Connect with us

ព័ត៌មានជាតិ

អាយុ​មិន​ដល់​ ២០ ឆ្នាំ​ផង ឆក់​ទូរសព្ទ​បាន​​មួយ​ថ្ងៃ​ ប៉ូលិស​ក្របួច​​ជាប់

បានផុស

នៅ

ភ្នំពេញ៖ នគរបាលផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណី អំពើលួចមានស្ថានទម្ងន់ទោស ដោយការប្រព្រឹត្តអំពើហិង្សា (ឆក់យកទូរស័ព្ទដៃ) នៅចំណុចតាមផ្លូវជាតិលេខ៤ ភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។   

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យទាំង ២នាក់ ដែលត្រូវឃាត់ខ្លួន ក្នុងអំពើឆក់ទូរសព្ទ ១.ឈ្មោះ គង់ សម្បត្តិ ហៅ ខ្មៅ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិព្រៃកុដ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ មានសារធាតុញៀន។ ២.ឈ្មោះ ឡាង ផាណាន់ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុងភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ មានសារធាតុញៀន។

ដោយឡែកជនរងគ្រោះឈ្មោះ លន់ ស៊ីវឡាង ភេទស្រី អាយុ ២៣ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

នគរបាលផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល ប្រាប់​ឲ្យ​ដឹងថា កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ វេលា​ម៉ោងប្រហែល ១៨ និង ៤៥នាទី ជនរងគ្រោះ ឈ្មោះ លន់ ស៊ីវឡាង ភេទស្រី អាយុ ២៣ឆ្នាំ និងគូដណ្តឹងឈ្មោះ យ៉ែម សុភិរ័ក្ស បានជិះម៉ូតូ ម៉ាកស្កុបពី ពណ៌ស ស៊េរី ០២១ ចេញពីផ្សារជម្ពូវ័ន្ត ត្រឡប់មកផ្ទះ ភូមិព្រៃបឹង សង្កាត់កន្ទោក  ដោយជនរងគ្រោះ បានទុកទូរស័ព្ទ ម៉ាក អាយហ្វូន ៧ផ្លើស នៅក្នុងហោប៉ៅខោខាងមុខ ចំហៀងខាងឆ្វេង ដោយដាក់ចូលបានពាក់កណ្ដាល ហើយពាក់កណ្តាលទៀតនៅខាងក្រៅ ពេលជិះមកដល់ចំណុច ខាងកើតវត្តកំបូលប្រហែល ១៥០ម៉ែត្រ ស្រាប់តែមានជនសង្ស័យ ២នាក់ ជិះម៉ូតូ ១គ្រឿង ម៉ាក និច ពណ៌ទឹកមាស ពាក់ផ្លាកលេខ ព្រៃវែង 1P-3033 តាមពីក្រោយម៉ូតូរបស់ជនរងគ្រោះ ហើយវ៉ាមកទន្ទឹមខាងឆ្វេងដៃម៉ូតូ របស់ជនរងគ្រោះ ហើយជនសង្ស័យដែលអង្គុយក្រោយ បានប្រើដៃស្ដាំលូកចាប់ទាញយកទូរស័ព្ទដៃជនរងគ្រោះបានសម្រេច រួចបន្ថែមល្បឿនម៉ូតូគេចខ្លួន ។ ភ្លាមនោះ ជនរងគ្រោះបានស្រែកថា «ចោរៗ» គូដណ្ដឹង របស់ជនរងគ្រោះបានបើកម៉ូតូដេញតាមពីក្រោយដែរ តែដេញមិនទាន់ បន្ទាប់មកជនរងគ្រោះបានមកដាក់ពាក្យ បណ្ដឹងស្រាវជ្រាវនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកំបូល។

ប្រភពព័ត៌មានប្រាប់បន្តថា បន្ទាប់ពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ នៅថ្ងៃទី២៤ និងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ សមត្ថកិច្ចបានស្រាវជ្រាវ ឈានទៅឃាត់ខ្លួនជនសង្ស័យ ទាំង ២នាក់ ជាបន្តបន្ទាប់ រួមទាំងដលហូតវត្ថុតាងទូរស័ព្ទដៃរបស់ជនរងគ្រោះ ម៉ាក អាយហ្វូន ៧ផ្លើស ប្រគល់ជូនជនរងគ្រោះវិញផងដែរ ។

ចំពោះករណីនេះ សមត្ថកិច្ចនគរបាលខណ្ឌកំបូល បានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូង រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ដើម្បីផ្តន្ទាទោសតាមច្បាប់ ៕

អត្ថបទ៖ រ៉ាវុទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម