Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ានី៖ ស្មារតី និងភាពជឿជាក់របស់ប្រជាជនកម្ពុជា គឺនៅជាមួយកងទ័ពជួរមុខគ្រប់កាលៈទេសៈ

បានផុស

នៅ

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានសរសេរលើទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ថា នៅពេលនេះ ម៉ោងនេះ ទំនុកចិត្ត ស្មារតី និងភាពជឿជាក់របស់ប្រជាជនខ្មែរគ្រប់រូប គឺនៅជាមួយវីរៈកងទ័ពកម្ពុជាជួរមុខគ្រប់កាលៈទេសៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់ឯកឧត្តម ហ៊ុន ម៉ានី ស្របពេលដែលយោធាថៃ បានបើកការបាញ់ប្រហារមកលើទឹកដីកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែធ្នូនេះ កាលពីវេលាម៉ោងប្រមាណ ០៥និង០៤នាទី នៅក្នុងតំបន់អានសេះ ខេត្តព្រះវិហារ បន្ទាប់មកបាញ់នៅប្រាសាទតាមាន់ធំ ដោយប្រើប្រាស់រថក្រោះ​បាញ់ចូលជាច្រើន និងនៅតំបន់ប្រាសាទព្រះវិហារ នៅ៥មករា និងនៅចំការចេក។

ឯកឧត្តម ហ៊ុន ម៉ានី ថា ការបាញ់ប្រហាររបស់យោធាថៃ សំឡេងកាំភ្លើង អាវុធធុនធ្ងន់ និងកាំភ្លើងធំ បានផ្ទុះឡើង បង្កើតការភ័យខ្លាចក្នុងចំណោមប្រជាជនកម្ពុជា។ រូបភាពប្រជាជន ជាពិសេស កូនសិស្សសាលា ដែលទើបតែមកដល់សាលារៀន ត្រូវរត់ទាំងភ័យស្លន់ស្លោដោយសារហេតុការណ៍ដ៏គ្រោះថ្នាក់នេះ។

តាមរយៈសំណេរលើហ្វេសប៊ុក ឯកឧត្តម ហ៊ុន ម៉ានី បានសរសេរថា៖ “អ្វីដែលកម្ពុជាចង់បាន គឺសន្តិភាព ដែលយើងតែងប្រកាន់យកយ៉ាងខ្ជាប់ខ្ជួន និងអស់ពីចិត្ត។ យើងបានរក្សាជំហរស្មោះត្រង់ ក្នុងការជ្រើសរើសយកនូវដោះស្រាយជម្លោះព្រំដែន ដោយមិត្តភាព មិនមែនតាមមធ្យោបាយយោធា និងដោយយើងថែរក្សាសិទ្ធិក្នុងការប្រើប្រាស់មធ្យោបាយយោធា ក្នុងការការពារខ្លួនតែប៉ុណ្ណោះ”។

បន្ថែមពីនេះ ឯកឧត្តម បញ្ជាក់ថា ក្នុងពេលនេះ អំឡុងពេលដែលយោធាថៃធ្វើការរំលោភបំពានលើទឹកដីកម្ពុជាម្តងទៀត ស្មារតី ទឹកចិត្ត ទំនុកចិត្ត និងភាពជឿជាក់របស់ប្រជាជនកម្ពុជាគ្រប់រូប គឺស្ថិតនៅជាមួយវីរៈកងទ័ព មិនថានៅក្នុងកាលៈទេសៈណាឡើយ។ ឯកឧត្តម ក៏បានអំពាវនាវឱ្យសន្តិភាពបន្តមាន ដើម្បីជាប្រយោជន៍ដល់ប្រជាជនកម្ពុជា និងថៃ។

សូមជម្រាបថា នៅព្រឹកថ្ងៃទី ៨ ខែធ្នូនេះ ក្រសួងការពារជាតិកម្ពុជា បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ ដ៏សាហាវឃោរឃៅនេះ ហើយនេះបង្ហាញយ៉ាងច្បាស់កាលដែលភាគីថៃបានរំលោភបំពានលើ “សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ”ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងថៃ ក្រោមសាក្សីរបស់ ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និង លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាន។ កម្ពុជាក៏អំពាវនាវឱ្យសហគមន៍អន្តរជាតិ ថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភបំពាននេះ និង អំពាវនាវឱ្យថៃ បញ្ឈប់រាល់អរិភាពជាបន្ទាន់ ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ ទន្ទឹមនឹងនេះ កម្ពុជាក៏អំពាវនាវឱ្យភាគីថៃងាកមកគោរពកិច្ចព្រមព្រៀមបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ និងស្មោះត្រង់ជាទីបំផុត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម