ព័ត៌មានជាតិ
តើមានគ្រូ និងសិស្សប៉ុន្មាននាក់ទៀត វិជ្ជមានកូវីដ-១៩ បន្ទាប់ពីរកឃើញសិស្ស២៣នាក់កន្លងមកនោះ?
ក្រសួងអប់រំ យុជន និងកីឡា បានជូនដំណឹង ដោយបានស្នើឱ្យមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ ធ្វើការផ្អាកដំណើរការថ្នាក់រៀននៅសាលារៀនចំនួន៥ ជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ និងយកអ្នកពាក់ព័ន្ធផ្ទាល់ទៅធ្វើចត្តាឡីស័ក ក្រោយរកឃើញសិស្ស២៣នាក់ ស្នាក់នៅតំបន់ពាក់ព័ន្ធជំងឺកូវីដ-១៩ ហើយបានរកឃើញវិជ្ជមានកូវីដ-១៩ នៅមូលដ្ឋានរស់នៅរបស់ពួកគេ កាលនៅថ្ងៃទី១៧ ខែកញ្ញាកន្លងទៅនេះ។

មកដល់ពេលនេះ តើពួកគេមានស្ថានភាពសុខភាពដូចម្ដេច? តើមានការរកឃើញវិជ្ជមានលើគ្រូ និងសិស្សផ្សេងថែមទៀត ពិសេសគ្រូ និងសិស្សដែលសិក្សាជាមួយពួកគេដែរ ឬទេ?
ឆ្លើយតបទៅនឹងចម្ងល់ខាងលើ លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” នៅរសៀល ថ្ងៃទី១ ខែតុលានេះថា ចំពោះសិស្សានុសិស្សចំនួន២៣នាក់ នៃទាំង៥សាលា ដែលមានវិជ្ជមានជំងឺកូវីដ-១៩ រហូតមកដល់ពេលនេះ មានសិស្សចំនួន៨នាក់ហើយ ដែលបានជាសះស្បើយ ក្រោយពីធ្វើតេស្តលើកទី២ អវិជ្ជមាន ហើយគ្រូពេទ្យអនុញ្ញាតពួកគាត់ត្រឡប់មកផ្ទះវិញ និងបន្តធ្វើចត្តាឡីស័កតាមផ្ទះរៀងៗខ្លួន។

ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ រូបនេះ បានឱ្យដឹងបន្ថែមថា មិនមានគ្រូ ឬសិស្សដែលសិក្សាជាមួយសិស្សទាំង២៣នាក់ខាងលើមានវិជ្ជមានកូវីដ-១៩ទេ។ ប៉ុន្តែនៅថ្ងៃទី២៤ កញ្ញា មន្ទីរអប់រំ ក៏បានរកឃើញ សិស្សម្នាក់ទៀត មានវិជ្ជមានមេរោគកូវីដ-១៩ គឺនៅពេលក្រុមគ្រូពេទ្យយកសំណាកអ្នកពាក់ព័ន្ធតាមវត្ត។
លោក ហែម ស៊ីណារ៉េត បានអះអាងបន្តថា៖ “ប៉ុន្តែសូមបញ្ជាក់ថា សិស្សហ្នឹងរកឃើញវិជ្ជមាននៅថ្ងៃទី២៤ គាត់មកសាលាចុងក្រោយនៅថ្ងៃទី១៧ ដោយសារសិស្សរៀនឆ្លាស់វេនគ្នា១សប្ដាហ៍ម្ដង។ ប៉ុន្តែទោះជាយ៉ាងនេះក្ដី ឯកឧត្ដមអភិបាលឱ្យធ្វើតេស្តសំណាកគ្រូ និងសិស្សពាក់ព័ន្ធទាំងអស់ជាង ៤០នាក់ នៅថ្ងៃបន្ទាប់ ហើយលទ្ធផលអវិជ្ជមានទាំងអស់”។

ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ ខាងលើ បានមានប្រសាសន៍ថា ដើម្បីធានាបាននូវការបើកគ្រឹះស្ថានសិក្សាឡើងវិញនេះឱ្យដំណើរការបានល្អប្រសើរ និងប្រកបដោយជោគជ័យ ហើយយើងអាចទប់ស្កាត់បានការឆ្លងរាលដាលជំងឺកូវីដ ក្នុងគ្រឹះស្ថានសិក្សា ក្នុងនោះមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ សូមអំពាវនាវឱ្យគ្រប់គ្រឹះស្ថានសិក្សាទាំងអស់ បន្តការចូលរួមអនុវត្តវិធានការការពារឱ្យបានខ្ជាប់ខ្ជួន ហើយបើមានការសង្ស័យពីស្ថានភាពសុខភាពទាំងគ្រូ និងសិស្ស សូមឱ្យសម្រាក់ធ្វើកិច្ចការពីផ្ទះ ហើយផ្ដល់ព័ត៌មានមកសាលាវិញជាបន្ទាន់ បើករណីរកឃើញវិជ្ជមានកូវីដ-១៩ សូមរាយការណ៍ផ្ដល់ព័ត៌មានមកមន្ទីរ ដើម្បីមន្ទីរចាត់វិធានការបានទាន់ពេលវេលា។
លោក ហែម ស៊ីណារ៉េត មានប្រសាសន៍ផ្ដាំផ្ញើបន្តថា៖ “សូមឱ្យលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សបន្តចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារ គឺទាំងគ្រូទាំងសិស្ស ត្រូវពាក់ម៉ាសឱ្យបានគ្រប់ៗគ្នា គ្រប់ច្រកចូលសាលាត្រូវតែមានឧបករណ៍វាស់កម្ដៅ ការបាញ់អាល់កុល និងរក្សាគម្លាត ជាពិសេសការរៀបសិស្សក្នុងថ្នាក់មិនឱ្យលើសពី១៥នាក់ទេ”។

គួររំលឹកថា សេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី១៧ កញ្ញានោះ បានឱ្យដឹងថា ថ្នាក់រៀនដែលត្រូវផ្អាកបណ្តោះអាសន្ននោះរួមមានទី១ វិទ្យាល័យ ពញាពន់ ផ្អាកថ្នាក់ទី៩B ទី២ វិទ្យាល័យ បឹងប្រិយ៍ ផ្អាក ថ្នាក់ទី១២A1 ៩C1 និង ៩D១ ទី៣ វិទ្យាល័យ បឹងធំ ផ្អាកថ្នាក់ទី៧A2 ទី៤ វិទ្យាល័យ វត្តភ្នំ ផ្អាកថ្នាក់ទី ៩H2 ៩D2 ៩B2 ៩B1 ៩H2 ១២C2 ១២C1 ១២ B2 និង ១២ H2 និងទី៥ វិទ្យាល័យវត្តកោះ ផ្អាកថ្នាក់ទី៧P។ ក្រសួងបានណែនាំបន្តថាចំពោះថ្នាក់ដទៃទៀតត្រូវបន្តដំណើរការជាធម្មតា ប៉ុន្តែត្រូវបន្តរិតត្បឹតការចេញលេង និងបន្តពាក់ម៉ាសនិងលាង ដៃជាប្រចាំ។ មិនអនុញ្ញាតឲ្យមានការទាក់ទង ពីសិស្សម្នាក់១ទៅថ្នាក់១ ទៀត និងមិនអនុញ្ញាតឱ្យមានការជួបជុំ ឬប្រជុំ ក្រៅពីការសិក្សាក្នុងសាលារៀនឡើយ៕
អត្ថបទ៖ វីរៈ
-
ព័ត៌មានជាតិ១០ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


