយមានបទឈប់បាញ់ ប្រជាពលរដ្ឋជិត៦សែន២ម៉ឺននាក់បានវិលត្រឡប់ទៅលំនៅឋានវិញ។
តាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ គិតត្រឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ គឺមានពលរដ្ឋភៀសសឹកចំនួន៤១៧នាក់ទៀតបានវិលត្រឡប់ទៅលំនៅឋានវិញ ខណៈពលរដ្ឋចំនួន២០ ៤២៣នាក់ទៀត ដែលពុំទាន់អាចវិលទៅលំនៅឋានវិញនៅឡើយទេ ដោយសារភូមិករ និងផ្ទះសម្បែងត្រូវបានកងកម្លាំងថៃរាយបន្លាលួស ដាក់ទូកុងតឺន័រ កាន់កាន់ និងបំផ្លិចបំផ្លាញដោយខុសច្បាប់។

នៅខេត្តឧត្តរមានជ័យ ព្រោះតែអំពើឈ្លានពាន និងការបន្តរំលោភបំពានរបស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ក៏មានសាលារៀន៨កន្លែង និងមន្ទីរពេទ្យ មណ្ឌលសុខភាពចំនួន៥កន្លែងត្រូវបន្តបិទទ្វារ ព្រមទាំងការខូចខាតទ្រព្យសម្បត្តិសាធារណៈ និងឯកជនពុំអាចគណនាបាន៕
ដោយ៖ ធឿន វ៉ាន់សុង
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


