Connect with us

ព័ត៌មានជាតិ

ទូតកម្ពុជាប្រាប់ពលករនៅជប៉ុនឱ្យប្រកាន់ឥរិយាបទល្អ ហើយធ្វើជាស្ពានមិត្តភាពកម្ពុជា និងជប៉ុន

បានផុស

នៅ

លោក ជុំ សុន្ទរី ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន បានកោតសរសើរចំពោះកម្មសិក្សាការី និងពលករជំនាញកម្ពុជាទាំងអស់ដែលបានដើរតួនាទីជាស្ពានមិត្តភាពរវាងកម្ពុជា និងជប៉ុន ដោយបញ្ជាក់ថា ជប៉ុនជាដៃគូដ៏សំខាន់មួយរបស់កម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានលើកទឹកចិត្តកម្មសិក្សាការី និងពលករជំនាញកម្ពុជាឱ្យខិតខំសិក្សារៀនសូត្រ និងអភិវឌ្ឍជំនាញវិជ្ជាជីវៈ ក្នុងអំឡុងពេលស្នាក់នៅប្រទេសជប៉ុន ដើម្បីយកបទពិសោធ និងចំណេះដឹងទៅមកចូលរួមអភិវឌ្ឍប្រទេសជាតិ។ ការលើកឡើងរបស់លោកឯកអគ្គរាជទូតបែបនេះ បានធ្វើឡើងក្នុងពេលជួបសំណេះសំណាលជាមួយកម្មសិក្សាការី និងពលករជំនាញកម្ពុជា នៅខេត្តស៊ីហ្សីអូកា ប្រទេសជប៉ុន កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំប្រទេសជប៉ុន ក្នុងឱកាសនោះ លោក ជុំ សុន្ទរី បានគូសបញ្ជាក់អំពីការរីកចម្រើនជាបន្តបន្ទាប់នៃទំនាក់ទំនងកម្ពុជា-ជប៉ុន ចាប់តាំងពីប្រទេសទាំងពីរបានដំឡើងកម្រិតទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ លោក បានលើកឡើងថា ប្រទេសជប៉ុននៅតែជាដៃគូដ៏សំខាន់មួយរបស់កម្ពុជា ជាពិសេសក្នុងវិស័យអភិវឌ្ឍធនធានមនុស្ស ការផ្ទេរជំនាញ ការបង្កើតការងារ និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

លោក ជុំ សុន្ទរី ក៏បានរំលឹកកម្មសិក្សាការី និងពលករជំនាញកម្ពុជាឱ្យគោរពច្បាប់ និងបទប្បញ្ញត្តិរបស់ប្រទេសជប៉ុន ប្រកាន់ខ្ជាប់នូវអាកប្បកិរិយាល្អ ជៀសវាងរាល់សកម្មភាពខុសច្បាប់។ ភ្ជាប់គ្នានេះ ត្រូវយកចិត្តទុកដាក់ការពារខ្លួនពីគ្រោះមហន្តរាយធម្មជាតិ និងហានិភ័យសុខភាពផ្សេងៗ។

លោកឯកអគ្គរាជទូត បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ស្ថានទូត ក្នុងការការពារសិទ្ធិ សុខុមាលភាព និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងរស់នៅ និងបម្រើការងារនៅប្រទេសជប៉ុន។ បន្ថែមពីនេះ ស្ថានទូតនឹងបន្តផ្តល់សេវាកុងស៊ុល កិច្ចគាំពារផ្នែកការងារ និងជំនួយចាំបាច់ផ្សេងៗជូនប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេសជប៉ុន។ លោកក៏បានលើកទឹកចិត្តឱ្យសហគមន៍ខ្មែរនៅជប៉ុនបន្តរក្សាសាមគ្គីភាព ជួយគាំទ្រគ្នាទៅវិញទៅមក និងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសហគមន៍ និងវប្បធម៌នានា ដើម្បីរួមចំណែកពង្រឹងចំណងមិត្តភាព និងការយល់ដឹងទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរ។

លោកឯកអគ្គរាជទូត បានអរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន អាជ្ញាធរមូលដ្ឋាន ក្រុមហ៊ុនដៃគូ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានបន្តផ្តល់ការគាំទ្រ និងរួមចំណែកលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជានៅប្រទេសជប៉ុន។ លោកថា នឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយភាគីជប៉ុនដើម្បីពង្រឹងពង្រីកបន្ថែមទៀតនូវចំណងមិត្តភាពដ៏រឹងមាំ និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងជប៉ុន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម