Connect with us

ព័ត៌មានជាតិ

កម្មវិធីផ្តល់ដីការពារព្រៃ ឈានដល់ការ​ចាប់ឆ្នោតយកលេខក្បាលដី និងផ្ទះសម្រាប់ពលរដ្ឋជាង៥០០គ្រួសារ  

បានផុស

នៅ

កម្មវិធីផ្ដល់ដីការពារព្រៃបានឈានដល់ដំណាក់កាលនៃការចាប់ឆ្នោតយកលេខដីឡូតិ៍ និងផ្ទះ ដោយនៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦នេះ លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព បានចាប់ឆ្នោតផ្ដល់លេខដីឡូតិ៍ និងផ្ទះសម្រាប់ប្រជាពលរដ្ឋ ដែលមានសិទ្ធិទទួលដីគម្រោងទី១ ចំនួន៥៣៨គ្រួសារ នៅឃុំស្តៅ និងឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។​​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីចាប់ឆ្នោតយកលេខដីឡូតិ៍ និងផ្ទះ ត្រូវបានដំណើរការក្រោមវត្តមានរបស់លោក សរ សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ហើយមានការចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធររាជធានីខេត្តទាំង២៥ ជាមួយនឹងការផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ជាតិកម្ពុជា (ទទក)។

តាមការឱ្យដឹងដោយលោក សរ សុវណ្ណ ក្នុងចំណោមប្រជាពលរដ្ឋទាំង៥៣៨គ្រួសារខាងលើ គឺមានពលរដ្ឋចំនួន៤៩៧គ្រួសារបានជ្រើសរើសតាមរយៈការចាប់ឆ្នោតជុំទី១នៃកម្មវិធីផ្ដល់ដីការពារព្រៃ និង៣៤គ្រួសារ ជាពលរដ្ឋដែលបានចូលទៅទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់នៅចំណុចត្រពាំងគគីរ ត្រពាំងរំដេង និងចំណុចអូរវល្លិ៍ប្រាំដំឡឹង ក្នុងខេត្តស្ទឹងត្រែង តែក្រោយទទួលកំហុស ហើយស្ម័គ្រចិត្តប្រគល់ដីនោះឱ្យរដ្ឋវិញ ក៏រដ្ឋាភិបាលធ្វើសមាហរណកម្មឱ្យមានសិទ្ធិទទួលដី និងផ្ទះ នៃកម្មវិធីផ្ដល់ដីការពារព្រៃនេះ។ ដោយឡែកពលរដ្ឋចំនួន៧គ្រួសារទៀត គឺជាអ្នករងគ្រោះបាក់ច្រាំង នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ការឈានដល់ដំណាក់កាលចាប់យកលេខក្បាលដី និងផ្ទះ នៅពេលនេះ ធ្វើឡើងក្រោយលេខាធិការដ្ឋានគណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្ដល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព បានរកឃើញអ្នកមានសំណាងចំនួន២ ៥០០គ្រួសារ បន្ទាប់ពីដំណើរការចាប់ឆ្នោតជុំទី១ អស់រយៈពេល៥ថ្ងៃ កាលពីអំឡុងខែកក្កដា ឆ្នាំ២០២៥ ក្នុងចំណោមអ្នកបានដាក់ពាក្យស្នើសុំដីមានចំនួនសរុប ១២ ៣២៩គ្រួសារ។

ក្នុងនោះ៥០០គ្រួសារដំបូង ដែលមានលំដាប់លេខរៀងដំបូងគេ មានសំណាងដើម្បីក្រុមការងារលេខាធិការដ្ឋាន តំណាងខុទ្ទកាល័យសម្តេចធិបតី នាយករដ្ឋមន្ត្រី និងតំណាងអង្គភាពប្រឆាំងអំពើពុករលួយ បានចុះត្រួតពិនិត្យលក្ខណៈសម្បត្តិទាំង៤ រួមមានគ្រួសារដែលមានសញ្ជាតិខ្មែរពីកំណើត គ្មានដី ក្រីក្រពិតប្រាកដ និងចង់ទៅរស់នៅទីតាំងអនុវត្តកម្មវិធី ដើម្បីមានសិទ្ធិទទួលបានដីសម្រាប់គម្រោងទី១ ស្ថិតនៅភូមិសាស្ត្រអូរសែវ ឃុំស្ដៅ និងឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។

គួរជម្រាបថា កម្មវិធីផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ត្រូវបានផ្តួចផ្តើមដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងគោលបំណងបង្កើនការការពារ និងអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាពនិងការបង្កើនប្រសិទ្ធភាព ផលិតភាពនៃការប្រើប្រាស់ដីរដ្ឋផង តាមរយៈការផ្តល់ដី ក្រោមទម្រង់សម្បទានដីសង្គមកិច្ចជូនប្រជាពលរដ្ឋក្រីក្រពិតប្រាកដដែលគ្មានដីសម្រាប់សង់លំនៅឋាន ក៏ដូចជាគាំទ្រគម្រោងអភិវឌ្ឍសហគមន៍ ព្រមទាំងការពារព្រៃនៅជិតទីតាំងផ្តល់ដីប្រកបដោយចីរភាព។

លោក សរ សុវណ្ណ បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានកំណត់ទីតាំងដីនៅភូមិសាស្ត្រអូរសែវ៣ នៃឃុំស្តៅ និងឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង ដើម្បី​រៀបចំផែនការ ប្រើប្រាស់ដី ផែនការហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ផែនការបែងចែកដីឡូតិ៍លម្អិត និងផែនការអភិវឌ្ឍដើម្បីលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋដែលគ្រោងនឹងទៅរស់នៅទីតាំងនោះ និងបានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត រួមមានការរៀបចំផ្លូវមេ ផ្លូវរង ស្រះទឹក ព្រមទាំងបានសាងសង់ផ្ទះ និងបន្ទប់ទឹកបានចំនួន ៧៥១ខ្នង លើផែនការចំនួន៧៧០ខ្នង ដែលមាន​ក្បាលដីឡូតិ៍នីមួយៗមានទំហំ ៣ហិកតា៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម