ព័ត៌មានជាតិ
រដ្ឋ ចាប់ឆ្នោតជុំទី១ សម្រាប់អ្នកដាក់ពាក្យសុំដីនៃកម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព
លេខាធិការដ្ឋានគណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្ដល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព បានដំណើរការចាប់ឆ្នោតជុំទី១ សម្រាប់អ្នកបានដាក់ពាក្យស្នើសុំដីនៃកម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព។ ក្នុងការចាប់ឆ្នោតជុំទី១នេះ នឹងជ្រើសរើសយកអ្នកមានសំណាងចំនួន ២ ៥០០គ្រួសារ ពីតាមរាជធានីខេត្ត។

តាមការលើកឡើងរបស់លោក សរ សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព គឺនឹងដំណើរការចាប់ឆ្នោតជុំទី១នេះ មានរយៈពេល៥ថ្ងៃ ដោយមានការផ្សាយផ្ទាល់ពីស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា (ទទក) ចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥។

ការចាប់ឆ្នោតនេះ គឺបន្ទាប់ពីលេខាធិការដ្ឋានគណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍ ដោយចីរភាព (ផ.ក.អ.) បានប្រកាសឱ្យប្រជាពលរដ្ឋក្រីក្រី មិនមានដីពិតប្រាកដ ឱ្យដាក់ពាក្យនៅតាមឃុំសង្កាត់ ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ ដោយមានប្រជាពលរដ្ឋសរុប ១២ ៣២៩នាក់បានដាក់ពាក្យស្នើសុំ។
ថ្លែងបើកពិធីចាប់ឆ្នោតអ្នកបានដាក់ពាក្យស្នើសុំដីជុំទី១ សម្រាប់ខេត្តបាត់ដំបង ស្ទឹងត្រែង ព្រះវិហារ បន្ទាយមានជ័យ និងខេត្តកោះកុង នារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ លោក សរ សុវណ្ណ បានលើកឡើងថា ការចាប់ឆ្នោតជ្រើសរើសនេះ គឺធ្វើឡើងម្តងមួយខេត្តៗ និងធ្វើឡើងដោយតម្លាភាព សុក្រឹតភាព យុត្តិធម៌ និងអាចជឿទុកចិត្តបាន ដោយចាប់ និងបង្ហាញសន្លឹកឆ្នោតជាសាធារណៈ ហើយប្រកាសឈ្មោះអ្នកដាក់ពាក្យស្នើសុំ។

បើតាមលោក សរ សុវណ្ណ គ្រួសារដែលនឹងមានសំណាងក្នុងការចាប់ឆ្នោតចំនួន ២ ៥០០គ្រួសារ តាមលំដាប់លេខរៀងដែល ចាប់ឆ្នោតបានក្នុងរាជធានីខេត្តសាមី ត្រូវបែងចែកជាពីរ គឺទី១ អ្នកបានដាក់ពាក្យស្នើសុំដីចំនួន ៥០០គ្រួសារ ដែលមានសំណាងលំដាប់លេខរៀងតាមការចាប់ឆ្នោតបានមុនគេ និងបន្តបន្ទាប់(៤%) ក្នុងរាជធានី/ខេត្តសាមី ត្រូវបានចុះត្រួតពិនិត្យបុគ្គលមានលក្ខណៈសម្បត្តិ គ្រប់គ្រាន់ ដែលអាចមានសិទ្ធិទទួលដីសម្រាប់គម្រោងទី១ នៅភូមិសាស្ត្រ អូរកែវ ឃុំល្ពៅនិងឃុំសាមមួយ ស្រុក សេសាន ខេត្តស្ទឹងត្រែង។
ចំណែកទី២ ក្នុងចំណោមអ្នកដាក់ពាក្យស្នើសុំដីដែលមានសំណាងចំនួន ២ ០០០គ្រួសារ ដែលសល់ពុំទាន់បានចុះទៅត្រួតពិនិត្យលក្ខណៈសម្បត្តិ នឹងត្រូវចុះត្រួតពិនិត្យបន្តបន្ទាប់ សម្រាប់បំពេញចំនួនកំណត់៥០០គ្រួសារ និងគម្រោងបន្ទាប់ តាមលំដាប់លេខរៀងបន្តបន្ទាប់ តាមលទ្ធផលនៃការចាប់ឆ្នោតក្នុងរាជធានីខេត្តសាមី។

ដោយឡែក សម្រាប់អ្នកបានដាក់ពាក្យស្នើសុំដីដែលនៅសល់ចំនួន ៩ ៨២៩គ្រួសារដែលពុំទាន់មានសំណាងជាប់ឈ្មោះក្នុងលទ្ធផលនៃការចាប់ឆ្នោតជុំទី១ នឹងត្រូវចាប់ឆ្នោតនៅជុំបន្តបន្ទាប់ទៀត។ លោករដ្ឋមន្ត្រី សរ សុវណ្ណ បញ្ជាក់បែបនេះ។
គួរជម្រាបថា កម្មវិធីផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ត្រូវបានផ្តួចផ្តើមដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងគោលបំណងបង្កើនការការពារ និងអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាពនិងការបង្កើនប្រសិទ្ធភាព ផលិតភាពនៃការប្រើប្រាស់ដីរដ្ឋផង តាមរយៈការផ្តល់ដី ក្រោមទម្រង់សម្បទានដីសង្គមកិច្ចជូនប្រជាពលរដ្ឋក្រីក្រពិតប្រាកដដែលគ្មានដីសម្រាប់សង់លំនៅឋាន ក៏ដូចជាគាំទ្រគម្រោងអភិវឌ្ឍសហគមន៍ ព្រមទាំងការពារព្រៃនៅជិតទីតាំងផ្តល់ដីប្រកបដោយចីរភាព។

លក្ខណៈសម្បត្តិទាំង៤ ដែលប្រជាពលរដ្ឋអាចដាក់ពាក្យស្នើសុំដីនៃកម្មវិធីផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាពនេះបាន គឺរួមមានគ្រួសារដែលមានសញ្ជាតិខ្មែរពីកំណើត គ្មានដី ក្រីក្រពិតប្រាកដ និងចង់ទៅរស់នៅទីតាំងអនុវត្តកម្មវិធី។ ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋបានធ្វើស្វ័យប្រកាស និងដាក់ពាក្យស្នើសុំនៅឃុំ/សង្កាត់ ចំនួន ១ ១៨២ឃុំ/សង្កាត់ ដោយអ្នកបានដាក់ពាក្យស្នើសុំដីមានចំនួនសរុប ១២ ៣២៩គ្រួសារ និង៤៧០ឃុំ/សង្កាត់ ពុំមានអ្នកដាក់ពាក្យស្នើសុំដីឡើយ ក្នុងចំណោម ១ ៦៥២ឃុំ/សង្កាត់ ទូទាំងប្រទេស៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៦ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


