Connect with us

ព័ត៌មានជាតិ

អង្គការសម្ព័ន្ធសត្វព្រៃជួយស្ថាបនាផ្លូវក្រួស៥គីឡូម៉ែត្រចូលសហគមន៍កោះកុង និងគម្រោងជួយ​ផ្សេងទៀត

បានផុស

នៅ

កោះកុង៖ អង្គការសម្ព័ន្ធសត្វព្រៃ ជួយជាថវិកាចំនួន៥ម៉ឺនដុល្លារដល់រដ្ឋបាលឃុំដងពែង ដើម្បីសាងសង់ផ្លូវក្រួសក្រហម១ខ្សែប្រវែង៥គីឡូម៉ែត្រទៅកាន់ភូមិពោធិ៍បឹងដែលផ្តើមចេញពីតំបន់ព្រះអង្គកែវ ក្រោមគម្រោងរេដបូកតំបន់ជួរភ្នំក្រវាញខាងត្បូង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មិនយូរទេ នៅដើមខែវិច្ឆិកា ឆ្នាំ២០២១ គម្រោងស្ថាបនាផ្លូវនឹងចេញជារូបរាង ក្នុងន័យបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋអ្នកភូមិពោធិ៍បឹង ឃុំដងពែង ស្រុកស្រែអំបិល។ វត្តមានផ្លូវក្រួសក្រហមប្រវែង៥គីឡូម៉េត្រ ទទឹង៨ម៉ែត្រ នឹងលែងធ្វើឱ្យពលរដ្ឋដាច់ស្រយោលមួយនេះឯកោទៀតហើយ។

ក្រោយការប្រគល់ថវិកាចំនួន៥ម៉ឺនដុល្លារសហរដ្ឋអាមេរិកក្រោមគម្រោងរេដបូកតំបន់ជួរភ្នំក្រវាញ កញ្ញា សូវណ្ណា ហ្កោនឡែត ប្រធានអង្គការសម្ព័ន្ធសត្វព្រៃ កាលពីថ្ងៃទី២១ ខែមិថុនា បានលើកឡើងថា ប្រព័ន្ធគមនាគមន៍ធ្វើដំណើរជាកត្តាដ៏សំខាន់មិនអាចខ្វះបានឡើយសម្រាប់ប្រជាពលរដ្ឋ ក្នុងន័យជួយសង្រ្គោះអាយុជីវិតពលរដ្ឋអំឡុងឈឺថ្កាត់យប់ថ្ងៃ និងសម្រួលដល់ការដឹកជញ្ចូនកសិផលរបស់ពលរដ្ឋ គ្រាពួកគាត់រស់នៅកណ្តាលព្រៃ។

កញ្ញា សូ វណ្ណា រំលឹកថាកាលពីថ្ងៃវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ អង្គការសម្ព័ន្ធសត្វព្រៃ ធ្លាប់បានចុះសិក្សាផ្នែកសេដ្ឋកិច្ចសង្គមនៅក្នុងភូមិពោធិ៍បឹង ដោយមានកិច្ចសហការជាមួយមេភូមិ និងមេឃុំ តាមរយៈការកំណត់បានថាពលរដ្ឋមានតម្រូវការអ្វីខ្លះខ្លាំងជាងគេ បម្រើដល់លើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ។ អ្វីដែលជាលទ្ធផលនៃការសិក្សា គឺពលរដ្ឋចង់បានផ្លូវធ្វើដំណើរទៅមកងាយស្រួលមិនថាតែរដូវវស្សា ឬប្រាំងទេ។

ក្រៅពីគម្រោងផ្តល់ថវិកាស្ថាបនាផ្លូវ កញ្ញា សូវណ្ណា សន្យាថា នឹងបន្តធ្វើសាលារៀន មណ្ឌលសុខភាព និងអណ្តូងទឹកស្អាប្រើប្រាស់បន្ថែម គ្រាពុំទាន់មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ដូចជា៖ ក្រុមគ្រូពេទ្យជំនាញៗ គ្រូបង្រៀន និងបង្គន់អនាម័យជាដើម។

ក្នុងនាមជាថ្នាក់ដឹកនាំស្រុកមួយរូប លោក ហុង ប្រុស អភិបាលរងស្រុកស្រែអំបិល ចាត់ទុកកិច្ចគាំទ្ររបស់អង្គការសម្ព័ន្ធសត្វព្រៃថាជាដៃគូអភិវឌ្ឍន៍មិនអាចខ្វះបានលើដំណើរការអភិវឌ្ឍន៍ និងអភិរក្សក្នុងសហគមន៍នៅឆ្ងាយដាច់ស្រយោលពីគេ ហើយថែមទាំងរងប្រឈមនឹងប៉ពាល់ផ្សេងៗទៀត។

បើតាមលោក ហុង ប្រុស កន្លងទៅ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង និងលោក ជា ច័ន្ទកញ្ញា អភិបាលស្រុកស្រែអំបិល តែងយកចិត្តទុកដាក់ខ្ពស់អំពីសុខទុករបស់ពលរដ្ឋភូមិពោធិ៍បឹង តាមរយៈបង្កើតជាមូនិធិសប្បុរសធម៌ផ្សេងៗ ដើម្បីជួយឧបត្ថម្ភគាំទ្រជូនពួកគាត់នៅទីនោះ ដោយពុំបានទុកពួកគាត់ចោលតែឯកឯងពេកនោះទេ ថ្វីដ្បិតជាដាច់ឆ្ងាយដាច់ស្រយោលពីទីរួមស្រុកក៏ដោយ។

តំណាងពលរដ្ឋភូមិពោធិ៍បឹង លោក សៅ ចាន់ សមាជិកក្រុមប្រឹក្សាឃុំដងពែង បានក្តីរំពឹងទុកជាមុនថា នៅពេលផ្លូវក្រួសក្រហមប្រវែង៥គីឡូម៉ែត្រស្ថាបនារួចរាល់ នឹងបម្រើប្រយោជន៍ដល់ប្រជាពលរដ្ឋចំនួន៣២៧គ្រួសារ ព្រោះវាជាសេចក្តីត្រូវការដ៏ចាំបាច់បំផុតសម្រាប់កសិករក្រីក្រខ្វះខាត។

លោកសមាជិកក្រុមប្រឹក្សាឃុំដងពែង បានលើកឡើងទៀតថា គ្មានផ្លូវធ្វើដំណើរបានស្រួលបួល ពិតជាលំបាកណាស់ ជាពិសេសរដូវវស្សាតែម្តង ដោយត្រូវធ្វើដំណើររាប់ម៉ោងទំរាំដល់ទៅទីរួមស្រុក ឬមកភូមិដ្ឋានវិញ។

ឆ្លើយតបនឹងគម្រោងរេដបូក លោក សៅ ចាន់ អះអាងថា ប្រជាពលរដ្ឋរបស់លោកហាក់យល់ដឹងច្រើនពីការចូលរួមមិនបរបាញ់សត្វ ឬកាប់បំផ្លាញព្រៃឈើក្នុងតំបន់ដែនការពារអភិរក្សជាដើម ដោយងាកមកសហការជាមួយអង្គការសម្ព័ន្ធសត្វព្រៃ នាប៉ុន្មានឆ្នាំចុងក្រោយនេះ។

គម្រោងរេដបូកតំបន់ជួរភ្នំក្រវាញ ត្រូវបានរៀបចំឡើងដោយក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធសត្វព្រៃ ក្នុងគោលបំនង៣យ៉ាងគឺ៖ ទី១ ដើម្បីបានជាប្រយោជន៍សម្រាប់ជួយលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋមូលដ្ឋាន ទី២ រក្សាការពារព្រៃឈើឱ្យបានគង់វង្ស និងទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ព្រោះព្រៃឈើជាកន្លែងស្តុកកាបូនសម្រាប់លក់ និងទី៣ នាំមកនូវប្រាក់ចំណូលជូនរដ្ឋាភិបាលកម្ពុជា៕

អត្តបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម