ព័ត៌មានជាតិ
បទយកការណ៍៖ ទឹកចិត្តអាណាព្យាបាលចំពោះការបើកសាលារៀនឡើងវិញ
ក្រោយប្រមុខរាជរដ្ឋាភិបាលណែនាំឱ្យរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និង កីឡា ពិភាក្សាជាមួយរដ្ឋបាលរាជធានីខេត្តត្រៀមបើកដំណើការសាលារៀនឡើងវិញ មាតាបិតា និងអាណាព្យាបាលសិស្សភាគច្រើនបាសម្ដែងនូវការអបអរសាទរជាខ្លាំង ហើយបានអះអាងថា នឹងបញ្ជូនកូនទៅសាលារៀនជាមួយនឹងវិធានសុខាភិបាលដើម្បីការពារការឆ្លង កូវីដ-១៩។ ទាំងលោកគ្រូអ្នកគ្រូ ទាំងអាណាព្យាបាល និងសិស្សសុទ្ធតែបានអះអាងថាការរៀនតាមអនឡាញមិនសូវជាទទួលបានលទ្ធផលនោះទេ ក៏ប៉ុន្តែវាហាក់ដូចជាបានបង្កបញ្ហាទៅលើសុខភាពភ្នែកក៏ដូចជាសុខភាពផ្លូវចិត្តរបស់កុមារ និយុវវ័យថែមទៀត។

ជាមន្រ្តីរាជការវ័យជាង ៣០ ឆ្នាំ អ្នកស្រី សុធី បានថ្លែងថា អ្នកស្រីបានរង់ចាំការបើកសាលារៀននេះយូរហើយ ចង់ឃើញកូនចូលរៀននៅសាលាឡើងវិញ បើទោះបីមានការព្រួយបារម្ភតិចតិចអំពីបញ្ហាកូវីដ-១៩ ក៏ដោយ។ តែបញ្ហាអនាគតរបស់កូនក៏ជារឿងសំខាន់ ព្រោះក្មេងនៅពេលឈប់ពីសាលាយូរអាចខ្លាចសាលារៀន ហើយវាខាតទាំងការរៀនសូត្រ ព្រោះអាយុចេះតែកើនឡើង តែចំណេះដឹងមិនបានកើនឡើង នេះជាបញ្ហា។
អ្នកស្រី សុធី ថ្លែងថា៖ “ខ្ញុំបានត្រៀមខ្លួនឱ្យកូនចូលរៀនឡើងវិញនៅតាមសាលារៀនកូនទៅរៀន ឬក៏មានការព្រួយបារម្ភខ្លះដែរ ប៉ុន្តែដោយសារឃើញរាជរដ្ឋាភិបាល និងក្រសួងអប់រំបានយកចិត្តទុកដាក់ទៅលើសុវត្ថិភាពរបស់សិស្ស ដែលអាចឱ្យយើងមានការទុកចិត្តច្រើនទៅលើវិធានការរបស់រាជរដ្ឋាភិបាល និងវិធានការរបស់ក្រសួងអប់រំ យុវជន និងកីឡា។ យើងមានទំនុកចិត្តថា កូនរបស់យើងមានសុវត្ថិភាព ដូចនេះយើងក៏មានការត្រេកអរដែលអាចឱ្យកូនបានទៅកាន់សាលារៀនវិញ”។
អ្នកស្រី សុធី បន្តថា ដោយសារកូនៗរបស់អ្នកស្រីមានវ័យជំទង់បន្តិចទៅហើយ ពួកគេរៀននៅអនុវិទ្យាល័យនិងវិទ្យាល័យ អ្នកស្រីអាចទុកចិត្តបានចំពោះការយល់ដឹង និងការចេះការពារខ្លួនរបស់ពួកគេ។ អ្នកស្រីបានថ្លែងទៀតថា អ្នកស្រីមានការព្រួយបារម្ភចំពោះការសិក្សារបស់កូន ព្រោះតាមរយៈការសិក្សាតាមអនឡាញកន្លងមកអ្នកស្រីសង្គេតឃើញថា គុណភាពសិក្សារបស់កូនមានការថយចុះជាងមុន។ អ្នកស្រីបន្តថា ការសិក្សាតាមអនឡាញមិនដូចជាការសិក្សានៅក្នុងថ្នាក់រៀនទេ។ កាលណាអាណាព្យាបាល ឬឪពុកម្តាយមិនឆ្លៀតពេលក្នុងការជួយបង្រៀនកូនបន្ថែមនោះទេ ការសិក្សារបស់កូននឹងរឹតតែធ្លាក់ចុះខ្លាំង។ ម្យ៉ាងទៀតកូនៗដែលទម្លាប់មិនប្រើទូរស័ព្ទ បែរជាមកកាន់ទូរស័ព្ទជាប់រហូត ហើយគ្រួសារខ្លះប៉ាម៉ាក់ទៅធ្វើការបាត់ៗពីផ្ទះទៀតមិនដឹងថា ពេលមិននៅផ្ទះកូនយើងរៀន ឬក៏លេងហ្គេម ឬក៏ធ្វើអ្វីខ្លះក៏យើងមិនដឹង។ អ្នកស្រីបន្តថា រៀននៅតាមសាលាយើងរៀនដោយផ្ទាល់ជាមួយលោកគ្រូអ្នកគ្រូ យើងអាចរៀនបានច្រើនជាងការដែលរៀនតាមអនឡាញ។
អ្នកស្រីបានបន្តថា ដើម្បីសុវត្តិភាពកូន អ្នកស្រីបានត្រៀមរួចជាស្រេចក្នុងការរៀបចំម្ហូបអាហារសម្រាប់កូនៗមុនពេលទៅរៀនដើម្បីកុំឱ្យកូនទៅទទួលទានអាហារដែលលក់នៅក្នុងសាលាដែលនេះជាវិធានការការពារសុវត្ថិភាព។
ការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ បានចូលដល់ឆ្នំាទីពីរហើយ ការបើកដំណើរការសាលារៀនឡើងវិញប្រកបដោយសុវត្ថិភាពបានក្លាយជាអាទិភាពបន្ទាន់មួយ។ ការរៀននៅក្នុងសាលាមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ការអប់រំរបស់កុមារ និងសក្តានុពលសម្រាប់ជីវិតពួកគេ។ ការខាតបង់រយៈពេលវែងចេញពីការបិទទ្វារសាលារៀន មានទំហំធំធេងក្រៃលែងទាំងសម្រាប់កុមារ និងយុវវ័យម្នាក់ៗ និងសម្រាប់សង្គមទាំងមូល។ ការព្រួយបារម្ភអំពីកូវីដ-១៩ នៅតែជាបញ្ហាសម្រាប់ឪពុកម្ដាយ ក៏ប៉ុន្តែការគិតគូរពីអនាគតរបស់កូនសិស្សក្នុងការទទួលបាននូវចំណេះដឹង ក៏ជាផ្នែកមួយដែលមិនអាចខ្វះបាន។

លោក ហេង ឃៀង ជាអាជីវករនៅផ្សារអូឡាំពិក ដែលមានកូនរៀននៅសាលាឯកជនដ៏ល្បីមួយនៅភ្នំពេញបានលើកឡើងថា ក្នុងរយៈពេលនៃវិបត្តិកូវីដ-១៩ជាងមួយឆ្នាំនេះ កូនរបស់លោកបានប្តូរមករៀនតាមអនឡាញវិញ លោកសង្កេតឃើញថា ការសិក្សារបស់កូនមិនបានពេញលេញ ជួនកាលជួបនូវបញ្ហាអ៊ិនធឺណេត មានការរអាក់រអួល ជាពិសេសលោកសង្គេតឃើញថា កូនរបស់លោកហាក់ដូចជាមិនយកចិត្តទុកក្នុងការស្តាប់គ្រូបង្រៀនប៉ុន្មានទេ។ ដូច្នេះទាមទារឱ្យលោកជាអាណាព្យាបាលនៃសិស្សត្រូវតែជួយជំរុញ និងដាស់តឿនដល់កូនៗឱ្យខិតខំប្រឹងប្រែងរៀន ព្រមទាំងឆ្លៀតពេលដើម្បីជួយបង្រៀនកូនបន្ថែមទៀត។ លោកបន្តថា តាមពិតលោកចង់ឱ្យកូនផ្អាករៀនសិន ក៏ប៉ុន្តែបើផ្អាករៀនវាធ្វើឱ្យខាតការសិក្សារបស់កូន ដូច្នេះក៏ទ្រាំបង់លុយឱ្យកូនរៀនបន្តទៀត ដោយខាងសាលាចុះថ្លៃ ២០ភាគរយ។
លោក ហេង ឃៀង បានលើកឡើងថា ការបើកសាលារៀនឡើងវិញជាការល្អណាស់ លោកអបអរសាទរ។ លោកបន្តថា តាមពិតទៅសាលារៀនឯកជនដែលកូនរបស់លោករៀនគឺគេរៀបចំវិធានការការពារបានល្អ ណាស់ មានការវាស់កម្ដៅ មានការលាងដៃដោយសាប៊ូ ពាក់ម៉ាស និងរក្សាគម្លាតបានល្អ ព្រមទាំងថ្នាក់រៀនក៏មានអនាម័យបរិស្ថានល្អ តែការសម្រេចបិទសាលារបស់ក្រសួងអប់រំ គឺមិនបានពិនិត្យថាសាលារៀនណាអនុវត្តន៍វិធានការពារបានល្អ ឬមិនបានល្អទេ គឺបិទទាំងអស់។
តាមពិតជំងឺកូវីដ-១៩ គឺវាជាជំងឺដែលយើងត្រូវរស់នៅជាមួយវារហូត គឺត្រូវតែមិនគួរមានការព្រួយបារម្ភខ្លាំងពេកនោះទេព្រោះយើងសង្កេតឃើញថា សិស្សទាំងឡាយបានមកកាន់សាលារៀនជាមួយនឹងការការពារខ្លួនយ៉ាងពិតប្រាកដ។
អ្នកគ្រូបង្រៀនថ្នាក់វិទ្យាល័យម្នាក់នៅរាជធានីភ្នំពេញ ឈ្មោះ ផល្លី បានលើកឡើងថា នៅវិទ្យាល័យរបស់អ្នកគ្រូមានការបែងចែកម៉ោងរៀនមិនឱ្យអ្នកក្រៅចូលក្នុងសាលារៀននោះទេ។ រៀនជាលក្ខណៈបណ្តុំបានន័យថា ក្នុង១ថ្នាក់មានសិស្សក្រោម ១៥ នាក់ ហើយរៀនឆ្លាស់វេនគ្នាដោយអនុវត្តន៍នូវវិធានរបស់ក្រសួងសុខាភិបាល ប៉ុន្តែបន្ទាប់ពីមានការបទខ្ទប់មក សាលារៀនក៏បិទរហូតមកដោយឱ្យរៀនពីចម្ងាយ រៀនតាមអនឡាញ។ បើតាមអ្នកគ្រូការបង្រៀនតាមអនឡាញមិនអាចធ្វើឱ្យសិស្សអាចទទួលបានចំណេះដឹងគ្រប់គ្រាន់នោះទេ ដោយសារសិស្សជាច្រើនមិនទាន់ទម្លាប់រៀនតាមអនឡាញ។ អ្នកស្រីបន្ថែមថា សម្រាប់សិស្សដែលមានជីវភាពក្រីក្រ ជាពិសេសសិស្សដែលបាត់បង់ឱកាសក្នុងការទទួលបានចំណេះដឹងតែម្តងដោយសារពួកគេមិនមានលទ្ធភាពប្រើប្រាស់អ៊ិនធឺណិត និងទិញឧបករណ៍ទូរស័ព្ទស្មាតហ្វូន ឬកុំព្យូទ័រដើម្បីរៀននោះទេ។ សូម្បីតែគ្រូបង្រៀនមួយចំនួនក៏មិនទាន់ស្ទាត់ជំនាញក្នុងការប្រើប្រាស់ទូរស័ព្ទ និងការបង្រៀនតាមអនឡាញនេះផង។ សេវាទាំងនេះមិនអាចជំនួសឱ្យការរៀនផ្ទាល់បានឡើយ។

អ្នកគ្រូបានបង្ហាញការគាំទ្រឱ្យមានការបើកសាលារៀនឡើងវិញ ព្រោះការបិទទ្វារសាលារៀនអូសបន្លាយរយៈពេលយូរ បង្កផលប៉ះពាល់យ៉ាងច្រើនមិនត្រឹមតែមកលើការទទួលបានចំណេះដឹងរបស់កុមារ និង យុវជនប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់លើសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្តរបស់ពួកគេផងដែរ។
បើទោះជាការបិទទ្វារសាលារៀននាំឱ្យមានការខាតបង់យ៉ាងច្បាស់ក៏ដោយ តែក៏មានខេត្តក្រុងខ្លះនៅអល់អែកក្នុងការបើកសាលារៀនឡើងវិញ ដោយភ័យខ្លាចមានការកើនឡើងនូវករណីឆ្លងជំងឺនេះ។ ប៉ុន្តែនៅពេលនេះយើងគួរផ្តោតការយកចិត្តទុកដាក់លើការប្រើប្រាស់ចំណេះដឹងដែលយើងដឹងអំពីជំងឺកូវីដ-១៩ ដើម្បីខិតខំរិះរកវិធីបើកដំណើរការសាលារៀនឡើងវិញប្រកបដោយសុវត្ថិភាព។ ការបើកសាលារៀនឡើងវិញពិតជាផ្តើមចេញពីការចាក់វ៉ាក់សាំងបានច្រើន។ ក៏ប៉ុន្តែពេលនេះយើងចាំបាច់ត្រូវរៀនរស់ និងរៀនធ្វើការទៅតាម “គន្លងថ្មី” ប្រកបដោយចីរភាព។
កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១នេះ មាន ៩៦,៦៧% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨៦,២៩% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់។

សាលារៀនជាច្រើនក្នុងរាជធានីភ្នំពេញ ក៏ដូចជាតាមបណ្តាខេត្តមួយចំនួន កំពុងត្រៀមខ្លួនបើកដំណើរការឡើងវិញ ដោយមានការសំអាតទីធា្លសាលារៀន ថ្នាក់រៀន និងការបាញ់ថ្នាំសម្លាប់មេរោគយ៉ាងមមាញឹក។ សាលារៀនខ្លះដែលត្រូវធ្វើជាមណ្ឌលចត្តាឡីស័ក ឬកន្លែងព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល ក៏បានផ្លាស់ប្តូរទៅធ្វើនៅទីតាំងផ្សេង ដើម្បីយកសាលារៀនឱ្យសិស្សានុសិស្សបានចូលរៀនឡើងវិញ។ សាលារៀនខ្លះត្រូវបានលោកគ្រូអ្នកគ្រូរៀបចំនៅក្នុងបន្ទប់រៀន ដោយគូសប្លង់សម្រាប់ឱ្យសិស្សអង្គុយ ដើម្បីរក្សាគម្លាតមិនឱ្យអង្គុយជិតគ្នា នៅក្រៅទីធ្លាសាលាមានរៀបចំកន្លែងលាងសំអាតដៃជាមួយសាប៊ូ នៅមុខអគារមានការរៀបចំដាក់ដាក់អាកុល និងវាស់កំដៅសម្រាប់សិស្ស និងគ្រូ។ ជាមួយនេះ សាលាខ្លះដោយមានការជួយឧបត្ថម្ភពីសប្បុរសជន ឬ អាណាព្យាបាលសិស្ស បានត្រៀមម៉ាស់សម្រាប់សិស្សដែលមកសាលារៀន ហើយមិនមានពាក់ម៉ាស។ ចំណែក ការលក់ដូចចំណីចំណុកនៅក្នុងសាលាត្រូវបានហាមឃាត់។ សាលារៀនដែលធ្លាប់តែស្ងប់ស្ងាត់នឹងបើកទ្វារទទួលសិស្សចូលរៀនឡើងវិញ ភាពអ៊ូអរ សំឡេងចម្រៀងគោរពទង់ជាតិ សំឡេងជួងចូលរៀននឹងបន្លឺឡើងវិញ ក្នុងពេលឆាប់ៗខាងមុខនេះ៕
អត្ថបទ៖ ណារី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


