Connect with us

ព័ត៌មានជាតិ

សម្តេចធិបតី៖ កម្ពុជាត្រូវវិនិយោគលើប្រជាជនវ័យក្មេងឥឡូវនេះ ដើម្បីទាញឱកាសអភិវឌ្ឍន៍ប្រទេសរយៈពេលវែង

បានផុស

នៅ

នាយករដ្ឋមន្ត្រី សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យគ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសង្គមស៊ីវិល រួមគ្នាបង្កើនការវិនិយោគលើប្រជាជនវ័យក្មេង យុវជន តាមរយៈការលើកកម្ពស់ការអប់រំ ជំនាញ សុខភាព ឱកាសការងារ និងសមភាពយេនឌ័រ ដើម្បីទាញយកអត្ថប្រយោជន៍ពីភាគលាភប្រជាសាស្ត្រ និងជៀសវាងការបាត់បង់ឱកាសអភិវឌ្ឍន៍រយៈពេលវែងរបស់ប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសារលិខិតអបអរសាទរ ទិវាប្រជាជនពិភពលោកលើកទី៣៧ ១១ កក្កដា ឆ្នាំ ២០២៦ ក្រោមប្រធានបទ «ការសម្រេចបានក្តីសង្ឃឹម និងសេចក្តីប្រាថ្នារបស់ប្រជាជនវ័យក្មេង សម្រាប់ពេលបច្ចុប្បន្ន និងអនាគត» សម្តេចធិបតីបានបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជា​កំពុងស្ថិតក្នុងដំណាក់កាលភាគលាភប្រជាសាស្ត្រដ៏មានតម្លៃមួយ ដែលប្រជាជនវ័យក្មេង និងប្រជាជនក្នុងវ័យធ្វើការនៅតែមានចំណែកខ្ពស់។ បរិការណ៍នេះ គឺជាឱកាសដ៏សំខាន់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច បង្កើនផលិតភាព និងពង្រឹងមូលដ្ឋានអភិវឌ្ឍន៍រយៈពេលវែង។

សម្តេចសង្កត់ធ្ងន់ថា៖« ប៉ុន្តែ ភាគលាភប្រជាសាស្ត្រនេះ មិនកើតឡើងដោយស្វ័យប្រវត្តិឡើយ។ វានឹងក្លាយជាកម្លាំងជាតិពិតប្រាកដ លុះត្រាតែយើងវិនិយោគបានត្រឹមត្រូវលើមនុស្ស ជាពិសេសលើការអប់រំ ជំនាញ សុខភាព (រួមទាំងសុខភាពបន្តពូជនិងសុខភាពផ្លូវភេទ និង សុខភាពផ្លូវចិត្ត) ឱកាសការងារ សមភាពយេនឌ័រ និងបរិយាកាសសង្គម ដែលអាចអនុញ្ញាតឱ្យប្រជាជនវ័យក្មេង បង្ហាញសក្តានុពលរបស់ខ្លួនបានពេញលេញ ក្នុងការចូលរួមកសាងនិងអភិវឌ្ឍប្រទេសនៅថ្ងៃនេះ និងភាពរីកចម្រើនប្រកបដោយភាពធន់នៅថ្ងៃស្អែក។

យោងតាមរបាយការណ៍អង្កេតចន្លោះជំរឿនប្រជាជននៅកម្ពុជាឆ្នាំ២០២៤ ប្រជាជនកម្ពុជា មានចំនួន១៧,៣លាននាក់ ក្នុងនោះប្រជាជនវ័យក្រោម១៥ឆ្នាំ មានចំនួន២៦,៨% វ័យ១៥-៣៤ឆ្នាំ មានចំនួន៣៤,៦% វ័យ៣៥-៦៤ មានចំនួន៣២,១% និងវ័យ៦៥ឆ្នាំឡើង មានចំនួន៦,៥%។

ទិន្នន័យនេះបង្ហាញយ៉ាងច្បាស់ថា បញ្ហាប្រជាជនគឺជាបញ្ហាគន្លឹះដែលពាក់ព័ន្ធផ្ទាល់នឹងគុណភាព ធនធានមនុស្ស កម្លាំងពលកម្ម ទីផ្សារការងារ ការផ្តល់សេវាសាធារណៈ សុខុមាលភាពគ្រួសារ និងសន្តិសុខ សង្គមនាពេលអនាគត។ ដូច្នេះ ការរៀបចំគោលនយោបាយប្រជាជនត្រូវផ្អែកលើទិន្នន័យត្រឹមត្រូវ ទាន់ពេល វេលា និងប្រើប្រាស់បានក្នុងការសម្រេចចិត្ត ដើម្បីធានាថាការអភិវឌ្ឍរបស់កម្ពុជាមានលក្ខណៈគ្រប់ជ្រុងជ្រោយ ប្រកបដោយចីរភាព និងមិនទុកអ្នកណាម្នាក់ចោល។

UNICEF

ទិន្នន័យចំណោលប្រជាជនថ្មីក្នុងសេណារីយ៉ូអត្រាលទ្ធភាពមានកូនថយចុះក្នុងល្បឿនមធ្យម បង្ហាញថា ប្រជាជនកម្ពុជានឹងកើនដល់ប្រហែល ២៤លាននាក់នៅឆ្នាំ២០៥០ ក្នុងនោះប្រជាជនវ័យក្រោម១៥ឆ្នាំនឹងថយ ចុះដល់២១,៨% និងវ័យ១៥-៣៤ឆ្នាំនឹងថយចុះដល់២៨,២% ខណៈដែលប្រជាជនវ័យ៣៥-៦៤នឹងកើន ដល់៣៧,២% និងវ័យ៦៥ឆ្នាំឡើងនឹងកើនដល់១២,៧%។

ទន្ទឹមនឹងនេះ សម្តេចធិបតីក៏បានអំពាវនាវឱ្យក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ បន្តពង្រឹងប្រព័ន្ធទិន្នន័យប្រជាជន និងការធ្វើគោលនយោបាយផ្អែកលើភស្តុតាង ដើម្បីឱ្យការរៀបចំផែនការ និងការសម្រេចចិត្តក្នុងវិស័យសេដ្ឋកិច្ច សង្គម អប់រំ សុខាភិបាល ការងារ និងគាំពារសង្គម មានប្រសិទ្ធភាព និងឆ្លើយតបទៅនឹងការប្រែប្រួលរចនាសម្ព័ន្ធប្រជាជនរបស់កម្ពុជា។

សម្តេចធិបតីបានបញ្ជាក់ថា៖« អនាគតរបស់កម្ពុជា នឹងត្រូវបានកំណត់ដោយគុណភាពនៃការវិនិយោគលើប្រជាជនវ័យក្មេង និងប្រជាជននៅថ្ងៃនេះ។ ប្រសិនបើយើងអាចផ្តល់ ឱកាសអប់រំ សុខភាព ការងារ និងបរិយាកាសសង្គមដែលសមស្រប ប្រជាជនវ័យក្មេងកម្ពុជានឹងក្លាយជាកម្លាំងដ៏សំខាន់ក្នុងការជំរុញកម្ពុជាឱ្យសម្រេចបានចក្ខុវិស័យអភិវឌ្ឍន៍រយៈពេលវែង ក្លាយជាប្រទេសមានចំណូលខ្ពស់ និងជាសង្គមមួយដែលមានភាពធន់ប្រជាជន ប្រកបដោយសាមគ្គីភាព សមធម៌ និងចីរភាព»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម