Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ៖ យើងនឹងទទួលបាន នូវការបើកសេដ្ឋកិច្ចសង្គមឡើងវិញ បើកូវីដមិនធ្ងន់ធ្ងរក្រោយ​ភ្ជុំ​បិណ្ឌ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានត្រៀម​ខ្លួនរួចរាល់ហើយ ចំពោះសភាពការណ៍កូវីដ-១៩ ដែលអាចកើតឡើងនៅក្រោយពិធីបុណ្យភ្ជុំបិណ្ឌ។ តែយ៉ាងណាក៏​ដោយសម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា ប្រសិនបើប្រជាពលរដ្ឋ អាចការពារខ្លួនបានល្អ ហើយចំនួនអ្នកឆ្លង ឬអ្នកស្លាប់ពុំមានអ្វីធ្ងន់ធ្ងរទេនោះ យើងនឹងទទួលបានរួមគ្នា នូវការបើកដំណើរការសេដ្ឋកិច្ចសង្គមឡើងវិញ។  

តាមរយៈសារជាសំឡេងនៅព្រឹកថ្ងៃទី៦ ខែតុលានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មាន​ប្រសា​សន៍ថា ថ្ងៃនេះគឺជាថ្ងៃភ្ជុំបិណ្ឌ ហើយក៏ជាថ្ងៃដែលប្រជាពលរដ្ឋទទួលការសាទរ និងធ្វើបុណ្យ ធ្វើទាន ទោះ​បីថា ការធ្វើបុណ្យ ធ្វើទាននោះ ទៅតាមគន្លងថ្មី ដើម្បីរួមគ្នាទប់ស្កាត់ជំងឺកូវីដ-១៩។ ជាមួយគ្នានេះ ប្រជាពលរដ្ឋ​ បាន​ធ្វើដំណើរចល័តបំលាស់ទី ពីកន្លែងមួយទៅកន្លែងមួយ ទៅតាមតំបន់ទេសចរណ៍នានា តាំងពីប៉ុន្មានមុនម្លេះ និង​អាចនៅថ្ងៃក្រោយបន្តទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា នេះជាការសាកល្បងធំណាស់ សម្រាប់ប្រទេសរបស់យើង នៅក្នុង​សភា​ពការណ៍ថ្មី បន្ទាប់ពីការចាក់វ៉ាក់សាំងដូសទី២ និងដូសជំរុញថែមទៀត។ សម្ដេចតេជោ មានប្រសាសន៍បន្តថា យើងនឹងតាមដានពិនិត្យអំពីបញ្ហានេះ ដែលចេញពីការសាកល្បងរបស់យើង ដែលមិនមែនជា​ការសាក​ល្បងប្រ​ថុយ​ប្រថាននោះទេ។ ក៏ប៉ុន្តែ ក៏មិនមែនជាការច្បាស់លាស់ ១០០ភាគរយ ថាវាគ្មានបញ្ហានោះដែរ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «យើងបានប្រុងប្រៀបខ្លួន ដើម្បីនឹងទទួលយកនូវសភាពការណ៍​អាក្រក់ ដែលអាចនឹងកើតមានឡើង ដូចជាករណីនៅឥណ្ឌា បន្ទាប់ពីពិធីសាសនារួចហើយ ការឆ្លងរីករាលដាល បានបង្កឲ្យមានការស្លាប់ ឆ្លង និងស្លាប់យ៉ាងច្រើន….សម្រាប់កម្ពុជាយើងវិញ ករណីយើងក៏ត្រូវត្រៀមបម្រុងទុក នូវករណីអាក្រក់ ដែលអាចកើតមានឡើង​ សម្រាប់សុខភាពសាធារណៈ ក៏ដូចជាសុខភាពរបស់ប្រជាជន របស់យើងផងដែរ»។

យ៉ាងណាក៏ដោយសម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា ព្រះសង្ឃនៅគ្រប់ទីអារាម ក៏ដូចជាប្រជាពលរដ្ឋ ដែល​បាន​ដើរលេងកម្សាន្ដ នៅតាមតំបន់ទេសចរណ៍នានា នឹងមានការប្រុងប្រយ័ត្ន ព្រោះថា នេះជាចំណុចនៃការសាកល្បង ដើម្បីពិនិត្យមើលថាតើ បន្ទាប់ពីពិធីបុណ្យភ្ជុំបិណ្ឌបញ្ចប់រួចរាល់ហើយនោះ ប្រទេសយើង មានជំងឺឆ្លងធ្ងន់ធ្ងរដែរ​ឬទេ?។ ប្រសិនបើមានជំងឺឆ្លងធ្ងន់ធ្ងរ គម្រោងនៃការបើកប្រទេសលើគ្រប់វិស័យឡើង នឹងមិនអាចធ្វើទៅតាម​នោះទេ ប៉ុន្តែប្រសិនបើប្រជាពលរដ្ឋ អាចនឹងការពារខ្លួនបាន ហើយចំនួនអ្នកឆ្លង ឬអ្នកស្លាប់ពុំមានអ្វីធ្ងន់ធ្ងរទេនោះ ប្រជាពលរដ្ឋរបស់យើង នឹងទទួលបានរួមគ្នា ទៅលើការបើកសេដ្ឋកិច្ចសង្គមឡើងវិញ ជាពិសេសករណីសាលារៀន ក៏ដូចជាទេសចរណ៍ផ្ទៃក្នុង ដែលជាផ្នែកមួយនៃសេវាកម្ម សម្រាប់សេដ្ឋកិច្ចប្រទេសជាតិ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងទៀតថា សេដ្ឋកិច្ចរបស់យើងបានដំណើរពេញបន្ទុក ទៅលើវិស័យ​កសិ​កម្ម និងវិស័យឧស្សាហកម្ម ការនាំចេញរបស់យើង ក្នុងផ្នែកកសិកម្មក្ដី និងឧស្សាហកម្មក្ដី គឺមានកំណើន និង​ដំណើរ​ការដ៏ល្អ។ តែបានប៉ះពាល់ ទៅលើផ្នែកសេវា ជាពិសេសទៅលើសេវាទេសចរណ៍ គឺបានធ្វើឲ្យកំណើន​សេដ្ឋកិច្ចរបស់យើងធ្លាក់ចុះ បើទោះជាថ្មីៗនេះ ការព្យាកររបស់ធនាគារពិភពលោក IMF និងធនាគារអភិវឌ្ឍន៍អាស៊ី បានព្យាករថា កំណើនរបស់យើង នឹងកើនពី ១.៨ភាគរយ ទៅ ២.២ភាគរយ ក៏ដោយចុះ។ ប៉ុន្តែយើងត្រូវខិតខំ ធ្វើឲ្យសេដ្ឋកិច្ចរបស់យើង កាន់តែប្រសើរឡើង ដែលកាលពីដើមឆ្នាំ យើងបានកំណត់ថា ៤.១ភាគរយ ក៏ប៉ុន្តែ​ការបិទខ្ទប់នៅក្នុងខែមេសា និងឧសភា បានកាត់បន្ថយនូវកំណើនសេដ្ឋកិច្ចរបស់យើង។

យ៉ាងណាក៏ដោយ បន្ទាប់ពីយើងបានចាក់វ៉ាក់សាំងស្រោចទូទាំងប្រទេសមក យើងសង្កេតឃើញថា ការឆ្លងរាល​ដាល​ជំងឺកូវីដ-១៩ មានការថមថយចុះ។ ដូច្នេះ ទើបមានការវាយតម្លៃ នូវសភាពការណ៍សេដ្ឋកិច្ច ថា នឹងអាចមាន​កំណើត ២.២ភាគរយ ហើយប្រសិនបើនៅចុងឆ្នាំនេះ យើងអាចបើកដំណើរការសេដ្ឋកិច្ចបាន ជាពិសេសទៅលើ សេវាទេសចរណ៍ផ្ទៃក្នុងប្រទេសជាបឋម កំណើនសេដ្ឋកិច្ចរបស់យើង​ អាចនឹងលើស ២.២ភាគរយ តាមការវាយ​តម្លៃនៅក្នុងខែកញ្ញា កន្លងទៅនេះ។

សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវទៀតថា «ដូច្នេះខ្ញុំព្រះករុណខ្ញុំ សុំអំពាវនាវចំពោះព្រះតេជគុណ ព្រះសង្ឃ​គ្រប់ព្រះអង្គ បងប្អូនជនរួមជាតិ ដែលទៅលេងនៅតំបន់នានា សូមរក្សាឲ្យបានខ្ជាប់ខ្ជួននូវ ៣កុំ ៣ការពារ ធានាយ៉ា​ង​ណាកុំឲ្យក្រោយពេលបុណ្យ យើងបែរជាមានអ្នកដែលត្រូវធ្វើបុណ្យឲ្យយើងវិញ នោះគឺមហន្តរាយមួយ ដែលវា​កើត​​ឡើង បន្ទាប់ពីការសប្បាយរីករាលរបស់យើង ផ្ទុយទៅវិញប្រសិនបើយើងអនុវត្តបានល្អ កុំឲ្យមានការឆ្លងរីករាល​ដាល បងប្អូនប្រជាពលរដ្ឋរបស់យើង នឹងទទួលបានការសប្បាយរីករាយច្រើនជាងមុន»៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម