ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រី ថា កម្មវិធីចាប់ដីការពារព្រៃ ត្រូវផ្តល់ឱ្យពលរដ្ឋដែលអត់ពិតប្រាកដ
ប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃអង្គារ៍ ទី១ ខែកក្កដា ឆ្នាំ២០២៥នេះ បានគូសបញ្ជាក់ថា កម្មវិធីផ្ដល់ដីការពារព្រៃ គឺត្រូវតែធានាថា បានផ្ដល់ឱ្យដល់ប្រជាពលរដ្ឋដែលក្រីក្រ ហើយអត់ដីពិតប្រាកដ។

បើតាមសម្ដេចធិបតី កម្មវិធីផ្ដល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព គឺបានដំណើរការចាប់ឆ្នោតជុំទី១ ហើយ សម្រាប់អ្នកបានដាក់ពាក្យស្នើសុំដីនៃកម្មវិធីផ្តល់ដីការពារព្រៃ ដែលអ្នកសំណាង៥០០នាក់ នឹងមានសិទ្ធិទទួលបានដីសម្រាប់គម្រោងទី១ នៅខេត្តស្ទឹងត្រែង។
ថ្លែងនៅក្នុងទិវាមច្ឆាជាតិ នៅខេត្តតាកែវ សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានលើកឡើងថា មានប្រទេសតិចតួចបំផុត ដែលមានគោលនយោបាយចែកដីឱ្យប្រជាពលរដ្ឋ សូម្បីតែប្រទេសមហាអំណាចធំៗមួយចំនួន ប្រជាពលរដ្ឋអត់ដីជាកម្មសិទ្ធិខ្លួនឯងឡើយ ពោលគឺត្រូវជួលផ្ទះគេមួយជីវិត។ តែសម្រាប់កម្ពុជា មានគោលនយោបាយសម្រាប់ប្រជាពលរដ្ឋដែលអត់ដីពិតប្រាកដ គឺរដ្ឋផ្ដល់ដីឱ្យដើម្បីសង់លំនៅដ្ឋាន។
សម្ដេច ថ្លែងដូច្នេះថា «សម្រាប់ប្រជាពលរដ្ឋ ដែលគ្មានដីពិតប្រាកដ រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយ ផ្តល់ដីការពារព្រៃ ដើម្បីជួយបងប្អូនឱ្យទទួលបានដីស្របច្បាប់ និងពឹងផ្អែកលើមុខរបរកសិកម្មសម្រាប់គាំទ្រជីវភាព»។

កម្មវិធីផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ត្រូវបានផ្តួចផ្តើមដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងគោលបំណងបង្កើនការការពារ និងអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាព និងបង្កើនប្រសិទ្ធភាព ផលិតភាពនៃការប្រើប្រាស់ដីរដ្ឋផង តាមរយៈការផ្តល់ដី ក្រោមទម្រង់សម្បទានដីសង្គមកិច្ចដល់ប្រជាពលរដ្ឋក្រីក្រពិតប្រាកដ ដែលគ្មានដីសម្រាប់សង់លំនៅឋាន ក៏ដូចជាគាំទ្រគម្រោងអភិវឌ្ឍសហគមន៍ ព្រមទាំងការពារព្រៃនៅជិតទីតាំងផ្តល់ដីប្រកបដោយចីរភាព។
លក្ខណៈសម្បត្តិទាំង៤ ដែលប្រជាពលរដ្ឋអាចដាក់ពាក្យស្នើសុំដីការពារព្រៃនេះ គឺរួមមានគ្រួសារដែលមានសញ្ជាតិខ្មែរពីកំណើត គ្មានដី ក្រីក្រពិតប្រាកដ និងចង់ទៅរស់នៅទីតាំងអនុវត្តកម្មវិធី។ ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋបានដាក់ពាក្យស្នើសុំចំនួនសរុប ១២ ៣២៩គ្រួសារ។

ការចាប់ឆ្នោតជុំទី១ សម្រាប់កម្មវិធីផ្ដល់ដីការពារព្រៃនេះមានរយៈពេល៥ថ្ងៃ តាមរយៈផ្សាយផ្ទាល់ពីស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា (ទទក) ចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥។ តាមការលើកឡើងរបស់លោក សរ សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ក្នុងការចាប់ឆ្នោតជុំទី១នេះ នឹងជ្រើសរើសយកអ្នកមានសំណាងចំនួន ២ ៥០០គ្រួសារ ហើយបែងចែកជាពីរដំណាក់កាល គឺទី១) អ្នកបានដាក់ពាក្យស្នើសុំដីចំនួន ៥០០គ្រួសារ ដែលមានសំណាងលំដាប់លេខរៀងតាមការចាប់ឆ្នោតបានមុនគេ និងបន្តបន្ទាប់ (៤%) ក្នុងរាជធានី/ខេត្តសាមី ត្រូវបានចុះត្រួតពិនិត្យបុគ្គលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលអាចមានសិទ្ធិទទួលដីសម្រាប់គម្រោងទី១ នៅភូមិសាស្ត្រ អូរកែវ ឃុំល្ពៅនិងឃុំសាមមួយ ស្រុក សេសាន ខេត្តស្ទឹងត្រែង។

ចំណែកទី២ ក្នុងចំណោមអ្នកដាក់ពាក្យស្នើសុំដីដែលមានសំណាងចំនួន ២ ០០០គ្រួសារ ដែលសល់ពុំទាន់បានចុះទៅត្រួតពិនិត្យលក្ខណៈសម្បត្តិ នឹងត្រូវចុះត្រួតពិនិត្យបន្តបន្ទាប់ សម្រាប់បំពេញចំនួនកំណត់៥០០គ្រួសារ និងគម្រោងបន្ទាប់ តាមលំដាប់លេខរៀងបន្តបន្ទាប់ តាមលទ្ធផលនៃការចាប់ឆ្នោតក្នុងរាជធានីខេត្តសាមី។
ដោយឡែក សម្រាប់អ្នកបានដាក់ពាក្យស្នើសុំដីដែលនៅសល់ចំនួន ៩ ៨២៩គ្រួសារដែលពុំទាន់មានសំណាងជាប់ឈ្មោះក្នុងលទ្ធផលនៃការចាប់ឆ្នោតជុំទី១ នឹងត្រូវចាប់ឆ្នោតនៅជុំបន្តបន្ទាប់ទៀត។

ថ្លែងបើកពិធីចាប់ឆ្នោតអ្នកបានដាក់ពាក្យស្នើសុំដីជុំទី១ សម្រាប់ខេត្តបាត់ដំបង ស្ទឹងត្រែង ព្រះវិហារ បន្ទាយមានជ័យ និងខេត្តកោះកុង កាលពីរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ លោក សរ សុវណ្ណ លើកឡើងថា ការចាប់ឆ្នោតជ្រើសរើសនេះ គឺធ្វើឡើងម្តងមួយខេត្តៗ និងធ្វើឡើងដោយតម្លាភាព សុក្រឹតភាព យុត្តិធម៌ និងអាចជឿទុកចិត្តបាន ដោយចាប់ និងបង្ហាញសន្លឹកឆ្នោតជាសាធារណៈ ហើយប្រកាសឈ្មោះអ្នកដាក់ពាក្យស្នើសុំ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២២ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


