Connect with us

វប្បធម៌ ជំនឿ

បទយកការណ៍៖ សិល្បៈសៀកកម្ពុជាសិក្សានៅបរទេស នឹងបង្ហាញស្នាដៃនៅព្រឹកស្អែក ឥតគិតថ្លៃ

បានផុស

នៅ

សាលាសៀក នៃសាលាមធ្យមវិចិត្រសិល្បៈ នឹងរៀបចំការសម្តែងសៀក នៅថ្ងៃស្អែក ថ្ងៃសៅរ៍ ទី៩ ខែកញ្ញា ឆ្នាំ២០២៣នេះ ចាប់ពីវេលាម៉ោង ៩ព្រឹក នៅសាលមហោស្រពភិមានអាកាស នៃសាលាមធ្យមវិចិត្រសិល្បៈ (បឹងបាយ៉ាប) ដែលមហាជនអាចចូលរួមទស្សនាដោយឥតគិតថ្លៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តើហេតុអ្វីមានការសម្ដែងសៀកដោយមិនគិតថ្លៃបែបនេះ? តើការសម្ដែងសៀកនេះ មានចំណុចពិសេសអ្វីខ្លះ?

ឆ្លើយដោយសម្ដីគួរសម ទន់ភ្លន់តែម៉ឺងម៉ាត់ លោក វង្ស វណ្ណៈ ជាគ្រូបង្គោលបង្រៀនផ្នែកសៀក នៃសាលាមធ្យមវិចិត្រសិល្បៈ បានឱ្យ “កម្ពុជាថ្មី” ដឹងនៅថ្ងៃនេះថា ការសម្ដែងសៀកនេះ ជាការបង្ហាញលក្ខណៈផ្ទៃក្នុងរបស់សាលា ប៉ុន្តែក៏បើកឱកាសដល់មហាជនបានចូលទស្សនាកម្សាន្ត ឈ្វេងយល់ពីសមិទ្ធផលរបស់កូនសិស្សសៀកកម្ពុជា ដែលបានបញ្ចប់ហាត់រៀនសៀករយៈពេលខ្លី ពីប្រទេសជាមិត្ត។

លោក វង្ស វណ្ណៈ បានឱ្យដឹងបន្តថា៖ ” ក្រុមសិល្បករ សិល្បការិនី សិស្សសាលាសៀកចំនួន ៦នាក់ បានទៅសិក្សានៅប្រទេសចិន រយៈពេល ៣ខែ ពីខែឧសភា ដល់ខែសីហា ឆ្នាំ២០២៣នេះ។ នៅក្នុងការសម្ដែងសៀកនេះ យើងមានឈុតសម្តែងសិល្បៈសៀកមានផ្សេងៗពីគ្នា”។

គ្រូបង្គោលបង្រៀនផ្នែកសៀក វ័យ ៣៥ឆ្នាំរូបនេះ បានឱ្យដឹងបន្ថែមថា សម្រាប់ការបង្កើតឈុតសម្តែងសៀកថ្មី មានផលលំបាក ដូចជា ត្រូវសាវជ្រាវរក អំពីអត្ថន័យខ្លឹមសារ នៃកូនប្រធានបទមួយ ដែលអាចស៊ីជម្រៅជាមួយបច្ចេកទេស ក្រឡា ភ្លេង និងទាមទារពេលវេលា។ល។

លោក វង្ស វណ្ណៈ បញ្ជាក់ថា៖ “រាល់ការបង្កើតទស្សនីយភាពសៀកថ្មី ពេលខ្លះមិនមានភាពងាយស្រួលទេ តែបើកូនសិស្សមានទេពកោសល្យពីកំណើត យើងងាយនឹងបង្កើតនូវអ្វីថ្មីៗ។ យើងរកដំណោះស្រាយដោយពន្យល់សិស្សថា ត្រូវយ៉ាងដូចម្តេច ឬធ្វើបង្ហាញឱ្យគាត់បានយល់នូវអ្វីដែលគ្រូចង់បាន”។

គួរឱ្យដឹងថា ​នៅ​ពាក់​កណ្តាល​សតវត្ស​ទី​១៨ ​លោក​ ហ្វី​លីព​អាស់​គ្លេយ ជា​ជន ជា​អង់គ្លេស បាន​ប្រមូល​សិល្បៈ​ប្រភេទ​នេះ​មក​សម្ដែង​នៅ​រង្គ​មណ្ឌល។ បន្ទាប់​មក នៅ​ចុង​សតវត្ស​ទី១៨ លោក ហ្រ្វង់​កូនី សញ្ជាតិ​បារាំង​មាន​ដើម​កំណើត ​ជា​ជនជាតិ​អ៊ីតាលី​ បាន​សង់​រោង​មួយ​រៀប​ឆាក​រាង​រង្វង់​មូល ទំ​ហំ​អង្គត់​ផ្ចិត ១៣​ម៉ែត្រ ​សម្រាប់​សម្ដែង​សិល្បៈ​នេះ​ជូន​ទស្សនិក​ជន​ទស្សនា​ជុំវិញ។ ​ហេតុ​ដូច​នេះ​ហើយ​បាន​ជា​ហៅ ​សិស្បៈ​ប្រភេទ​នេះ​ថា “សៀក” (Cirque មាន​ន័យ​ថា រង្វង់) ដែល​មាន​ដើម​កំណើត​តាំង​ពី​សម័យ​ក្រិច​បុរាណ​មក​ម្ល៉េះ។ រី​ឯ​ពាក្យ​រង្វង់​មូល​ក្នុង​ភាសា​បារាំង​ថា “Cercle” ចំណែក​ភាសា​អង់​គ្លេស​ថា “Circle”។

ងាកមកជួប អនុប្រធានសាលាសៀក វិញម្ដង លោកស្រី ផុន ចាន់ពិសី បានឱ្យដឹងថា ចំពោះការសម្ដែងសិល្បៈសៀកនេះ ក្រុមសៀក គ្រោងនឹងយកផ្ទាំងទស្សនីយភាពចំនួន ១១ឈុត ទៅបង្ហាញជូនទស្សនិកជនទស្សនា ប៉ុន្តែមិនអាចប្រព្រឹត្តិដូចការគ្រោងទុកនោះទេ។

លោកស្រី ផុន ចាន់ពិសី មានប្រសាសន៍ថា៖ “សម្រាប់ការសម្តែងយើងមាន ១១ឈុត ដោយឡែកពិតជាសោកស្តាយ យើងត្រូវបានកាត់ចោល ២ឈុត ដោយសារឆាកយើងមិនអំណោយផល។ ដូចនេះ យើងសល់តែ ៩ឈុតទេ ចំណែកក្រុមការងារសរុបមានចំនួន ១៧នាក់”។

អនុប្រធានសាលាសៀក រូបនេះបានឱ្យដឹងថា ចំពោះការសម្ដែងសៀកនេះ មានឈុតសម្តែងថ្មីដូចជា ឈុត ដុំស៊ីឡាំង បោកកូនបាល់ ជិះកង លំនឹងដៃគូ ត្រេះជើង ជាដើម។ រាល់ឈុតឆាកសម្តែងពីមួយទៅមួយ គឺចង់បង្ហាញអំពីភាពអស្ចារ្យ ភាពវៃឆ្លាតរបស់សិស្ស និងការប៉ិនប្រសប់ បត់បែនខ្លួនទៅតាមបច្ចេកទេស។ ឈុតខ្លះមានអ្នកសម្តែង ២នាក់ ៣នាក់ និងជាក្រុម។

លោកស្រី ផុន ចាន់ពិសី លើកឡើងថា៖ “ខ្ញុំចង់ជម្រាបថា សិល្បៈសៀកគឺ យើងមាននៅតាមចម្លាក់ប្រាង្គប្រាសាទបាយ័ន ដែលយើងមានតាំងពីបុរាណមក។ នាងខ្ញុំសង្ឃឹមថា ប្រជាជនបងប្អូននឹងជួយគាំទ្រនូវវិស័យសិល្បៈសៀកដែលពួកយើងនឹងសម្តែងនាពេលខាងមុខ នឹងសូមអញ្ជើញចូលរួមទស្សនាឱ្យបានច្រើនកុះករ ក៏ដូចជាការលើកទឹកចិត្តដល់សិល្បករយើង។ ហើយខ្ញុំជម្រាបថា យើងមានការរើសសិស្សដែលមានបំណងចង់ចូលរៀនផងដែរ”។

ថ្វីដ្បិតតែការសម្ដែងសៀកនេះ ជាស្នាដៃបង្ហាញលទ្ធផល នៃសិស្ស ៦នាក់ ដែលបានចេញទៅសិក្សាសៀកបន្ថែមពីបរទេសក្ដី ក្នុងនោះក៏មានការចូលរួមពីសិស្សសាលាសៀកជាច្រើនរូបទៀតផងដែរ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺការសម្ដែងសៀកជាលើកដំបូង។

កុមារា គីម ឡុង បានឱ្យដឹងថា ខ្លួនជាសិស្សថ្មី និងទើបតែចូលហាត់រៀនសិល្បៈសៀក បានប្រហែលជិតមួយឆ្នាំនេះ។ ចំពោះការសម្ដែងថ្ងៃស្អែកនេះ ជាការសម្ដែងលើកទីមួយរបស់ខ្លួន។ គីម ឡុង បញ្ជាក់ថា៖ “ខ្ញុំបានចេញសម្តែង វាពិតជារំភើប ប៉ុន្តែក៏មានអារម្មណ៍ភ័យខ្លាំងណាស់ដែរ តែទោះជាយ៉ាងណា ក៏ខ្ញុំនៅតែខិតខំសម្តែងឱ្យបានល្អអស់សម្ថតភាព”។

កុមារាវ័យ ១០ឆ្នាំរូបនេះ បានឱ្យដឹងបន្តថា ដោយសារឪពុកម្តាយចេញមកធ្វើការស៊ីឈ្នួលគេ និងដោយសារផ្ទះនៅជិតសាលាមធ្យមវិចិត្រសិល្បៈ ទើបម្ដាយឪពុកឱ្យគេចូលរៀននៅទីនេះ។ គីម ឡុង បានឱ្យដឹងថា គេជួបផលលំបាកជីវភាពខ្វះខាត អត់មានមធ្យោបាយធ្វើដំណើរមកសាលាហាត់រៀន ខណៈមុខវិជ្ជាសៀក ត្រូវការកម្លាំង និងភាពអត់ធ្មត់ខ្លាំងទើបហាត់ទៅមុខ។

គីម ឡុង បានបន្តថា៖ “ប៉ុន្តែដោយក្តីស្រលាញ់ និងចង់ក្លាយជាសិល្បករឆ្នើម ខ្ញុំបានខំប្រឹង តស៊ូហាត់ដោយរីករាយ។ ខ្ញុំពិតជាសប្បាយចិត្ត និងត្រេកអរ ដែលបានការសិក្សា និងបានការយកចិត្តទុកដាក់ពីលោកគ្រូ អ្នកគ្រូសាលាសៀក។ ពួកគាត់តែងតែយកចិត្តទុកដាក់ក្នុងការបង្ហាត់បង្រៀន ខិតខំបណ្តុះបណ្តាលដល់កូនសិស្ស។ មិនតែប៉ុណ្ណោះសិល្បៈសៀក ក៏ជាវិស័យមួយដែលជំរុញ និងលើកទឹកចិត្តឱ្យខ្ញុំមានភាពក្លាហាន បញ្ចេញនូវសម្ថតភាពរបស់ខ្លួន”។

គួរបញ្ជាក់​ថា ​សាលមហោស្រពភិមានអាកាស នៃសាលាមធ្យមវិចិត្រសិល្បៈ មានអាសយដ្ឋាននៅ វិថីបណ្ឌិតម៉ុងឬទ្ធី (១៩២៨) ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ព័ត៌មានបន្ថែម ០១២ ៦៣៩ ៨៩៣ (តេឡេក្រាម), ០៩៦ ៥៦៨ ៣៤៥២ ឬ ០៨៦ ៣៥៥ ២៦៥។

ប្រទេស​កម្ពុជា​ សម្បូរ​ធន​ធាន​មនុស្ស​ប្រកប​ដោយ​ទេព​កោសល​សិស្បៈ​សៀកនេះតាំងពីមុនសម័យអង្គរ។ ជាក់ស្ដែង ​រូប​ចំលាក់​នៅ​ប្រាសាទ​បាយ័ន​ ព្រ​លាន​ជល់​ដំរី​ និង​ព្រលាន​ស្តេច​គំលង់​ ជា​ភស្តុ​តាង​បញ្ជាក់​ថា ​ខ្មែ​រ​មាន​សិស្បៈ​សៀក​នេះ​ជា​យូរ​យារ​ណាស់​មក​ហើយ​។

នៅ​សតវត្ស​ទី​២០ គេ​បាន​ចែក​សិស្បៈ​សៀក​ជា ៨ ឯក​ទេស​គឺ ឯក​ទេស​លំនឹង ​ត្រែះ​ អត្ត​ពល​កម្ម កាយ​សម្ព័ន្ធ​ ការ​បង្ហាត់​សត្វ​ កំប្លែង រហ​ស្ស​កម្ម និង​អាក្រូ​បាត (ការ​ដើរ​លើ​ចុង​ជើង ​ហក់​ឡើង​ទៅ​លើ​)។ ក្នុង​ចំណោម​ឯក​ទេស​ទាំង​អស់​នេះ​បាន​ស្ថិត​ស្ថេរ​ និង​រស់​នៅ​ជិត​ស្និត​នឹង​ប្រជា​រាស្រ្តខ្មែរ​ដូច​ជា​ពាក្យ​សាមញ្ញ​ថា សិស្បៈ​ឆ្ពិន​ភ្នែក​ប្រភេទ​នេះ​គេ​ចាត់​ចូល​ក្នុង​ឯក​ទេស​រហស្ស​កម្ម៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋសង្កាត់អូរតាវ៉ៅ ខេត្តប៉ៃលិន ទទួលបានស្ពានបេឡេត៍ ប្រវែង២១ម៉ែត្រ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ឡាវបើកភ្លើងខៀវឱ្យសង់ផ្លូវល្បឿនលឿនប្រវែង៦៣គីឡូម៉ែត្រពី “ហ្លួងប្រាបាង-បរតែន” បន្ទាប់ពីចិនពន្លឿន

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី៖ កម្ពុជាបានឈានចូលដល់ដំណាក់កាលទំនើបភាវូបនីយកម្ម ហើយកំពុងមានការវិវត្តគួរឱ្យកត់សម្គាល់

ព័ត៌មានជាតិ៥ ម៉ោង មុន

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញគោរពវិញ្ញាណក្ខន្ធអគ្គលេខាធិការគណៈកម្មាធិការ​មជ្ឈឹមបក្សកុម្មុយ​នីស្តវៀតណាម

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្ពុជា​ សោកស្ដាយយ៉ាងខ្លាំង ចំពោះការបារម្ភខ្វះមូលដ្ឋាន និងការផ្ទៀងផ្ទាត់ព័ត៌មានពិត របស់អ្នករាយការណ៍សិទ្ធិមនុស្សនៅកម្ពុជា

ព័ត៌មានជាតិ១៧ ម៉ោង មុន

ទីភ្នាក់ងារ AFD ចុះពិនិត្យគម្រោងត្រៀមជួសជុលដែលខូចខាតដោយទឹកជំនន់នៅខេត្តបាត់ដំបង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

លោក ត្រាំ ជំរុញ​អាមេរិក​​កម្ចាត់​អ៊ីរ៉ង់​ឲ្យ​ផុត​ពូជ​ពី​ផែនដី បើ​ប្រទេស​នេះ​ហ៊ាន​គ្រោង​​ធ្វើ​ឃាត​លោក

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អាហារថៃនិងឡាវមួយប្រភេទ ក្លាយជាឃាតកលាក់មុខ សម្លាប់មនុស្សសឹងរាល់ឆ្នាំ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

លើកដំបូង! យន្តហោះទម្លាក់គ្រាប់បែក រុស្ស៊ី-ចិន ល្បាតរួមគ្នាកៀក អាមេរិក ដុតបញ្ឆេះស្ថានការណ៍ 

កីឡា១៦ ម៉ោង មុន

ដៃគូរបស់​​ ពេជ្រ សម្បត្តិ ថ្ងៃអាទិត្យក្រោយជា​ជើង​ខ្លាំង​ជប៉ុនមួយ​រូប

Sokha Hotels

ព័ត៌មានពេញនិយម