ព័ត៌មានជាតិ
ផ្លាស់ប្តូរមុខមាត់ក្រុងពោធិ៍សាត់ អភិបាលខេត្តថ្មី ដាក់ការងារអាទិភាពពីរ
ឯកឧត្តម ជាវ តាយ ក្រោយទទួលតំណែងជាអភិបាលខេត្តពោធិ៍សាត់ថ្មី បានដាក់ការងារអាទិភាពពីរសំខាន់ ក្នុងការអភិវឌ្ឍក្រុងពោធិ៍សាត់ឲ្យប្រែមុខមាត់ថ្មី។

អតីតអភិបាលខេត្តកំពតរូបនេះ បានបង្កើតចក្ខុវិស័យលើការរៀបចំបំពាក់ភ្លើងបំភ្លឺឲ្យបានគ្រប់ផ្លូវទាំងអស់ក្នុងទីប្រជុំជនក្រុងពោធិ៍សាត់។ ក្រៅពីការរៀបចំបំពាក់ភ្លើងបំភ្លឺ ការងារអាទិភាពមួយទៀត ការឈានដល់ការធ្វើឱ្យប្រសើរឡើង នូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទូទាំងក្រុង។

ជាក់ស្តែងគ្រាន់តែឡើងកាន់តំណែងបានប៉ុន្មានថ្ងៃ លោកបានណែនាំឲ្យមន្ទីររ៉ែ និងថាមពល រៀបចំតម្លើងប្រព័ន្ធខ្សែបណ្តាញភ្លើងថ្មី និងបំពាក់អំពូលឆ្លាតវៃ LED តាមដងផ្លូវនានាទូទាំំងក្រុងជាជំហានដំបូង និងដំឡើងគ្រប់ដងផ្លូវនានាជាជំហានបន្ទាប់ ធ្វើយ៉ាងណាឱ្យទីប្រជុំជនក្រុងពោធិ៍សាត់មានភាពទាក់ទាញនិងស្រស់បំព្រង ដើម្បីផ្តល់ភាពងាយស្រួលសម្រាប់បងប្អូនធ្វើដំណើរនាពេលយប់ ជាពិសេសបង្កើនការទាក់ទាញផ្នែកទេសចរណ៍ទៀតផង។



ដោយឡែកជុំវិញបញ្ហាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ក៏ជាការងារអាទិភាពដែលអភិបាលខេត្តពោធិ៍សាត់ថ្មីឯកឧត្តមជាវ តាយ ដាក់ផែនការក្នុងអណ្ណត្តិការងាររបស់លោក។
ក្នុងនាមជាអភិបាលនៃគណៈអភិបាលខេត្តផងនោះ លោកបានចុះត្រួតពិនិត្យដោយផ្ទាល់នូវហេដ្ឋារចនាសម្ព័ន្ធ តាមបណ្តាផ្លូវនានា ក្នុងទីប្រជុំជនក្រុងពោធិ៍សាត់។ លោកបញ្ជាឲ្យស្ថាបនផ្លូវក្រាលកៅស៊ូ DBST និងចាក់ប៉េតុងនៅជុំវិញតំបន់ប្រជុំជន និងផ្សារ បន្ទាប់ពីរៀបចំប្រព័ន្ធលូរំដោះទឹកកខ្វក់នោះរួចរាល់នៅដើមរដូវប្រាំងខាងមុខ។

ក្រៅពីនេះលោកបានជំរុញគម្រោងស្ថាបនាផ្លូវជាតិលេខ ៥ នៅភូមិសាស្រ្តខេត្តពោធិ៍សាត់ដែលជាគម្រោងរបស់ជប៉ុន ឲ្យបានលឿនដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ពលរដ្ឋធ្វើដំណើរ។
ឯកឧត្តមជាវ តាយ អតីតអភិបាលខេត្តកំពត បានផ្លាស់មកដឹកនាំក្នុងតួនាទីជាអភិបាលខេត្តពោធិ៍សាត់ជំនួសឯកឧត្ដម ម៉ៅ ធនិន ដែលត្រូវផ្លាស់ទៅដឹកនាំខេត្តកំពតវិញ។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជាក់ពីមូលហេតុនៃការផ្ទេរតំណែងឯកឧត្តម ម៉ៅ ធនិន ពីខេត្តពោធិ៍សាត់ មកកាន់ខេត្តកំពត និងផ្ទេរឯកឧត្តម ជាវ តាយ ពីខេត្តកំពតទៅកាន់ខេត្តពោធិ៍សាត់ គឺដោយសារតែការអស់អាណត្តិនៃការដឹកនាំខេត្ត មិនមែនមូលហេតុអ្វីផ្សេងដោយសារការធ្លាក់ដៃការងារនោះទេ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា

-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ១៤ ម៉ោង ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បន្ថែមពីថវិកា៧០លានរៀល កុមារី ស៊ុន ស្រីតី ទទួលបានផ្ទះ ដីទំហំជាងកន្លះហិកតា ដែលដាំស្វាយរួចរាល់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ព័ត៌មានបឋម ៖ បាក់ស្រុតផ្លូវអមមាត់ប្រឡាយលូស្ទឹងមានជ័យធ្លាក់កង់បីឥណ្ឌា ១ គ្រឿង ក្រោយភ្លៀងមួយមេ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
ក្រុមហ៊ុន វឌ្ឍនៈ ហ៊ានចេញមុខប្រកាសគាំទ្រ “ចំណាត់ការ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្អាកការផ្តល់រង្វាន់តាមរយៈក្រវិលកំប៉ុងស្រាបៀរនិងគម្របភេសជ្ជៈ”
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចចាត់ទុកការចែកចាយលុយបង្កប់សារប្រឆាំងរដ្ឋជាសកម្មភាពបដិវត្តន៍ព័ណ៌ និងកំពុងចាត់វិធានការ