ព័ត៌មានជាតិ
មន្រ្តីជាន់ខ្ពស់ ប្រាប់វិធីបង្ការជំងឺកូវីដ-១៩ ក្នុងឱកាសដំណើរកម្សាន្ត បុណ្យភ្ជុំបិណ្ឌ
ពិធិបុណ្យភ្ជុំបិណ្ឌនឹងខិតមកដល់នៅរយៈពេល៥ថ្ងៃទៀតនេះ ពោលនៅចាប់ពីថ្ងៃអង្គារទី៥ រហូតដល់ថ្ងៃទី៦ ខែកញ្ញានេះ ទន្ទឹមពេលរាជរដ្ឋាភិបាលក៏បានអនុញ្ញាតមន្ត្រីរាជការសាធារណៈ បុគ្គលិកក្រុមហ៊ុនឯកជន រោងចក្រជាដើម អាចឈប់សម្រាកក្នុងឱកាសបុណ្យភ្ជុំនេះ មន្ត្រីជាន់ខ្ពស់របស់ក្រសួងសុខាភិបាល បានរំលឹកណែនាំដល់អាជ្ញាធរ និងប្រជាពលរដ្ឋ ឱ្យពង្រឹង និងអនុវត្តវិធានការបង្ការជំងឺកូវីដ-១៩ តាំងពីការធ្វើដំណើរ ការជួបជុំនៅ ភោជនីយដ្ឋាន ទីរមណីដ្ឋាន និងកន្លែងស្នាក់ជាដើម ដើម្បីបញ្ចៀសការឆ្លង និងការរាលដាលនៃជំងឺកូវីដ-១៩។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល មានប្រសាសន៍ថា ការយកចិត្តទុកដាក់ និងបង្ការជំងឺកូវីដ-១៩ ក្នុងកំឡុងឱកាសបុណ្យភ្ជុំបិណ្ឌ គឺជារឿងសំខាន់ណាស់ ជាមួយគ្នានេះអាជ្ញាធរមូលដ្ឋានត្រូវខិតខំរៀបចំឱ្យបានរួចរាល់ជាមុន មានយន្តការតាមដាន ពីព្រោះប្រជាពលរដ្ឋមួយចំនួនមិនបានអនុវត្តតាមវិធានបង្ការបានត្រឹមត្រូវទេ។
លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍បន្តថា៖ “អ៊ីចឹងបើយើងខ្វះយន្តការតាមដានការអនុវត្តនូវវិធានការការពារនេះ មិនយូរមិនឆាប់យើងនឹងជួបប្រទះការផ្ទុះការចម្លងវីរុសកូវីដ-១៩ ទៀតជាមិនខាន។ អ៊ីចឹងសំខាន់ណាស់ ខ្ញុំសូមអំពាវនាវដល់អាជ្ញធរមូលដ្ឋានទាំងអស់ មុននឹងដល់ថ្ងៃត្រូវឈប់៣ថ្ងៃនេះ គឺត្រូវចាត់ចែងរៀបចំពីឥឡូវឱ្យហើយ ត្រៀមសម្រាប់អ្នកប្រុងប្រៀបធ្វើដំណើរ និងទីកន្លែងដែលគាត់ត្រូវទៅដល់”។

រដ្ឋលេខាធិការក្រសួងសុខាភិបាលខាងលើ បានបញ្ជាក់ថា ចំពោះទីតាំងកន្លែងកម្សាន្ដដែលប្រជាពលរដ្ឋទៅដល់ ពួកគាត់អាចសម្រាក១យប់ ២យប់ ដែលគាត់អាចស្នាក់នៅតាមផ្ទះសំណាក់ ឬសណ្ឋាគារ។ ដូចនេះការចាត់ចែងទី១ត្រូវឱ្យច្បាស់ថា ផ្ទះសំណាក់ សណ្ឋាគារ មិនមែនជាទីតាំងដែលមានការផ្ទុះចេញនូវមេរោគកូវីដ-១៩ ព្រោះបើមិនមានការសម្អាត និងសម្លាប់មេរោគបានត្រឹមត្រូវទេ អ្នកចូលទៅស្នាក់បន្ត អាចទទួលការចម្លង។
មន្ត្រីអ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះ បានមានប្រសាសន៍ថា ដោយឡែកសម្រាប់ ភោជនីយដ្ឋាន អាហារដ្ឋាន ក៏ត្រូវអនុវត្តឱ្យបានត្រឹមត្រូវ កុំឱ្យដូចមុនមានប្រជ្រៀតគ្នា ពិសាអាហារជុំគ្នា ដោយគួរទិញហើយខ្ចប់ ឬពិសាក្នុងគ្រួសារតូចៗវិញទៅ ហើយត្រូវចៀសវាងទីតាំងបិទជិត។

លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍បន្តថា៖ “ចំណែកនៅកន្លែងដើរកម្សាន្ត ក៏ត្រូវចាត់ចែងរៀបចំឱ្យមានការតាមដាន ប្រសិនមានបុគ្គលមិនពាក់ម៉ាស គឺត្រូវណែនាំគាត់ភ្លាម ហើយប្រសិនមានការជួបជុំគ្នាច្រើន ត្រូវណែនាំពួកគាត់ឱ្យបំបែកគ្នា ជាក្រុមតូចៗ។ ម៉្យាងទៀតត្រូវមានអ្នកត្រួតពិនិត្យ ចាំវាស់កម្ដៅ បាញ់អាល់កុលសម្រាប់់អ្នកចេញចូលទីរមណីដ្ឋាននោះផងដែរ”។
លោកស្រីវេជ្ជបណ្ឌិត មានប្រសាសន៍បន្ថែមថា៖ “ដោយឡែកសម្រាប់អ្នកធ្វើដំណើរ ត្រូវមានការសម្រេចចិត្តឱ្យបានត្រឹមត្រូវ មុននឹងទៅកន្លែងណាមួយ ត្រូវគិតថា តើចាំបាច់ត្រូវទៅទេ? បើមិនចាំបាច់ទេ យើងនៅផ្ទះជួបជុំរីករាយជាមួយគ្រួសារយើងទៅ។ តែបើចាំបាច់ថាត្រូវទៅហើយ ត្រូវចេះជ្រើសរើសមធ្យោបាយធ្វើដំណើរឱ្យបានត្រឹមត្រូវ ហើយចៀសវាងការប្រមូលមនុស្សច្រើនពីកន្លែងផ្សេងគ្នាឱ្យជិះឡានជាមួយគ្នា គឺជិះឡានតែជាមួយសមាជិកគ្រួសារបានហើយ”។
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលរូបនេះ បញ្ជាក់ទៀតថា ទន្ទឹមនេះ បើមិនមានមធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួនទេ គឺត្រូវចេះជ្រើសរើសនូវមធ្យោបាយធ្វើដំណើរសាធារណៈ ហើយអាជ្ញាធរត្រូវរៀបចំនូវមធ្យោបាយធ្វើដំណើរសាធារណៈនេះឱ្យបានត្រឹមត្រូវ ដោយឱ្យអ្នកបើករថយន្ត ឬតាក់ស៊ី ត្រូវអនុវត្តតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន។

គួររំលឹកថា ក្នុងការថ្លែងសារពិសេសជូនជនរួមជាតិពាក់ព័ន្ធស្ថានភាពជំងឺកូវីដ-១៩ កាលពីថ្ងៃទី ២៥ ខែកញ្ញានេះ សម្ដេចតេជោ ក៏បានបញ្ជាក់ពីការឈប់សម្រាកចំនួន ៣ ថ្ងៃរបស់មន្ត្រីរាជការ បុគ្គលិកក្រុមហ៊ុន និងកម្មករកម្មការិនីរោងចក្រ ដែលត្រូវបានការអនុញ្ញាតឱ្យឈប់សម្រាកដោយមិនមានការហាមឃាត់ និងកាត់ប្រាក់បៀវត្សរ៍នោះទេ។ សម្ដេចតេជោ បានបញ្ជាក់ថា ប្រជាពលរដ្ឋអាចធ្វើដំណើរដើរលេងទៅតាមទីកន្លែងនានា ដោយមានវិធានការសុខាភិបាលទៅជាមួយ៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានជាតិ៩ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


