Connect with us

ព័ត៌មានជាតិ

ស្នងការរាជធានីភ្នំពេញ កំពុងពន្លឿន​ការធ្វើអត្តសញ្ញាណប័ណ្ណ​ឱ្យពលរដ្ឋត្រៀមចូលរួមបោះ​ឆ្នោតខាងមុខ

បានផុស

នៅ

ស្នងការរាជធានីភ្នំពេញកំពុងពន្លឿនការផ្តល់សេវាអត្តសញ្ញាណកម្មជូនពលរដ្ឋសម្រាប់ប្រើប្រាស់ក្នុងកិច្ចការងារសំខាន់ផ្សេងៗ ជាពិសេសក្នុងការប្រើប្រាស់ចូលរួមចុះឈ្មោះ និងចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អណត្តិទី៥ ឆ្នាំ២០២២ និងជ្រើសសមាជិករដ្ឋសភា នីតិកាលទី៧ ឆ្នាំ២០២៣នាពេលខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧត្តមសេនីយ៍ទោ ហម វ៉ាន់ថា ស្នងការរងទទួលផែនការងារអត្តសញ្ញាណកម្ម នៃស្នងការដ្ឋាននគរ​បាល​រាជធានីភ្នំពេញ បានឱ្យដឹងថាការផ្តល់សេវាអត្តសញ្ញាណកម្មពីសំណាក់នគរបាលជំនាញរាជធានីភ្នំពេញ ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ បានកំពុងពន្លឿនអនុវត្ត ដោយមិនឱ្យមានការរាំងស្ទះនោះទ ទោះបីរាជធានីភ្នំពេញកំពុងប្រឈមឆ្លងរីករាលដាលជំងឺកូវីដ-១៩ បំប្លែងថ្មី (DELTA) យ៉ាងណាក៏ដោយនោះ ។

លោកឧត្តមសេនីយ៍ទោ បានបន្តថាកម្លាំងនគរបាលជំនាញនៅតាមបណ្តាប៉ុស្តិ៍រដ្ឋបាលទាំង១០៥ និងនៅអធិការដ្ឋាននគរបាលខណ្ឌទាំង១៤  បាននឹងកំពុងយកចិត្តទុកដាក់ធ្វើផ្តល់ជូនប្រជាពលរដ្ឋ មិនឱ្យមានការរាំងស្ទះនោះទេ ហើយកិច្ចការងារនេះទាំងមន្រ្តីផ្តល់សេវា និងប្រជាពលរដ្ឋមកទទួលសេវាអត្តសញ្ញាណកម្មបាននាំគ្នាចូលរួមអនុវត្តទៅតាមវិធានក្រសួងសុខាភិបាលយ៉ាងខ្ជាប់ខ្ជួន ក្នុងការចូលរួមបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩។

លោកឧត្តមសេនីយ៍ទោបានដឹងទៀតថា នៅក្នុងរយៈពេល០១ខែចុងក្រោយនេះ គឺខែសីហា ឆ្នាំ២០២១ មន្រ្តីជំនាញបានបំពេញបែបបទផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋចំនួន១.៧៥៨នាក់ និងបានប្រគល់ជូនប្រជាពលរដ្ឋប្រើប្រាស់ចំនួន៦៧៥នាក់ខណៈផែនការត្រូវបន្តផ្តល់អត្តសញ្ញាណប័ណ្ណក្នុងឆ្នាំ​២០២១ មានចំនួន២ម៉ឺន ៥ពាន់ ៥៦៦នាក់ ហើយក្នុងនោះអ្នកមកបំពេញបែបបទសុំផ្តល់អត្តសញ្ញាណប័ណ្ណនៅក្នុងឆ្នាំ២០២១ បានចំនួន២ម៉ឺន១ពាន់៦៥៧នាក់ ស្មើនឹង៨៥ភាគរយ។

លោកឧត្តមសេនីយ៍ទោ ហម វ៉ាន់ថា បានណែនាំដល់ប្រជាពលរដ្ឋដែលមកសុំទទួលធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ត្រូវមានឯកសារ សៀវភៅស្នាក់នៅ (ក២) សៀវភៅគ្រួសារ(ក៤) និងសំបុត្រកំណើតហើយការផ្តល់ជូននេះ តាមគោលការណ៍គឺមិនឱ្យលើសរយៈពេល៣០ថ្ងៃនិងក៏មិនតម្រូវឱ្យបង់ប្រាក់នោះទេ។

គួរបញ្ជាក់ថា ក្រសួងមហាផ្ទៃបានសម្រេចផ្ទេរសមត្ថកិច្ចចុះហត្ថលេខាលើសៀវភៅស្នាក់នៅ (ក២) នៅថ្នាក់ស្រុក ក្រុង ខណ្ឌ មកថ្នាក់ប៉ុស្តិ៍នគរបាលរដ្ឋបាល ជាអ្នកផ្តល់ជូន ចំណែកសៀវភៅគ្រួសារ(ក៤) ពីថ្នាក់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត មកថ្នាក់ក្រុង ស្រុកខណ្ឌវិញ ដើម្បីបង្កើនការអនុវត្តភារកិច្ចរបស់មន្រ្តីជំនាញផ្តល់សេវាអត្តសញ្ញាណកម្មឱ្យបានលឿនឆាប់រហ័ស និងកាន់តែមានប្រសិទ្ធភាព៕

អត្ថបទៈ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម