Connect with us

ព័ត៌មានជាតិ

ក្រសួងកសិកម្ម ណែនាំកសិករដាំសណ្តែកបាយជាដំណាំគម្របដី ដើម្បីបង្កើនទិន្នផល

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើការណែនាំដល់ប្រជាកសិករឱ្យដាំសណ្តែកបាយ ជាដំណាំគម្របដីនៅតាមចន្លោះជួរនៃដំណាំចម្បងនៅក្នុងចំការរបស់ខ្លួន ដើម្បីបង្កើនទិន្នផលឱ្យបានកាន់តែខ្ពស់ថែមទៀត។ 

តាមរយៈផេកហ្វេប៊ុកផ្លូវការបង្ហោះនៅថ្ងៃនេះ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា ការដាំដំណាំគម្របដីដោយប្រើប្រាស់ពពួកគ្រួសារសណ្តែក ដូចជាដំណាំសណ្តែកបាយ គឺជាវិធីសាស្ត្រដ៏សមស្របមួយក្នុងការជួយលើកកម្ពស់ជីជាតិដី ជាពិសេស ដីដែលងាយ ឬរងនូវការរេចរឹលជីជាតិដី។ ក្រៅពីជួយលើកកម្ពស់ជីជាតិដី សណ្តែកបាយក៏ជាប្រភេទដំណាំសេដ្ឋកិច្ចមួយ ហើយក៏ជាប្រភពចំណូលអាចជួយបង្កើនសេដ្ឋកិច្ច និងអាហារូបត្ថម្ភសម្រាប់គ្រួសារកសិករផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋមន្ត្រីបានបន្តថា៖ “​ដូច្នេះការដាំដំណាំសណ្តែកបាយជាដំណាំគម្របដីនៅតាមចន្លោះជួរនៃដំណាំចម្បង គឺជាវិធីសាស្ត្រដ៏ល្អមួយដើម្បីជួយលើកកម្ពស់គុណភាពជីជាតិដី ជួយកាត់បន្ថយការបាត់បង់ជីជាតិដី និងការហូរច្រោះ”។

លោករដ្ឋមន្ត្រីបានលើកឡើងទៀតថា ជាក់ស្តែងនាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្មនៃអគ្គនាយកដ្ឋានកសិកម្ម បានរៀបចំធ្វើចម្ការបង្ហាញស្តីពី “ការលើកកម្ពស់ការអនុវត្តល្អលើការគ្រប់គ្រងដីដើម្បីទប់ស្កាត់ការធ្លាក់ចុះគុណភាពដីក្នុងផលិតកម្មដំណាំនៅតំបន់ខ្ពស់រាប” ដោយជ្រើសយកខេត្តកោះកុង ជាខេត្តសម្រាប់រៀបចំចម្ការបង្ហាញជូនដល់កសិករ និងអ្នកប្រើប្រាស់ធនធានដីទាំងអស់។

ក្នុងនោះបញ្ជ្រាបបច្ចេកទេសដាំដុះដំណាំសណ្តែកបាយនៅតាមចន្លោះជួរដំណាំពោត ដែលជាដំណាំចម្បង និងការបញ្រ្ជាបបច្ចេកទេសកាត់បន្ថយការបាត់បង់ជីជាតិដីតាមរយៈការដាំដុះដំណាំសណ្តែកបាយជាដំណាំគម្របដីនៅតាមចន្លោះជួរដំណាំពោត។

លោករដ្ឋមន្ត្រីបានបន្ថែមថា លទ្ធផលទទួលបានពីការស្រាវជ្រាវបានបង្ហាញថា បច្ចេកទេសដាំពោត ជាជួរភ្លោះ បានជួយបង្កើនទិន្នផលដើមពោត និងចំនួនផ្លែពោតចំនួន ១០០% និង ១៦០% រៀងៗគ្នា ធៀបនឹងបច្ចេកទេសដាំដុះតាមទម្លាប់កសិករ។

ទន្ទឹមគ្នានេះ បច្ចេកទេសដាំពោតជាជួរភ្លោះ ក៏បានជួយបង្កើនទិន្នផលផ្លែពោតទុំ ទិន្នផលគ្រាប់ពោតទុំ និងទិន្នផលជីវម៉ាសពោតស្ងួតចំនួន ២២៩% ២៤២% និង ២១៧% រៀងៗគ្នា ធៀបនឹងបច្ចេកទេសដាំដុះតាមទម្លាប់កសិករ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ដូចនេះការដាំសណ្តែកបាយជាដំណាំគម្របដីបានជួយកាត់បន្ថយបរិមាណដីហូរច្រោះចេញពីចម្ការជាមធ្យមចំនួន ៣០% ធៀប នឹងចម្ការកសិករដែលមិនមានដំណាំគម្របដី។ បច្ចេកទេសដាំពោតជាជួរភ្លោះជាមួយការដាក់ជី និងដាំដំណាំគម្របដីបានជួយបង្កើនទិន្នផលពោតលើសពីការដាំតាមទម្លាប់កសិកររហូតដល់ទៅ ១៦០%។ 

លោករដ្ឋមន្ត្រីបានឱ្យដឹងទៀតថា នាពេលអនាគត នាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម នឹងធ្វើការសិក្សាបន្ថែមទៀតលើការកាត់បន្ថយការហូរច្រោះដី និងវិធានការគ្រប់គ្រងជីជាតិដីនៅតំបន់ទីជម្រាលដើម្បីទទួលបានទិន្នន័យកាន់តែសុក្រឹត្យថែមទៀត ជាពិសេសការបាត់បង់បរិមាណដីក្នុង១ហិកតា ការបាត់បង់សារធាតុចិញ្ចឹមក្នុងដី ការធ្លាក់ចុះគុណភាព និងសុខភាពដី និងតម្លៃសេដ្ឋកិច្ចនៃការធ្លាក់ចុះគុណភាពដី។

គួរបញ្ជាក់ថា ទឹកជំនន់ ភាពរាំងស្ងួតធ្ងន់ធ្ងរ និងការអូសបន្លាយពេលយូរអង្វែង សំណឹកដីដោយសារឥទ្ធិពលខ្យល់ និងភ្លៀង គឺជាកត្តាធម្មជាតិដែលបង្កឱ្យដីស្រទាប់លើសឹករេចរិល និងធ្លាក់ចុះ ឬបាត់បងគុណភាពដីតែម្តង។ កត្តាធម្មជាតិ រួមផ្សំជាមួយនឹងកត្តាមនុស្ស នាំឱ្យដីបាត់បង់សមត្ថភាពផលិតរបស់ខ្លួនទាំងស្រុង ហើយនៅទីបំផុតវានឹងប្រែក្លាយទៅជាដីវាលរហោស្ថាន ហើយពិតណាស់នឹងបង្កឱ្យមានហានិភ័យដល់សន្តិសុខស្បៀង ក៏ដូចជាសេដ្ឋកិច្ចជាតិផងដែរ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម