ព័ត៌មានជាតិ
មកដឹងមូលហេតុ ការចាក់វ៉ាក់សាំងកូវីដ-១៩ ហាក់នៅទ្រឹង ខណៈជិតគ្រប់គោលដៅយូរហើយ
យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ មានសម្ទុះលឿនជិតដល់ចំនួនកំណត់ចំពោះប្រជាពលរដ្ឋ ១០លាននាក់ គួរឱ្យចាប់អារម្មណ៍។ ទន្ទឹមពេលកម្ពុជាមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋតាមចំនួនគោលដៅកំណត់នេះ ប៉ុន្តែមួយរយៈចុងក្រោយនេះ យើងសង្កេតឃើញថា ចំនួនប្រជាជនដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ហាក់នៅទ្រឹង មិនសូវឡើងឱ្យគ្រប់ចំនួនកំណត់។

ទាក់ទងទៅនឹងករណីនេះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ (គ.វ.ក-១៩) មានប្រសាសន៍ថា ជាធម្មតាទេ កាលណាយើងរត់ជិតដល់ទិសដៅ អ្នករត់ហត់ ហើយជាពិសេសយើងត្រូវខិតខំជំរុញថែមទៀត ដើម្បីឱ្យយើងទៅដល់ទិសដៅ។ តែតាមការសង្កេត អ្នករត់អត់ហត់ទេ គឺគាត់កំពុងតែប្រឹងធ្វើម៉េចឱ្យទៅដល់ទិសដៅ។
លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍បន្តថា៖ “ប៉ុន្តែរឿងមួយទៀត នៅពេលយើងជិតមកដល់គោលដៅកំណត់នេះ មានន័យថា ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងកូវីដ-១៩នោះ គឺសឹងតែអស់ នៅសល់រប៉េះរប៉ោះ ដែលអ្នកនៅសល់រប៉េះរប៉ោះទាំងនោះ នៅទីឆ្ងាយដាច់ស្រយាល។ ហើយយើងមានកត្តាមួយចំនួន ប្រសិនយើងពិនិត្យលើតួលេខ គ្រាន់តែអ្នកមានបញ្ហាសុខភាពដែលគ្រូពេទ្យមិនអនុញ្ញាតិឱ្យចាក់វ៉ាក់សាំង គឺមានជាង ៧ម៉ឺននាក់ទៅហើយ នៅក្នុងចំនួនគោលដៅ ១០លាននាក់នេះ”។

រដ្ឋលេខាធិការក្រសួងសុខាភិបាលដដែលនេះ បានបង្ហាញថា តាមការសង្កេត រឿងមួយទៀតគឺប្រជាពលរដ្ឋដែលនៅទីឆ្ងាយដាច់ស្រយាល គាត់មិនអាចធ្វើដំណើរមកចាក់វ៉ាក់សាំងបាន ដូច្នេះ គ.វ.ក-១៩ បានធ្វើការណែនាំទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ តាំងពី១ខែមុន សូមឱ្យជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ ដោយរុញគ្រូពេទ្យចល័តចាក់វ៉ាក់សាំងទៅដល់ទីតាំង។ ទោះបីលំបាកយ៉ាងណាក៏ដោយ ក្រុមគ្រូពេទ្យត្រូវតែស្ពាយធុងវ៉ាក់សាំងទៅរកប្រជាពលរដ្ឋទៅដល់ទីតាំងដែលនៅឆ្ងាយដាច់ស្រយាល។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន មានប្រសាសន៍បញ្ជាក់ថា៖ “កន្លងមកនេះ តាមរយៈការអនុវត្តនេះ យើងឃើញថា យើងមានកំណើនតួលេខមួយចំនួន ប៉ុន្តែកំណើនតួលេខនេះក៏មិនទាន់ច្រើនឆាប់ដល់គោលដៅ ប៉ុន្តែយើងត្រូវគិតថា ការណ៍ដែលយើងខិតខំប្រមែប្រមូលប្រជាពលរដ្ឋប្រជាពលរដ្ឋដែលនៅសេសសល់នេះ ជាកិច្ចការដែលត្រូវការពេលវេលាដែរ។ ជាក់ស្ដែងដូចជា នៅខេត្តរតនគិរី គ្រាន់តែទីតាំងមួយដែលគ្រូពេទ្យត្រូវស្ពាយធុងវ៉ាក់សាំងចុះទៅចាក់ជូនប្រជាជនតំបន់នោះ គឺត្រូវសម្រាកតាមផ្លូវ៣យប់ទើបទៅដល់ ហើយពេលខ្លះក៏មិនបានជួបបងប្អូនប្រជាពលរដ្ឋទៀត ដោយសារពួកគាត់ត្រូវទៅប្រកបរបរនៅកន្លែងផ្សេង ដែលគ្រូពេទ្យមិនបានជួប ហើយត្រូវការពេលវេលាដើម្បីគៀងគរ”។

ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ រូបនេះ បានលើកឡើងថា បញ្ហាមួយទៀត គឺនៅសល់ប្រជាពលរដ្ឋមួយចំនួនដែលធ្វើការចំណាកស្រុក ដែលគាត់ទើបវិលត្រឡប់ ហើយអត់ទាន់បានចាក់វ៉ាក់សាំង ដូចនេះយើងកំពុងជំរុញការងារនេះ។ ករណីមួយទៀត គឺអ្នកដែលឈឺជំងឺកូវីដ-១៩ ដែលបានព្យាបាលជាសះស្បើយ ហើយមិនទាមទារឱ្យចាក់វ៉ាក់សាំង មានជាង១០ម៉ឺននាក់។ ដូចនេះបើយើងយកចំនួននេះមកបូកជាមួយចំនួនអ្នកដែលបានចាក់វ៉ាក់សាំងមកនេះ គឺបានជាង១០លាននាក់ហើយ។
លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍ថា៖ “សម្ដេចតេជោលោកមើលឃើញចំណុចនេះ ហើយស្របជាមួយអនុសាសន៍ណែនាំរបស់អង្គការសុខភាពពិភពលោក បានចេញផ្សាយនៅចុងខែឧសភា ឆ្នាំ២០២១នេះ សម្ដេចតេជោ បានណែនាំមក គ.វ.ក-១៩ ឱ្យធ្វើការផ្សព្វផ្សាយអំពាវនាវប្រជាពលរដ្ឋដែលបានជាសះស្បើយកូវីដ-១៩ រយៈពេល៤ខែឡើងទៅ ឱ្យឆាប់មកចាក់វ៉ាក់សាំងវិញ។ ជាមួយគ្នានេះ យើងនៅសល់ស្រ្តីមានផ្ទៃពោះ ស្រ្តីបំបៅកូនដោយទឹកដោះ ដោយពួកគាត់នៅញញើតញញើម ដោយពួកគាត់មិនទាន់សម្រេចិត្តមកចាក់វ៉ាក់សាំង ដែលយើងកំពុងអំពាវនាវចំពោះកិច្ចការនេះ”។
មន្ត្រីជាន់ខ្ពស់របស់ក្រសួងសុខាភិបាលរូបនេះ លើកឡើងថា ទោះបីយ៉ាងណាក៏ដោយយើងត្រូគិតថា ការចាក់វ៉ាក់សាំងកូវីដ-១៩ មកដល់ពេលនេះ ដែលមានតួលេខជិត ៩៩ភាគរយ គឺជាតួលេខខ្ពស់បំផុតហើយ មិនងាយមានប្រទេសណាធ្វើបានទេ តែដោយឡែកកម្ពុជាធ្វើបាន ក្រោមការដឹកនាំរបស់សម្ដេចតេជោ។ លោកស្រីសង្ឃឹមថា នៅខែតុលាខាងមុខ កម្ពុជានឹងឈានដល់ចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋអាយុពី១៨ឆ្នាំឡើងទៅ បានគ្រប់តាមចំនួនគោលដៅកំណត់។

គួរបញ្ជាក់ថា កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ មាន ៩៨,៩៩% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់។ ចំណែកការចាក់វ៉ាក់សាំងចំពោះកុមារ-យុវជនអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ បានចំនួន ៨៩,៤១% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងការចាក់វ៉ាក់សាំងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ បានចំនួន ៨៨,០៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


