Connect with us

ព័ត៌មានជាតិ

ឯកសារ​មួយ​បញ្ជាក់​យ៉ាង​ច្បាស់​តុកកែ​ជា​ពូជ​សត្វព្រៃ ​បែងចែក​ច្រើន​ប្រភេទ​ខុសៗ​គ្នា

បានផុស

នៅ

យោង​តាម​ឯកសារ​​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ​កាល​ពី​ឆ្នាំ ២០០៧ បង្ហាញ​យ៉ាង​ច្បាស់​ថា សត្វ​តុកកែ​ជា​ពូជ​សត្វ​ព្រៃ​មាន​ដោយ​បង្គួរ ដែល​​ត្រូវ​បាន​ការពារ​ដោយ​ច្បាប់។

ក្នុង​បញ្ជី​ឈ្មោះ​​ដែលមាន​សត្វព្រៃ​រាប់រយប្រភេទ​ បាន​ចាត់​ចំណាត់​ថ្នាក់​សត្វ​ព្រៃ​ជា ៣ ក្រុម​គឺ​​ប្រភេទ​ជិត​ផុត​ពូជ ប្រភេទ​មាន​ដោយ​កម្រ និង​ក្រុម​ប្រភេទ​មាន​ដោយ​បង្គួរ។

ក្នុង​​ឯកសារ​​បាន​បញ្ជាក់យ៉ាង​ច្បាស់​ តុកកែ​ស្ថិត​ក្នុង​ប្រភេទ​ឧរង្គសត្វ​មាន​ដោយ​បង្គួរ ហើយ​មាន​ច្រើ​ន​ប្រភេទដូចជា៖

-តុកកែ

-តុកកែ​កន្ទុយ​សំប៉ែត

-តុកកែ​ក្រាំង​ថ្ម

-តុកកែ​ខ្លួន​រលោង

-តុកកែ​ភ្នំ​ក្រវាញ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពពួកសត្វព្រៃគ្រប់ប្រភេទត្រូវ​បាន​កំណត់​ជាសម្បត្តិ​របស់រដ្ឋ និងជាសមាសភាគនៃធនធានព្រៃឈើដែលរួមមាន ពពួកថនិកសត្វ បក្សីសត្វ ឧរង្គសត្វ បាណក​សត្វ និងសត្វឥតឆ្អឹងកងផ្សេងៗទៀត ព្រមទាំងពងកូនរបស់វា។ ពពួកសត្វព្រៃទាំងអស់ ស្ថិតក្រោមការគ្រប់គ្រង ការសិក្សាស្រាវជ្រាវ និង ការអភិរក្សដោយរដ្ឋបាលព្រៃឈើ ដោយមិនរាប់បញ្ចូលត្រី និងសត្វបង្កកំណើតក្នុងទឹក។ លក្ខណៈវិនិច្ឆ័យសម្រាប់ចាត់ថ្នាក់ពពួកសត្វព្រៃត្រូវឈរលើលក្ខខណ្ឌ​សង្គម សេដ្ឋកិច្ច បរិស្ថានជាក់ស្តែង ផ្អែកតាមព័ត៌មានវិទ្យាសាស្ត្រថ្នាក់ជាតិ ឬអន្តរជាតិ។

យោងតាមប្រកាសលេខ ០២០ ប្រ.ក កសក ចុះថ្ងៃទី២៥ ខែ មករា ឆ្នាំ២០០៧ របស់​ក្រសួង​កសិកម្ម មាន​ការ​បែងចែក​​សត្វព្រៃ​មាន​ច្រើន​ក្រុម​មាន​ដូចជា៖

១-ក្រុមប្រភេទជិតផុតពូជ គឺជាប្រភេទសត្វព្រៃទាំងឡាយនៅក្នុងធម្មជាតិ ដែលចំពោះមុខដង់ស៊ីតេនៃសារព័ន្ធ និងភូមិសាស្ត្រនៃទីជម្រករបស់វា ត្រូវបានថយចុះយ៉ាងឆាប់រហ័សក្នុងរយៈពេលដប់ (១០) ឆ្នាំចុងក្រោយ ឬ ក្នុងរយៈពេល បី(៣) ជំនាន់តំណពូជនៅក្នុងធម្មជាតិ និងជាប្រភេទដែលមានសារៈសំខាន់ខាងផ្នែកវិទ្យាសាស្ត្រ ព្រមទាំងមានតម្លៃសេដ្ឋកិច្ចខ្ពស់។

២-ក្រុមប្រភេទមានដោយកម្រ គឺជាប្រភេទសត្វព្រៃទាំងឡាយនៅក្នុងធម្មជាតិ ដែលចំពោះមុខដង់ស៊ីតេនៃ សារព័ន្ធរបស់វាមានកម្រិតទាប កម្រជួបប្រទះ ឬ​មានដោយកម្រ ដែលអាចជួបប្រទះតែនៅក្នុងទីជម្រកណាមួយ​ជាក់លាក់ ឬ ជាស្ថានិកប្រភេទ និងអាចប្រឈមមុខចំពោះការគំរាមកំហែង ឈានទៅរកការផុតពូជនៅក្នុងធម្មជាតិ ។

៣-ក្រុមប្រភេទមានដោយបង្ហូរ គឺជាប្រភេទសត្វព្រៃទាំងឡាយនៅក្នុងធម្មជាតិ ដែលចំពោះមុខដង់ស៊ីតេនៃ សារព័ន្ធរបស់វា មានកម្រិតច្រើនបង្គួរ មានរបាយទូលំទូលាយ មានសក្តានុពលបន្តពូជឆាប់រហ័ស និងរងការគំរាមកំហែងតិចតួចក្នុងតម្រូវការសង្គមសេដ្ឋកិច្ច។ ប្រភេទសត្វព្រៃក្នុងក្រុមមានដោយបង្គួរ រួមមានគ្រប់ប្រភេទ​សត្វ ដែលមិនបានចាត់ថ្នាក់ក្នុងក្រុមប្រភេទជិតផុតពូជ និង ក្រុមមានដោយកម្រ។

បើតាម​មន្រ្តី​នាយកដ្ឋាន​សត្វព្រៃនៃ​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ និង​នេសាទ​​បង្ហាញ​ពី​តួលេខ​សត្វព្រៃដែល​មាន​នៅ​ប្រទេស​​កម្ពុជាក្នុង​នោះមាន៖

– ថនិកសត្វប្រហែល ១៦២ប្រភេទ

– សត្វស្លាបប្រហែល ៦០១ប្រភេទ

– ឧរង្គសត្វប្រហែល១៧៥ ប្រភេទ

– ថលជលិកសត្វប្រហែល ៧៥ ប្រភេទ

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម