Connect with us

ព័ត៌មានជាតិ

ការសម្ដែងសិល្បៈបុរាណប្រចាំសប្ដាហ៍ ត្រៀមដំណើរការឡើងវិញ នៅខែក្រោយ

បានផុស

នៅ

បន្ទាប់ពី ក្រសួង​វប្ប​ធម៌​ និង​វិ​ចិត្រ​សិល្បៈ​ បាន​ប្រកាស​បើក​ដំ​ណើរ​ការ​ឡើង​វិញ​នូវ​ការ​ចូល​​ទស្សនា​​សារ​មន្ទី​រ រោង​​ភាព​​យន្ត និង​រោង​សម្ដែង​សិល្បៈ ក្នុង​រាជ​ធា​នី​ភ្នំ​ពេញ គេសង្កេតឃើញថា តាមបណ្ដារោងភាពយន្តបានចាប់ផ្ដើមបើកដំណើរវិញភ្លាមៗ ស្របពេលដែលមានភាពយន្តជាច្រើនកំពុងកកស្ទះរង់ចាំចាក់បញ្ចាំងជាបន្តបន្ទាប់នោះ។ ជាមួយគ្នានេះ សមាគមសម្ដែងសិល្បៈបុរាណដែលបានអាក់ខានជិត២ឆ្នាំមកនេះ ក៏ត្រៀមនឹងចាប់ផ្ដើមដំណើរការសម្ដែងប្រចាំសប្ដាហ៍របស់ខ្លួនឡើងវិញផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃីម មាឃ ប្រធានសមាគម សុវណ្ណភូមិ មានប្រសាសន៍ប្រាប់ កម្ពុជាថ្មី ថា សមាគមរបស់លោកនឹងមានការសម្ដែងសិល្បៈបុរាណចម្រុះឡើងវិញនៅចុងឆ្នាំ ២០២១នេះ ព្រោះសិស្សសិល្បៈ កំពុងជាប់ត្រៀមប្រឡងបញ្ចប់ឆ្នាំសិក្សារបស់ពួកគេនៅឡើយ។

លោក ឃីម មាឃ មានប្រសាសន៍បញ្ជាក់ថា៖ “យើងបានរៀបចំប្រព័ន្ធភ្លើង ប្រព័ន្ធសំឡេង ឆាកសម្ដែងរួចរាល់អស់ហើយ យើងនៅរង់ចាំតែរៀបចំកម្មវិធីពេវេលាសម្ដែង និងការផ្សព្វផ្សាយ។ ប្រហែលជានៅចុងឆ្នាំនេះ គឺនៅពាក់កណ្ដាលខែ ១២ [ខែធ្នូ] នឹងរៀបចំសម្ដែងសាកល្បង ដោយជាដំបូងគឺជាការសម្ដែងជាលក្ខណៈអញ្ជើញចូលទស្សនា ដោយមិនលក់សំបុត្រ ដើម្បី [ការសម្ដែងសិល្បៈបុរាណ] មានសកម្មភាពឡើងវិញ”។

ប្រធានសមាគម សុវណ្ណភូមិ រូបនេះ លើកឡើងថា នៅពេលរដ្ឋបើកឡើងវិញបែបនេះ លោក ក៏ដូចជាសិល្បករទាំងអស់ មានទឹកចិត្តសប្បាយរីករាយ និងសង្ឃឹមថា សិល្បករនឹងមកជុំគ្នា ដើម្បីកសាងក្រុមការងារឡើងវិញ បន្ទាប់ពីខកខានសម្ដែងយូរហើយ ប្រហែលជាង២ឆ្នាំមកនេះ។

លោក ឃីម មាឃ មានប្រសាសន៍អំពីការបង្ការសុវត្ថិភាពសុខភាពពីជំងឺកូវីដ-១៩ ថា៖ “ចំពោះការសម្ដែង យើងនៅតែគោរពវិធានការសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល ដោយសិល្បករ និងទស្សនិកជន ត្រូវអនុវត្ត ៣កុំ៣ការពារ មានបណ្ណចាក់វ៉ាក់សាំង ហើយត្រូវកំណត់ចំនួនអ្នកចូលរួម”។

ប្រធានសមាគម សុវណ្ណភូមិ ដដែលនេះ បានរំលឹកថា មួយរយៈកន្លងមកមិនមានការសម្ដែងជូនសាធារណជនចូលទស្សនាក្ដី ប៉ុន្តែការមានការសម្ដែងដោយថតទុកសម្រាប់អបអរពិធីបុណ្យជាតិធំៗ ជាក់ស្ដែងកាលពីខែតុលា កន្លងទៅថ្មីៗនេះ ក្រុមសិល្បៈ សុវណ្ណភូមិ ទើបបានថតការសម្ដែងល្ខោនស្បែកតូច រយៈពេល ១៥នាទី  ក្រោមប្រធានបទ “ស្ថានភាពរាតត្បាតនៃជំងឺកូវីដ-១៩” ដើម្បីរៀបចំថតជាវីដេអូ សម្រាប់ការចាក់ផ្សាយក្នុងមហោស្រព International Rain Festival តាមបណ្ដាញ YouTube ក្នុងខែមករា ឆ្នាំ២០២២ ខាងមុខនេះ ជាមួយនឹងប្រទេសជប៉ុន ថៃ និងឥណ្ឌូនេស៊ី។

ប្រធានសមាគម សុវណ្ណភូមិ ខាងលើ មានក្ដីសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋខ្មែរនឹងគាំទ្រសិល្បៈបុរាណជាតិជាបន្តទៀតនៅពេលបើកសម្ដែងឡើងវិញ ជាមួយគ្នានេះ លោកសំណូមពរ នៅពេលមានការសម្ដែងសិល្បៈបុរាណ សូមមហាជនអញ្ជើញចូលមកទស្សនា ក៏ដូចជាលើកទឹកចិត្តដល់សិល្បករ។

លោក ឃីម មាឃ មានប្រសាសន៍ថា៖ “សមាគមគ្រោងនឹងបើកការសម្ដែងប្រចាំសប្ដាហ៍ឡើងវិញនេះ ដោយការសម្ដែងនឹងមានការផ្លាស់ប្ដូរទស្សនីយភាពផ្សេងៗ មានដូចជា ល្ខោនស្បែងតូច ស្បែកធំ យីកេ ល្ខោនបាសាក់ របាំ ជាដើម។

ជាមួយគ្នានេះ លោក ឃីម មាឃ មានក្ដីរំពឹងថា បន្ទាប់ពី កម្ពុជាបើកប្រទេសឡើងវិញ ក៏ដូចជាទទួលទេសចរវ៉ាក់សាំង នោះនឹងមានភ្ញៀវទេសចរបរទេសថែមទៀតចូលមកទស្សនាការសម្ដែងសិល្បៈបុរាណជាតិកាន់តែច្រើន។

គួរបញ្ជាក់ថា នៅទីតាំងសមាគមន ដែលនៅក្នុងបរិវេណ សាលាមធ្យមវិចិត្រសិល្បៈ នៃក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ដែលស្ថិតនៅ វិថីបណ្ឌិតម៉ុងឬទ្ធី ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

គួររំលឹកថា ក្រសួង​វប្ប​ធម៌​ និង​វិ​ចិត្រ​សិល្បៈ​ បាន​ប្រកាស​បើក​ដំ​ណើរ​ការ​ឡើង​វិញ​នូវ​ការ​ចូល​​ទស្សនា​​សារ​មន្ទី​រ រោង​​ភាព​​យន្ត និង​រោង​សម្ដែង​សិល្បៈ ក្នុង​រាជ​ធា​នី​ភ្នំ​ពេញ​ ចាប់​ពី​ថ្ងៃ​ទី​៣០ ខែ​តុ​លា ឆ្នាំ​២០២១​នេះ​​ទៅ។

យោង​តាម​សេចក្ដីជូន​ដំ​ណឹង​របស់​ក្រសួង​វប្បធម៌ ​និងវិចិត្រ​សិល្បៈ​ បាន​បញ្ជាក់​ ការ​​បើក​​ដំណើរ​ការ​ឡើង​វិញ​នូវ​ការ​​ទ​ស្សនា​សារមន្ទី​រ រោង​ភាព​យន្ត និង​រោង​សិល្បៈ​នេះ ត្រូវធ្វើឡើង​ដោយ​​​ប្រតិ​បត្តិនិង​អនុ​វត្តយ៉ាង​តឹង​រ៉ឹង​​នូវ​គោលការណ៍​ប្រ​តិបត្តិ​ស្ដង់​ដារ ​(SOP) និង​វិធាន​សុខា​ភិ​បាល ក្នុងនោះ​​​ អ្នកចូលទស្សនាចាប់ពីអាយុ ៦ឆ្នាំ​ឡើងទៅ ត្រូវតែបង្ហាញកាតវ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងស្កេនកូដ QR។

បន្ថែម​ពី​នោះ​ ក្រសួងបានណែនាំឱ្យ​​​ពាក់​ម៉ាសការពារជានិច្ច​​ វាស់​កម្ដៅចំពោះ​​ទស្សនិកជន​គ្រប់រូប ដែល​ចេញចូល​ក្នុង​បរិវេណ​រោងភាពយន្តឬ​រោង​សម្ដែង​សិល្បៈ ខណៈការ​ទិញ​សំ​បុត្រ​ ក្រសួង​លើក​ទឹក​ចិត្ត​ឱ្យទស្សនិក​ជន​​ទិញ​តាម​​ប្រ​ព័ន្ធ​អនឡាញ (online) ឬតាម​អែប (App) របស់​រោង​ភាពយន្ត ​ឬរោង​​សម្ដែង ដើម្បី​​កាត់​​បន្ថយ​ការ​លក់​សំ​​បុត្រ​ដោយ​ផ្ទាល់។ ចំពោះ​ការ​ទិ​ញ​អាហា​រសម្រន់ ត្រូវរក្សា​អនាម័យ​ឱ្យ​​បាន​ខ្ពស់ រោង​ភាព​យន្តឬ​រោង​សម្ដែង ​ត្រូវ​រក​វិ​ធាន​ការ​បង់​ប្រាក់​ដែល​ចៀស​វាង​ការ​បង់​ប្រាក់​ដោយ​ផ្ទាល់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

លើស​ពី​នេះ​ ក្រសួងបាន​​​​តម្រូវ​​ឱ្យ​ទស្សនិកជន​ចូល​បានតែ ៥០ ​ភាគរយនៃ​ចំនួន​កៅអី​សរុប​តែប៉ុណ្ណោះ​ នៅក្នុង​រោង​បញ្ចាំង ​​ឬ​រោង​សម្ដែង​សិល្បៈនីមួយៗ និង​ត្រូវ​រក្សា​គម្លាតរវាង​ទស្សនិកជន​ពី​ម្នាក់​ទៅ​ម្នាក់ទៀតយ៉ាងតិចចន្លោះ​មួយ​ម៉ែត្រ​​កន្លះ។ ជាមួយគ្នា​នោះ ទ្វារ​នៃ​រោង​ប​ញ្ចាំង ​រោង​សម្ដែង​សិល្បៈ ត្រូវ​ទុក​ឱ្យ​ចំហ ​មុននឹង​ចាប់​ប​ញ្ចាំ​ង​ភាពយន្តឬ​សម្តែងសិល្បៈ​ម្តងៗ និងត្រូវ​រក្សា​សីតុណ្ហភាព​ក្នុង​រោង​ប​ញ្ចាំង​ឬ​រោង​សម្ដែង​សិល្បៈ ជា​មធ្យម​ចន្លោះ​ពី២៤ទៅ៣០អង្សា៕

អត្ថបទ៖ ​ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម