Connect with us

ព័ត៌មានជាតិ

អ្នកជំនាញសេដ្ឋកិច្ច៖ ការបើកដំណើរការទី​ផ្សារ ធ្វើ​ឲ្យ​តម្លៃ​ទំនិញមានការប្រកួតប្រជែង​ឡើង​វិញ​

បានផុស

នៅ

បន្ទាប់ពីបានបិទអស់រយៈពេលជិតមួយខែ ទីបំផុតរដ្ឋបាលរាជធានីភ្នំពេញបានសម្រេចឱ្យបើកដំណើរការផ្សារ​រដ្ឋចំនួន២៥ឡើងវិញ ចាប់ពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១តទៅ ដើម្បីសម្រួលដល់សកម្មភាពទិញលក់ និងចរន្តសេដ្ឋកិច្ចមួយចំនួននៅក្នុងរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត គី សេរីវឌ្ឍ បណ្ឌិតផ្នែកសេដ្ឋកិច្ច និងជាអ្នកស្រាវជ្រាវនៅរាជ្យបណ្ឌិតសភាកម្ពុជា មានប្រសាសន៍ថា៖ «នេះបង្ហាញពីការដំណើរការសេដ្ឋកិច្ចឡើងវិញ ដោយសាររាជរដ្ឋាភិបាលអាចគ្រប់គ្រងបញ្ហាជំងឺកូវីដ១៩បានច្រើន ដោយនៅភ្នំពេញនៅសល់តែតំបន់លឿងទុំ និងតំបន់លឿងប៉ុណ្ណោះ។ ម្យ៉ាងទៀត ការបើកច្រកសេដ្ឋកិច្ចឡើងវិញនឹងជួយស្រោចស្រង់សេដ្ឋកិច្ចគ្រួសារ ដោយសារប្រជាពលរដ្ឋមួយចំនួនដែលជាអាជីវករលក់ដូរមិនអាចរកប្រាក់ចំណូលបានក្រោយពេលបិទផ្សាររដ្ឋ។»

លោកបណ្ឌិត គី សេរីវឌ្ឍ បានបន្តថា ការបើកផ្សារឡើងវិញអាចនឹងជួយបន្ធូរបន្ថយថ្លៃទំនិញមួយចំនួនដូចជាបន្លែ ត្រីសាច់ជាដើម ដែលបានឡើងថ្លៃខ្លាំងពេលមានការបិទខ្ទប់រាជធានីភ្នំពេញ ខណៈផ្សាររដ្ឋទាំងអស់ត្រូវបានផ្អាកដំណើរការជាបណ្ដោះអាសន្ន។ ក្រោយមក អ្នកទិញទូទៅនៅរាជធានីភ្នំពេញបានងាកទៅទិញបន្លែ ត្រីសាច់នៅតាមផ្សារមិនរៀបរយ ដែលជាហេតុធ្វើឱ្យឈ្មួញកណ្ដាល និងអ្នកលក់មួយចំនួនឆ្លៀតឱកាសដំឡើងថ្លៃទំនិញតាមចិត្ត ក្នុងនោះបន្លែបានឡើងថ្លៃគុណជាបី ស្របពេលដែលអ្នកផលិតលក់ក្នុងតម្លៃធម្មតា។ ដូច្នេះ ការបើកផ្សារឡើងវិញនេះគឺដើម្បីកែតម្រូវប្រព័ន្ធសេដ្ឋកិច្ចនៅក្នុងស្រុកឱ្យរត់ទៅរកភាពប្រក្រតីឡើងវិញ។

ទាក់ទងនឹងការបើកដំណើរការផ្សាររដ្ឋឡើងវិញនេះ លោកបណ្ឌិត ចាន់ សុផល អ្នកវិភាគសេដ្ឋកិច្ចឯករាជ្យ បានលើកឡើងថា៖ «ទីផ្សារគឺជាផ្លូវដង្ហើមសេដ្ឋកិច្ចសម្រាប់មនុស្សមួយចំនួនធំដែលត្រូវការលក់ និងទិញទំនិញ ដូច្នេះការបើកផ្សារឡើងវិញនឹងជួយអ្នកលក់ដូរឱ្យមានប្រាក់ចំណូលឡើងវិញ។ ទន្ទឹមនេះ វាក៏នឹងជួយសម្រាលបន្ទុកដល់អ្នកដាំដុះបន្លែ និងអ្នកចិញ្ចឹមសត្វ ព្រមទាំងអ្នកផលិតគ្រឿងឧបភោគ បរិភោគផ្សេងទៀត ដែលត្រូវការទីផ្សារដើម្បីនាំទំនិញចេញទៅលក់។ »

ទោះជាយ៉ាងណា លោកបណ្ឌិត ចាន់ សុផល បានបន្តថា ហានិភ័យនៃការឆ្លងជំងឺកូវីដ១៩ឡើងវិញនៅតែមាន ពីព្រោះប្រជាពលរដ្ឋយើងភាគច្រើននៅបន្តប្រើប្រាស់ក្រដាសប្រាក់នៅពេលដោះដូរលុយទៅវិញទៅមក។ ម្យ៉ាងទៀត ប្រជាពលរដ្ឋអាចនឹងខ្វះខាតក្នុងបញ្ហាគម្លាតសង្គម ពីព្រោះទីផ្សារជាកន្លែងចង្អៀត ដូច្នេះគេគួររៀបចំធ្វើយ៉ាងណាធានានូវគម្លាតសង្គម ពេលបើកផ្សារឡើងវិញ។

គួរបញ្ជាក់ថា ដោយសារការបន្តឆ្លងរាលដាលនៃជំងឺកូវីដ-១៩កាន់តែច្រើន ផ្សារ​រដ្ឋ​ទាំងអស់នៅទូទាំងរាជធានីភ្នំពេញ ត្រូវបានអាជ្ញាធរផ្អាក​ដំណើរការ​ជា​បណ្ដោះអាសន្ន​ ​ចាប់ពី​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ២០២១ រហូតមកដល់ពេលបច្ចុប្បន្ន។

យោងតាមសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ផ្សារ​រដ្ឋទាំងអស់ចំនួន២៥នៅទូទាំងរាជធានីភ្នំពេញនឹងត្រូវបើកដំណើរការឡើងវិញ ចាប់ពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១តទៅ។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី ផ្សារមិនរៀបរយមិនទាន់អនុញ្ញាតបើកដំណើរការនៅឡើយទេ ដូចជាផ្សារក្រមួន ផ្សារចាត់តាំង ផ្សាររោងចក្រ ផ្សារសហគមន៍ ផ្សារក្នុងដីឡូត៍ឯកជន ផ្សារជុំវិញមន្ទីរពេទ្យ និងផ្សារតាមចញ្ចើមផ្លូវ ដើម្បីបន្ដបង្ការ និងទប់ស្កាត់ការរីករាលដាលធ្ងន់ធ្ងរ នៃជំងឺកូវីដ-១៩ ក្នុងសហគមន៍៕

អត្ថបទ៖ វ៉ាត វិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម