ព័ត៌មានជាតិ
កម្ពុជាប្រគល់វ៉ាក់សាំង ៥០ ម៉ឺនដូស និងរថយន្ត៣ គ្រឿង ជូនរដ្ឋាភិបាលឡាវ
នៅព្រឹកថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ ២០២១ នេះ កម្ពុជាប្រគល់វ៉ាក់សាំងចំនួន៥០ម៉ឺនដូស និងរថយន្តដឹកវ៉ាក់សាំងចំនួន៣ គ្រឿង ជាអំណោយសប្បុរសធម៌របស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជូនរដ្ឋាភិបាល និងប្រជាជនឡាវ ដែលពិធីប្រគល់ និងទទួល ធ្វើនៅខេត្តស្ទឹងត្រែង ព្រំដែនកម្ពុជា-ឡាវ (ត្រពាំងគ្រៀល-ណងនុឃាន) រវាងលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក គីកែវ ខាយខាំភីធួង ឧបនាយករដ្ឋមន្ត្រី តំណាងឱ្យរដ្ឋាភិបាលឡាវ។

មានប្រសាសន៍នៅក្នុងពិធីនោះ លោក ម៉ម ប៊ុនហេង បានបញ្ជាក់ថា កម្ពុជា-ឡាវ មានចំណងមិត្តភាពជាប្រពៃណី ជាបងប្អូនដ៏យូរអង្វែងមកហើយ និងក៏មានកិច្ចសហប្រតិបត្តិការពហុភាគីដើម្បីនាំមកនូវសន្តិភាព មិត្តភាព សន្តិសុខ ការអភិវឌ្ឍប្រកបដោយចីរភាព និងផលប្រយោជន៍ដល់ប្រជាជាតិទាំងពីរក៏ដូចជានៅក្នុងតំបន់។ លោកថា ការចូលរួមវិភាគទានជាលើកទី៣ របស់កម្ពុជានាពេលនេះ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសឡាវ ហើយគឺជាការបង្ហាញនូវកាយវិការមនោសញ្ចេតនាជាបងប្អូន និងសាមគ្គីភាពរបស់ប្រជាជនកម្ពុជាជាមួយប្រជាជនឡាវនៅក្នុងកាលៈទេសៈដែលពិភពលោកទាំងមូលកំពុងជួបបញ្ហាប្រឈមដែលមិនធ្លាប់មានមកពីមុន។

លោករដ្ឋមន្ត្រីក្រសួងសុខាភិបាលបានសម្ដែងក្តីសង្ឃឹមថា ទំនាក់ទំនងល្អប្រសើរជាប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងកាន់តែរីកចម្រើន រឹងមាំ នាំមកនូវសុខដុម និងវឌ្ឍនភាពសេដ្ឋកិច្ចសង្គម ជានិរន្តរ៍ ដល់ប្រជាជាតិយើងទាំងពីរ ដើម្បីរួមចំណែកផងដែរដល់ការអភិវឌ្ឍនៅក្នុងតំបន់។
ចំណែកលោក គីកែវ ខាយខាំភីធួង បានបញ្ជាក់ថា ក្នុងនាមរដ្ឋាភិបាល និងប្រជាជនឡាវលោកបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ដល់ជំនួយដ៏មានតម្លៃនេះ។ លោកថា ទោះបីជាប្រទេសកម្ពុជាទទួលរងនូវការរីករាលដាលនៃជំងឺកូវីដ១៩ ដូចគ្នា តែរាជរដ្ឋាភិបាលកម្ពុជា បានបែងចែកជំនួយដ៏មានតម្លៃមកដល់រដ្ឋាភិបាល និងប្រជាជនឡាវ ដែលជំនួយនេះបានបង្ហាញអំពីទំនាក់ទំនង សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ក្នុងនាមជាប្រទេសជាភូមិផងរបងជាប់គ្នា ។

លោកថា ជំនួយទាំងនេះជាផ្នែកមួយដ៏សំខាន់ នៅក្នុងការចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ ដែលប្រទេសឡាវកំពុងតែប្រឈមមុខនាពេលបច្ចុប្បន្ន ហើយជាពិសេសនឹងជួយការការពារដល់សហគមន៍ និងចាក់ជូនប្រជាពលរដ្ឋឲ្យបាន ៥ ០ភាគរយនៅចុងឆ្នាំ ២០២១ នេះ។ ជំនួញនេះ ក៏នឹងចូលរួមឱ្យការត្រឡប់មកវិញនូវការរស់នៅជាធម្មតា ជាប្រក្រតីភាពឡើងវិញ ក៏ដូចជាការស្ដារសេដ្ឋកិច្ចឡើងវិញផងដែរ។
សូមបញ្ជាក់ថា ការប្រកាសផ្តល់ជំនួយនេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាទ្វេភាគី ជាមួយនាយករដ្ឋមន្ត្រីឡាវ កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២១ ដោយនៅពេលនោះ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន បានសម្រេចផ្តល់វ៉ាក់សាំងស៊ីណូហ្វាក់ចំនួន៥០ម៉ឺនដូស និងរថយន្តដឹកវ៉ាក់សាំងចំនួន៣ គ្រឿង ជូនសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានផ្តល់នូវទឹកប្រាក់ចំនួន ១៣ លានដុល្លារសហរដ្ឋអាមេរិកផងដែរ ក្នុងនោះ ៣លានដុល្លារ ជាថវិការបស់រាជរដ្ឋាភិបាលកម្ពុជា និង ១០ លាន ដុល្លារ ជាថវិការបស់សប្បុរសជន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩៕

អត្ថបទ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៧ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា២ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


