ព័ត៌មានជាតិ
មន្ទីរអប់រំនឹងដាក់សំណើសុំគោលការណ៍បើកសាលារៀនគ្រប់កម្រិតឡើងវិញ
ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ នឹងដាក់សំណើសុំគោលការណ៍ជូនអភិបាលរាជធានីភ្នំពេញដើម្បីបើកសាលារៀនគ្រប់កម្រិតឡើងវិញ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បន្ទាប់ពីក្រសួងអប់រំបានអនុញ្ញាតឱ្យបើកឡើងវិញគ្រប់កម្រិតចាប់ពីថ្ងៃ០១ វិច្ឆិកានេះតទៅ។

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី២២ ខែតុលានេះថា៖ “នៅរសៀលនេះ ខ្ញុំនឹងធ្វើសំណើមួយទៅកាន់ឯកឧត្តម អភិបាលរាជធានីភ្នំពេញ ដើម្បីសុំគោលការណ៍មុននឹងបើកដំណើរការសាលារៀនគ្រប់កម្រិតឡើងវិញ ទាំងសាលាសាធារណៈ និងឯកជន ព្រោះយើងមិនមែនចេះតែបើកៗនោះទេ ត្រូវមានវិធានការឱ្យបានច្បាស់លាស់ជាមុនសិន”។
លោកប្រធានមន្ទីរបានបន្តថា ការបើកគ្រឹះស្ថានសិក្សាលើកទី១ រដ្ឋបាលរដ្ឋធានីភ្នំពេញបានផ្តល់ឧបករណ៍តេស្តរកជំងឺកូវីដ-១៩ សម្រាប់ធ្វើតេស្តដល់គ្រូៗមុននឹងអនុញ្ញាតឱ្យចូលបង្រៀន។ ដូចនេះការបើកលើកទី២ខាងមុខនេះ តើរដ្ឋបាលរាជធានីភ្នំពេញតម្រូវឱ្យសាលាសាធារណៈ និងឯកជនបន្តធ្វើតេស្តដូចលើកទី១ទៀត ឬយ៉ាងណានោះ ត្រូវមានការសម្រេចពីលោកអភិបាលជាមុនសិន។

លោកបានបន្តទៀតថា នៅសប្តាហ៍ក្រោយនេះ មន្ទីររអប់រំនឹងបើកកិច្ចប្រជុំដើម្បីពិភាក្សាលើដំណើរការបើកសាលារៀនគ្រប់កម្រិតឡើងវិញ ដើម្បីធ្វើយ៉ាងណាឱ្យដំណើរការបើកសាលារៀននេះប្រព្រឹត្តិទៅប្រកបដោយរលូន។
លោក ហែម ស៊ីណារ៉េត បានបន្ថែមទៀតថា៖ “រឿងបើកសាលារៀន គឺយើងបើកទាំងអស់នៅរាជធានីភ្នំពេញ ប៉ុន្តែយើងក៏ត្រូវគិតគូរ និងគោរពទៅតាមវិធានសុខាភិបាលដែរ ព្រោះថាមានសាលាខ្លះមានសិស្សច្រើន និងសាលាខ្លះមានសិស្សតិច។ អីចឹងក្រសួងតម្រូវឱ្យដាក់១ថ្នាក់ ពី១៥ទៅ២០នាក់ តើសាលានីមួយៗគួរបែងចែកសិស្សរៀនឆ្លាស់គ្នាយ៉ាងមិចដើម្បីធានាបានការសិក្សាបានទាំងអស់គ្នា ហើយមិនមានការឆ្លងរាលដាលជំងឺកូវីដ-១៩នៅក្នុងសាលា”។
ក្រសួងអប់រំ យុវជន និងកីឡា នឹងបើកដំណើរការសិក្សាគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនគ្រប់កម្រិតនៅទូទាំងប្រទេសចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ។

លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ការបើកដំណើរការសាលារៀនឡើងវិញគ្រប់កម្រិតនេះបន្ទាប់ពីមានការវាយតម្លៃលើដំណើរការបង្រៀន និងរៀនតាមបណ្តុះសម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនក្នុងភូមិសាស្ត្រដែលមានហានិភ័យទាបប្រមាណ ៣០ ភាគរយប្រកបដោយសុវត្ថិភាព និងប្រុងប្រយ័ត្ន ពិសេសស្ថានភាពឆ្លងជំងឺកូវីដ-១៩ ក្នុងរយៈពេល៧ថ្ងៃមុនបុណ្យ ភ្ជុំបិណ្ឌ និងរយៈពេល៧ថ្ងៃ ក្រោយថ្ងៃភ្ជុំបិណ្ឌ ការឆ្លងរាលដាលបានល្អប្រសើរ មានចំនួនតិចតួច និងអាចគ្រប់គ្រងបាន។ ម៉្យាងវិញទៀតមាតាបិតាអ្នកអាណាព្យាបាល គ្រូបង្រៀន និងសិស្សនិស្សិតបានទទួលវ៉ាក់សាំងការពារកូវីដ-១៩ ក្នុងអត្រាខ្ពស់។
លោករដ្ឋមន្ត្រីបានបន្តទៀតថា ការបើកដំណើរការឡើងវិញគ្រប់សាលាគ្រប់កម្រិតដោយកំណត់១ថ្នាក់ មាន ១៥ ទៅ ២០នាក់ និងផ្លាស់វេនគ្នា និងបន្តអនុវត្តនូវគម្លាតសុវត្តិភាព និងវិធានការសុខាភិបាលចាំបាច់នានាចំពោះភូមិសាស្ត្រណាមានហានិភ័យទាប។
ចំពោះភូមិសាស្ត្រដែលមានហានិភ័យមធ្យម និងខ្ពស់ផ្តល់អាទិភាពទៅលើសិស្សថ្នាក់ទី៩ និងទី១២ ហើយកម្រិតថ្នាក់ផ្សេងទៀតនៅមធ្យមសិក្សា និងបឋមសិក្សា ឱ្យរៀននៅតាមសាលារៀន ប៉ុន្តែក្នុងរូបភាពជាការរៀនតាមបណ្ដុំដែលមានចំនួនតិចជាង ១៥ ទៅ២០នាក់ និងឆ្លាស់វេនគ្នាដើម្បីងាយស្រួលក្នុងការបង្រៀន និងការគ្រប់គ្រង។

ចំពោះកម្រិតថ្នាក់ផ្សេងទៀត អាចរៀបចំការរៀនជាបណ្ដុំមិនឱ្យលើសពី ១៥ ទៅ២០នាក់ ទៅតាមស្ថានភាពជាក់ស្ដែងដោយអាចរៀបចំការរៀនតាមបណ្ដុំនៅសាលារៀន និងបែងចែកវេន ឬបណ្ដុំតាមចម្រុះថ្នាក់ ឬអាចរៀបចំបណ្ដុំបន្ថែមនៅតាមផ្ទះ វត្តអារាម ឬកន្លែងសមស្រប រៀបចំចងក្រងបញ្ជីឈ្មោះសិស្សតាមបណ្តុំ និងតាមកម្រិតថ្នាក់នីមួយៗ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


