គំរោង​សាងសង់​ផ្លូវ​ចំនួន​៣៨​ខ្សែ​ក្នុង​ក្រុង​សៀមរាប នឹង​ប្រែក្លាយ​ក្រុង​នេះ ឱ្យក្លាយ​ជាទី​ក្រុង​ដ៏​ទំនើប​ពោរពេញ​ដោយ​សោភ័ណភាព
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

គំរោង​សាងសង់​ផ្លូវ​ចំនួន​៣៨​ខ្សែ​ក្នុង​ក្រុង​សៀមរាប នឹង​ប្រែក្លាយ​ក្រុង​នេះ ឱ្យក្លាយ​ជាទី​ក្រុង​ដ៏​ទំនើប​ពោរពេញ​ដោយ​សោភ័ណភាព

បានផុស

នៅ

សៀម​រា​ប ៖ នៅ​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២១​ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​លើ​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន​៣៨​ខ្សែ នៅ​ក្រុង​សៀមរាប ខេត្ត​សៀមរាប​ជាមួយ​អង្គភាព​សាងសង់ សំដៅ​ស្វែងរក​ដំណោះស្រាយ​ចំពោះ​បញ្ហា​ប្រឈម សំណូមពរ ក៏ដូចជា​ផ្ដល់​អនុសាសន៍​នានា​ដើម្បី​ធានា​ឱ្យ​សំណង់​មាន​គុណភាព​ខ្ពស់​ស្របតាម​បទដ្ឋាន​បច្ចេកទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​មានប្រសាសន៍ថា គិត​មក​ទល់​ពេល​នេះ ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ចំនួន​៣៨​ខ្សែ​ក្នុង​ក្រុង​សៀមរាប មាន​រយៈពេល​ជាង ១១​ខែ​ហើយ ហើយ​គ្រោង​នឹង​បញ្ចប់​ការស្ថាបនា​ផ្លូវថ្នល់​នៅ​ចុងខែ​ធ្នូ ឆ្នាំ​២០២១​នេះ ដូច្នេះ​ក្រោយពី​បញ្ចប់​ការសាងសង់​ផ្លូវ​ទាំង​៣៨​ខ្សែ​ហើយ​នោះ នឹង​ប្រែក្លាយ​ក្រុង​សៀមរាប ឱ្យក្លាយ​ជាទី​ក្រុង​ដ៏​ទំនើប​ពោរពេញ​ដោយ​សោភ័ណភាព បរិស្ថាន​ល្អ​សម្រាប់​ការរស់នៅ សក្ដិសម​ជាទី​ក្រុង​ទេសចរណ៍ វប្បធម៌ និង​ប្រវត្តិសាស្ត្រ អាច​ទាក់ទាញ​ភ្ញៀវទេសចរ​បាន​កាន់​តែ​ច្រើន​សំដៅ​លើកស្ទួយ​សេដ្ឋកិច្ច​ជាតិ​ឱ្យ​កាន់តែ​មានការ​រីកចម្រើន ព្រមទាំង​ធ្វើឱ្យ​ប្រសើរ​ឡើងដល់​ការ​តភ្ជាប់​ពី​ទីប្រជុំជន​ក្នុង​ក្រុង​សៀមរាប​ទៅកាន់​តំបន់​ដាច់ស្រយាល​ផង​ដែរ។

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល មានប្រសាសន៍​យ៉ាង​ដូច្នេះ​ក្នុងឱកាស​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​លើ​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​៣៨​ខ្សែ​ក្នុង​ក្រុង​សៀមរាប នៅ​សាលប្រជុំ​សាលាខេត្ត​សៀមរាប​។

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ថ្លែង​នូវ​អំណរគុណ និង​កោតសរសើរ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អង្គភាព​សាងសង់​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញការងារ​របស់ខ្លួន​ដោយ​យកចិត្តទុកដាក់ និង​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ បើ​ទោះបី​ការងារ​សាងសង់​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​នេះ បាន​ប្រឈម​នឹង​ការ​រាំងស្ទះ​ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ដែល​ធ្វើ​ឲ្យ​កម្មករ ក៏​ដូច​អ្នក​អនុវត្ត​មាន​លំបាក​ក្នុង​ការងារ​ប្រតិបត្តិការ​ក៏ដោយ ដែល​គិត​ត្រឹម​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២១​នេះ ការអនុវត្ត​គម្រោង​ស្ថាបនា​ផ្លូវ​សម្រេច​បាន​ប្រមាណ​ជា​៨៦​ភាគរយ​ហើយ និង​បាន​ផ្ដាំ​ផ្ញើឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​សហការ និង​ពិភាក្សា​គ្នា​រិះរក​បច្ចេកទេស​ល្អៗ ដើម្បី​សាងសង់​សង់​ផ្លូវ​ទាំង​៣៨​ខ្សែ​នេះ​ឱ្យ​កាន់​តែមាន​គុណភាព​ខ្ពស់ ហើយ​ក្នុង​ករណី​ការសាងសង់ កន្លងមក​មិន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស ត្រូវ​កែសម្រួល​ឱ្យ​ត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស​ឡើងវិញ​។

គួរ​រំលឹក​ថា មុននឹង​ដំណើរ​ការ​បើក​កិច្ចប្រជុំ​ពិភាក្សា​នេះ កាល​រសៀល​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២១​ម្សិលមិញ​នេះ​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង ដឹក ជញ្ជូន និង​ជា​អនុប្រធាន​ប្រចាំ ការ​នៃ​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​៣៨​ខ្សែ​នៅ​ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​ចុះ​ពិនិត្យ​វឌ្ឍនភាព​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​៣៨​ខ្សែ នៅ​ក្រុង​សៀមរាប អម​ដំណើរ​ដោយ​លោក ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ដោយមាន​ការចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​ក្រសួង អាជ្ញាធរ​ដែនដី មន្ត្រី​ជំនាញ​បច្ចេកទេស​ក្រោម​ឱវាទ​ក្រសួង និង​ភាគី​ពាក់ព័ន្ធ​ផង​ដែរ ក្នុង​គោលបំណង​ដើម្បី​ពិនិត្យ​គុណភាព​បច្ចេកទេស​នៃ​ការសាងសង់ ថា​តើ​ស្របតាម​លក្ខណៈ​បច្ចេកទេស បញ្ហា​ប្រឈម​នានា ដើម្បី​ផ្លូវ​មានគុណ​ភាព​រឹងមាំ យូរអង្វែង និង បញ្ចប់​តាម​ផែនការ​គ្រោងទុក​ដែរឬទេ។

ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ​ក្នុង​ពិធី​បើកការដ្ឋាន​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ចំនួន​៣៨​ខ្សែ​ក្នុង​ក្រុង​សៀមរាប កាលពី​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០​កន្លង​ទៅ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​មានប្រសាសន៍ថា នៅ​ពេល​នេះ យើង​នឹងធ្វើ​ឲ្យ​ខេត្តសៀមរាប​របស់​យើង មាន​ទាំង​ផ្លូវ មាន​ទាំង​លូ ប្រឡាយ​សម្រាប់​ទឹក​ស្អុយ សម្រាប់​ទឹកភ្លៀង មាន​ទាំង​បណ្ដាញទឹក មាន​ទាំង​កាមេរ៉ា​សុវត្ថិភាព ដើម្បី​ដាក់​ជូន​សម្រាប់​ខេត្ត​សៀមរាប ដែល​វា​នឹង​ក្លាយទៅជា​ទីក្រុង​ទេសចរណ៍​ដ៏​រឹងមាំ​របស់​យើង ហើយ​វា​សក្ដិសម​ទៅ​នឹង​ឋានៈ​ជា​អតីត​រាជធានី នៃ​អាណាចក្រ​ខ្មែរ​របស់​យើង​ផង​ដែរ សង្ឃឹមថា ខេត្តសៀមរាប នឹង​ក្លាយទៅជា​ខេត្ត​ដែលមាន​សក្ដានុពល បន្ដ​ទៀត តាមរយៈ​វិស័យ​ទេសចរណ៍​បន្ទាប់ពី​កូ​វីដ​-១៩​បាន​កន្លង​ផុត។ សម្តេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍​បន្ថែម​ថា ចំណុច​នេះ​សង្ឃឹមថា អ្នក​សៀមរាប​នឹង​បាន​ទទួល​ផល ហើយ​ប្រជាជន​ដែល​ធ្លាប់​មកលេង​នៅ​សៀមរាប​កាលពី​ពេលមុន ហើយ​ឃើញ​ផ្លូវ​មិនល្អ​នោះ នឹង​បានឃើញ​ផ្លូវ​ដ៏​ល្អ នៅ​ក្នុង​រយៈពេល​ជាង​មួយ​ឆ្នាំ​ទៀត ដែល​ខ្ញុំ​គិត​ថា ឆ្នាំ​ក្រោយនេះ​បើសិនជា​កូ​វីដ​-១៩ នៅ​ឆ្នាំ​២០២២ មានការ​ថមថយ អាច​នឹង​គិតគូរ​ទៅដល់​ការ​បង្កើតឡើង​នូវ​ព្រឹត្តិការណ៍​សង្ក្រាន្ត​អង្គរ​នៅ​ឆ្នាំ​២០២២ ដែល​ពេលនោះ​គឺ​គេ​នឹង​បាន​ឃើញ​ទីក្រុង​សៀមរាប​នេះ គឺ​ស្អាត ដែល​មាន​ផ្លូវ​ស្អាត បន្ទាប់ពី​ផ្លូវ​ស្អាត​នៅ​ទីក្រុង​ភ្នំពេញ ផ្លូវ​ស្អាត​នៅ​ខេត្ត​ព្រះសីហនុ​ផង​ដែរ។

លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប ធ្លាប់​បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​កិច្ច​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ខិតខំ​ប្រឹងប្រែង​នាំ​សុខ​សន្តិភាព​និង​ប្រឹងប្រែង​អភិវឌ្ឍន៍​ប្រទេសជាតិ​ឱ្យមាន​ការ​រីកចម្រើន​លូតលាស់​លើ​គ្រប់​វិស័យ ដោយឡែក​សម្រាប់​ខេត្ត​សៀមរាប​នៅ​ចុង​ឆ្នាំ​២០២០​នេះ សម្តេច​តេ​ជោ ហ៊ុនសែន បានផ្តល់​ឱ្យ​ខេត្ត​នូវ​គម្រោង​ជួសជុល​ផ្លូវ​ចំនួន​៣៨​ខ្សែ ហើយ​តាមរយៈ​គម្រោង​សាងសង់​ផ្លូវ​ទាំង​៣៨​ខ្សែ​នេះ នឹងធ្វើ​ឲ្យ​ទីក្រុង​សៀមរាប ប្រែក្លាយ​រូបរាង​ជាទី​ក្រុង​ទំនើប និង​ទេសចរណ៍ ដ៏​មាន​សក្តានុពល ដែល​ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​កំណត់​ជា​តំបន់​ស្នូល​នៃ​ប៉ូល​អភិវឌ្ឍ​ជាតិ ជា​គោលដៅ​ទេសចរណ៍វប្បធម៌​ប្រវត្តិសាស្ត្រ និង​ធម្មជាតិ ស្របតាម​រូបសាស្ត្រ​ទីក្រុង រួម​ជា​មួយ​ការ​គិតគូរ​ដល់​ការ​ការពារ និង​កែលម្អ​បរិស្ថាន ផាសុកភាព​របស់​ប្រជាពលរដ្ឋ និង​ការរៀបចំ​អភិវឌ្ឍ​ទីក្រុង​ឆ្លាត​វៃ (Smart City) ផងដែរ​។​

សូម​បញ្ជាក់​ថា គម្រោង​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន​៣៨​ខ្សែ​ក្នុង​ក្រុង​សៀមរាប​នេះ មាន​ប្រវែង​សរុប ១០៦,៤២៤ គីឡូម៉ែត្រ ប្រើប្រាស់​ថវិកាជាតិ​សរុប​ប្រមាណ​ជិត ១៥០​លាន​ដុល្លារ​អាមេរិក ដោយ​ក្នុង​នោះ​ចំនួន​៩​លាន​ដុល្លារ​អាមេរិក​ចំណាយ​លើ​ការងារ​ចាំបាច់​ក្នុង​ការ​រៀបចំ ស្ថាបនា​ប្រព័ន្ធ​បង្ហូរ​ទឹកភ្លៀង និង​ទឹក​កខ្វក់ ឋិត​ក្រៅ​គម្រោង​សាងសង់​ខ្សែ​ផ្លូវ​ទាំង​៣៨​នេះ ដែល​មាន​រយៈពេល​សាងសង់​ចំនួន​១៣​ខែ គ្រោង​នឹង​បញ្ចប់​នៅ​ចុង​ឆ្នាំ​២០២១៕

ដោយ ៖ គឿន​វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ នាទី មុន

ផ្ទុះអាវុធ​ទាំងយប់​ជាង ២០ គ្រាប់ ផ្អើល​ពលរដ្ឋ​ពេញ​ភូមិ សមត្ថកិច្ច​កំពុង​តាម​ប្រមាញ់​មុខសញ្ញា​

នយោបាយ២ ម៉ោង មុន

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គ្រោងរៀបចំសមាជវិសាមញ្ញ នៅថ្ងៃទី ១០ ខែធ្នូ ដើម្បីអនុម័តការងារ២

ព័ត៌មានជាតិ២ ម៉ោង មុន

នគរបាល​សណ្តាប់ធ្នាប់ប្រើធម៌ក្តៅលើអាជីវករលក់ដូររំលោភលើទ្រូងផ្លូវ២៧១ខាងមុខពេទ្យរុស្សី

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្អាកការធ្វើចរាចរបណ្តោះអាសន្ន លើកំណាត់ផ្លូវមួយចំនួន ដើម្បីដង្ហែ និងបូជាព្រះសព សម្តេចក្រុមព្រះ

ព័ត៌មានជាតិ២ ម៉ោង មុន

ឈ្មួញនៅតែលួចលក់សត្វព្រៃ ទោះធ្លាប់រងការបង្ក្រាប និងផាកពិន័យច្រើនដង

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services