Connect with us

ព័ត៌មានជាតិ

មន្ទីរ​សេដ្ឋកិច្ច​ខេត្តកោះកុង ដាក់​កំហិត​ប្រធាន​ផ្សារ​ដងទង់​កុំ​យក​លុយ​ភាស៊ី​លើស​កំណត់

បានផុស

នៅ

​ប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្ត​កោះកុង បាន​ដាក់​កំហិត​ជាថ្មី​ដល់​ប្រធាន​ផ្សារ​ដងទង់ ក្រុង​ខេមរភូមិន្ទ មិន​ត្រូវ​យក​លុយ​ភាស៊ី​លើស​ពី​សៀវភៅ​បន្ទុក​រដ្ឋ និង​បង្ក​ភាព​អសណ្តាប់ធ្នាប់​ក្នុង​គ្របខណ្ឌ​គ្រប់គ្រង ក្រោយ​លេចឮ​ព័ត៌មាន​ខុស​ប្រក្រតី​ជាច្រើន​មិនចេះចប់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ទេព វិ​ស្កុល ប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​​ហិរញ្ញវត្ថុ​ខេត្ត​កោះកុង អះអាង​តាមរយៈ​បណ្តាញ​តេ​ឡេ​ក្រាម​នៅ​ថ្ងៃទី​៨ ខែ​ឧសភា ឆ្នាំ​២០២១​ថា លោក​បាន​កោះហៅ​លោក ម៉ក់ ណុ​ច ប្រធាន​ផ្សារ​ដងទង់ និង​អភិបាលរងក្រុង​ខេមរភូមិន្ទ បើក​កិច្ចប្រជុំ​ជាបន្ទាន់​មួយ​រួមគ្នា​កាលពី​ថ្ងៃ​ទី​៦ ឧសភា ថ្មីៗ ​ដើម្បី​សួរ​ហេតុផល​ព័ត៌មាន​ពី​អាជីករ​ត្អូញត្អែរ​រឿង​ខុស​ប្រក្រតី​ជាច្រើន​ ដែល​កើតមានឡើង​ជាច្រើន​ទាក់ទិន​នឹង​បញ្ហា​ផ្សារ​មួយ​។ ក្រោយ​ដឹង​ហេតុផល លោក ទេព វិ​ស្កុល បាន​ដាក់​កំហិត​ជាថ្មី​ដល់​ប្រធាន​ផ្សារ​ដងទង់​ចាំបាច់​អនុវត្ត​ឲ្យ​ម៉ឺងម៉ាត់​បំផុត​នូវ​ការ​យក​លុយ​ភាស៊ី​កន្លែង​លក់ដូរ ម៉ូតូ និង​រថយន្ត​លើស​កំណត់​របស់​រដ្ឋ​ជា​ថ្នូរ​នឹង​ការ​ឲ្យ​អាជីវករ​ដាក់​តាំង​លក់ទំនិញ​លើ​សាធារណៈ​បែប​អនាធិបតេយ្យ​គ្មាន​សណ្តាប់ធ្នាប់​ត្រឹមត្រូវ​។ លោក​យល់ថា ទង្វើ​បែបនេះ​របស់​ប្រធាន​ផ្សារ​ដងទង់ បង្ក​ឲ្យ​មាន​ភាព​ច្រណែន​គ្នា​រឿង​ផលប្រយោជន៍​ពុំ​តម្លាភាព​រវាង​អាជីវករ និង​អាជីវករ​ក្នុង​ផ្សារ ក៏ដូចជា​ក្រៅ​ផ្សារ​។

ដើម្បី​ធានា​បាន​ប្រសិទ្ធិ​ភាព ជៀស​ជាង​លេចឮ​នូវ​ព័ត៌មាន​បាតុភាព​ស្មុគស្មាញ​បន្ត លោក​ប្រធាន​មន្ទីរ​សេដ្ឋកិច្ច ប្រាប់​ឲ្យ​លោក ម៉ក់ ណុ​ច និង​បុគ្គលិក ត្រូវ​អនុវត្ត​ចាប់ពី​ថ្ងៃ​ច័ន្ទ​ទី​១០ ខែ​ឧសភា តទៅ ករណី​មិន​អនុវត្ត​តាម​នោះ​ទេ ឬ​គ្មាន​ប្រសិទ្ធភាព​តប​ទេ នឹង​ដាក់​អាជ្ញាប័ណ្ណ​បញ្ឈប់​សកម្មភាព​វិនិយោគ​ក្នុង​ផ្សារ​តែ​ម្តង​។ លោក​ស្នើ​សុំ​ឲ្យ​ប្រធាន​ផ្សារ​ដងទង់ សហការ​ជាមួយ​អាជ្ញាធរ​ក្រុង​សង្កាត់​យ៉ាង​ដិតដល់​រៀបចំ​សន្តិសុខ សណ្តាប់ធ្នាប់​តំបន់​ផ្សារ​ឲ្យ​បាន​ល្អ​ប្រសើរ ដើម្បី​លើកកម្ពស់​សោភ័ណ​ភាព​ទីក្រុង ប៉ុន្តែ​ក៏​មិន​ខ្វះ​បានការ​ចូលរួម​ពី​ប្រជា​ពល​ឬ​អាជីវករ​។ មិន​ត្រឹមតែ​ការ​មិន​ឲ្យ​យក​ភាស៊ី​លើស​កំណត់​ទេ ការងារ​ស្តារលូ ដាក់​កង្ហារ​បឺត​ខ្យល់​កខ្វក់​ចេញ គូស​គំនូស​ចត​រថយន្ត​ម៉ូតូ កំណត់​ម៉ោង​ផ្ទេរ​លើកដាក់​ទំនិញជាដើម​។​

​លោក ម៉ក់ ណុ​ច ប្រធាន​ផ្សារ​ដងទង់​មិន​អាច​សុំ​ការ​បកស្រាយ​បំភ្លឺ​បានទេ​នៅ​ថ្ងៃទី​៩ ខែ​ឧសភា តែ​កន្លងទៅ រូបគាត់ និង​ប្រពន្ធ​តែង​សន្យា​ថា ​ខ្លួន​អនុវត្ត​ទាំងអស់​វិធានការ​ណែនាំ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា មន្ទីរ​សេដ្ឋកិច្ច ព្រមទាំង​អាជ្ញាធរ​ពាក់ព័ន្ធ​លុបបំបាត់​ភាព​អ​សណ្តាប់ធ្នាប់ និង​អនាធិបតេយ្យ​ក្នុង​ផ្សារ​។ តែ​សាធារណជន មើល​ឃើញ​ថា លទ្ធផល​កុំ​សូវ​ផ្លែផ្កា​ទេ​ដូច​ការ​វែក​ចក​អញ្ចឹង ពោលគឺ​បានតែ​២​ទៅ​៣​ថ្ងៃ​បាតុភាព​អនាធិបតេយ្យ​កើតឡើង​ដដែល​។​

​គួរ​ជម្រាប​ថា លោក ម៉ក់ ណុ​ច ប្រធាន​ផ្សារ​ដងទង់​ទទួល​បាន​សិទ្ធិ​វិនិយោគ​គ្រប់គ្រង​ផ្សារ​ដងទង់​តាំងពី​ឆ្នាំ​២០១១ ដែល​មាន​រយៈពេល​រហូត​ដល់​១៥​ឆ្នាំ មុន​អាណត្តិ​លោក ទេព វិ​ស្កុល ឡើង​កាន់​តំណែង​ជា​ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​ទៅទៀត​។ បញ្ហា​នេះ ត្រូវ​មហាជន​ដាក់​សំណួរ​ហេតុ​អី​បានជា​រដ្ឋបាល និង​មន្ទីរ​សេដ្ឋកិច្ច​ផ្តល់​សុពលភាព​អាជ្ញាប័ណ្ណ​វិស័យ​ឯកជន​ច្រើន​ឆ្នាំ គ្រា​សកម្មភាព​អភិវឌ្ឍន៍​តិចតួច​បំផុត រីឯ​បញ្ហា​ដែល​កើត​ក្នុង​ផ្សារ​នេះ​មិន​ចេះចប់​។ រីឯ​ក្រុមអាជីវករ​លក់ដូរ​ក្នុង​ផ្សារ និង​ក្រៅ​ផ្សារ អះអាង​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះថា សកម្មភាព​យក​ចិញ្ចើមផ្លូវ​សាធារណៈ​ដាក់​តាំង​ទំនិញ​គ្រប់​ប្រភេទ ស្ថិតក្រោម​ការ​បើក​ដៃ​ពី​ប្រធាន​គ្រប់គ្រង​ផ្សារ លោក ម៉ក់ ណុ​ច ប្រសិនបើ​គាត់​យក​លុយ​ទេ ក៏​គ្មាន​ការ​លក់​បែប​រញ៉េរញ៉ៃ​ដូច​សព្វថ្ងៃ​នេះ​ដែរ​។​

​អាជីវករ​ដែល​ហួសចិត្ត​បន្ត​ខ្សឹប​ថា «​លោក​ប្រធាន​ផ្សារ និង​ប្រពន្ធ​គាត់ ទទួលបាន​លុយ​ច្រើន​ណាស់ ម្នាក់​៥០០០​រៀល ខ្លះ​មួយ​ម៉ឺន​រៀល​ពី​ថ្លៃ​ជួល​តូប​ធំ​២​ម៉ឺន​រៀល និង​ឆត្រ​១៥០០​រៀល ឆ​ត្រ​បាន​លុយ​ទៅ​ពូ​ប៉ូលិស​យាម​ម៉ូតូ បើ​ខាងក្នុង​វិញ ដាក់​ធុង​ក្លាស្សេ​ត្រី​ត្រូវ​បង់​ខែ ដឹក​អីវ៉ាន់​ចូល​ក៏​បង់​ខែ​ដែរ​លោក​អើយ​»​។ និយាយ​ពី​សន្តិសុខ​សណ្តាប់ធ្នាប់​វិញ ក្រុម​អាជីវករ​លើកឡើង​ដែរ​ថា​«​បើ​ដាក់​លក់​លើ​ផ្លូវ​លាន​ចេញ​ក្រៅ​គំនូស ក៏​លោក​ប្រធាន​ផ្សារ​តម្រូវ​ឲ្យ​បង់​ខែ​ពី​៣​ម៉ឺន​រៀល​ទៅ​៥​ម៉ឺន​រៀល គ្មាន​ការតវ៉ា​ព្រោះ​យើង​រស់​នៅក្នុង​ផ្សារ​គេ​ក្រោម​ដំបូល​គេ ចឹ​ង​ហើយ​បាន​និយាយ​វា​មិនកើត​ហ្នឹង​។ បើ​ខាងក្រៅ​ផ្សារ​វិញ ដាក់​លក់​លើ​ចិញ្ចើម​ផ្លូវ​គ្មាន​សល់​ទេ យូរៗ​កន្លែង​ចត​រថយន្ត​គ្មានទេ​»​។​ អាជីវ​ករវ័យ​កណ្តាល​ម្នាក់ទៀត លួច​បង្ហើប​ឲ្យ​ដឹងថា «​គ្រាន់តែ​ថ្លៃ​ដាក់​ធុង​តូច​មួយ ក៏ត្រូវ​បង់​ក្នុង​មួយខែ​២​ម៉ឺន​រៀល បើ​ដឹក​ឥវ៉ាន់​ចូល​ត្រូវ​បង់លុយ​អ្នកណា​បង់​ខែ​ត្រូវ​បង់​ខែ ណា​បង់​ថ្ងៃ​ត្រូវ​បង់​ថ្ងៃ​រូបគាត់​តែ​ត​តែ​ដឹក​ត្រី​ចូល​២​ថ្ងៃ​ម្តង បង់​ខែ​ក្នុង​មួយ​ខែ​១៥​ម៉ឺន​រៀល​និង​បង់ថ្លៃ​ធុង​ក្លាស្សេ​​ត្រី មួយខែ​២​ម៉ឺន​៥​ពាន់​រៀល​។ បើ​ផ្នែក​ខាងក្រៅ​ផ្សារ​មួយថ្ងៃ​២​ម៉ឺន -​តូប​ដាក់​ឆ​ត្រ​៣៤.៥០០​រៀល ហើយ​តូប​តូច​ណាស់ដែរ អញ្ចឹង​ហើយ​កន្លែង​ណា​ទំនេរ​ដាក់​កន្លែង​ហ្នឹង​។​

​ចំពោះ​អន្តរកាល​កំពុង​តានតឹង​នៃ​ការឆ្លង​រាលដាល​កូ​វីដ​១៩ គេ​មិនបាន​មាន​បន្ធូរបន្ថយ​ឲ្យ​ទេ តាន់​តែ​រឹប​បន្ថែម​ដល់​ថ្ងៃ​មិនទាន់​ឲ្យ​កូនចៅ​ដើរ​ប្រមូល​ហើយ ម៉ោង​ពេល ដែល​គេ​ដើរ​ប្រមូល ៖​ពេល​ថ្ងៃ​ម៉ោង​២​ឬ​៣​ល្ងាច «​តា​ប្រធាន​ផ្សារ​មិនសូវ​អី​ទេ តែ​ប្រពន្ធ​គាត់​នោះ បាន​ខ្លាំង ហើយ​មុខ​លុយ​ណាស់​»​៕

អត្ត​ប​ទ៖ សិរី​វឌ្ឍនៈ​

សូមចុចអាន៖ ​រដ្ឋបាលរាជធានីភ្នំពេញ ​សម្រេចបិទការ​លក់​គ្រឿង​ស្រវឹង​២​សប្ដាហ៍​បន្ត​ទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម