ព័ត៌មានជាតិ
លោក ជិន ម៉ាលីន ៖ ទិវាសិទ្ធិមនុស្សឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ «រួមគ្នាលើកស្ទួយសិទ្ធិមនុស្ស ក្នុងបរិបទកូវីដ»
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លើកយកប្រធានបទ «រួមគ្នាលើកស្ទួយសិទ្ធិមនុស្ស ក្នុងបរិបទកូវីដ» រីឯក្រុមអង្គការសង្គមស៊ីវិល លើកយកប្រធានបទ «រួមគ្នាជំរុញការគោរពសិទ្ធិមនុស្ស» សម្រាប់ទិវាសិទ្ធិមនុស្ស ១០ធ្នូ នាឆ្នាំ ២០២១នេះ។
លោក ជិន ម៉ាលីន អនុប្រធាន គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានមានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ៨ ខែធ្នូនេះថា លោកគ្មានអ្វីលើកឡើងជុំវិញ ប្រធានបទសម្រាប់ទិវាសិទ្ធិមនុស្ស ដែលក្រុមអង្គការសង្គមស៊ីវិល លើកយកមកនោះទេ។ លោកថា មិនខុសពីបណ្ដាឆ្នាំមុនៗ ក្រុមអង្គការសង្គមស៊ីវិល តែងតែលើកយកប្រធានបទផ្សេងៗ សម្រាប់ទិវានេះ ដោយមានគោលដៅ និងរបៀបវារៈនយោបាយរៀងៗ ខ្លួន។ ដូច្នេះនេះជាសិទ្ធិសេរីភាព ក្នុងការជ្រើសរើសប្រធានបទ និងការប្រារព្ធពិធីរបស់ពួកគេ ដែលជាអង្គការក្រៅរដ្ឋាភិបាល។
ប៉ុន្តែ សម្រាប់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា តែងតែជ្រើសរើសប្រធានបទណាមួយ ដើម្បីជាផលប្រយោជន៍រួម និង ផលប្រយោជន៍ប្រទេសជាតិ។ ជាក់ស្ដែងនៅក្នុងឆ្នាំនេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានជ្រើសយកប្រធានបទ «រួមគ្នាលើកស្ទួយសិទ្ធិមនុស្ស ក្នុងបរិបទកូវីដ» ដែលស្របទៅតាមស្ថានភាព នៃការរាតត្បាតជំងឺកូវីដ-១៩ នៅលើសកលលោក និងប្រទេសកម្ពុជា ផងដែរ។
លោក ជិន ម៉ាលីន បានលើកឡើងថា «ក្នុងស្ថានភាពនាពេលបច្ចុប្បន្ននេះ វាគ្មានអីសំខាន់ អាទិភាពជាងការប្រយុទ្ធប្រឆាំង ទប់ស្កាត់ការឆ្លងរាលដាលកូវីដនេះទេ ពីព្រោះកូវីដ-១៩ វាអាចធ្វើឲ្យមនុស្សឈឺ ហើយស្លាប់បានជារៀងរាល់ថ្ងៃ ដែលយើងឃើញនៅកម្ពុជាយើង ក៏ដូចជានៅសកលលោក អញ្ចឹងទេក្នុងបរិបទកូវីដនេះ គឺថាសិទ្ធិមនុស្សដែលចំបង ហើយសំខាន់ ដែលយើងការពារ និងលើកស្ទួយហ្នឹង គឺសិទ្ធិរស់រានមានជីវិត និងសិទ្ធិទទួលបាននូវសេវា និងការថែទាំផ្នែកសុខភាព និងសេវាសុខាភិបាលនេះឯង ដែលរដ្ឋាភិបាលកំពុងតែធ្វើការយ៉ាងសកម្ម ប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងការទប់ស្កាត់ការឆ្លងរាលដាល ការពារអាយុជីវិតប្រជាពលរដ្ឋ សុខុមាលភាពសាធារណៈជាដើម»។

អនុប្រធាន គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងបន្តថា ដើម្បីសម្រេចនូវកិច្ចការងារ ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស ក្នុងបរិបទកូវីដខាងលើនេះបាន ត្រូវទាមទារឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដោយរាជរដ្ឋាភិបាលតែមួយ មិនអាចធ្វើបាននោះទេ។ តែប្រសិនបើយកទិវាសិទ្ធិមនុស្សនេះ ធ្វើជារបៀបវារៈនយោបាយ ដើម្បីសម្រេចមហិច្ឆតារបស់ខ្លួននោះ គឺមិនអាចសម្រេចបាននូវគោលដៅក្នុងការពារអាយុជីវិត និងសុខភាពរបស់ប្រជាពលរដ្ឋ ក្នុងបរិបទ កូវីដ-១៩នេះទេ។
លោក ជិន ម៉ាលីន បានបន្ថែមថា «ចឹងបានជាប្រធានបទលើកនេះ គឺយើងដាក់ថា រួមគ្នាលើកស្ទួយសិទ្ធិមនុស្ស ក្នុងបរិបទកូវីដ យើងចង់ឲ្យភាគីទាំងអស់ គឺថាគិតពីប្រយោជន៍រួមទាំងអស់គ្នា ក្នុងការពារលើកស្ទួយសិទ្ធិរស់រានមានជីវិត ជាជាងការយកបញ្ហាសិទ្ធិមនុស្ស ឬក៏ប្រធានបទសិទ្ធិមនុស្ស ១០ធ្នូនេះ ក្នុងការវាយប្រហារគ្នា ឬក៏ដើម្បីកេងចំណេញ ឬក៏សម្រេចនូវគោលដៅ របៀបវារៈនយោបាយខ្លួនរៀងៗខ្លួន»។
គួរកត់សម្គាល់ថា កន្លងទៅក្រុមអង្គការសង្គមស៊ីវិលមួយចំនួន បានយកទិវាសិទ្ធិមនុស្ស ១០ធ្នូនេះ ជាវេទិកាដើម្បីរិះគន់វាយប្រហាររាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស ដោយពួកគេបានលើកឡើងថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាមានការធ្លាក់ចុះ ឬក៏មានការរឹតត្បិតសិទ្ធិសេរីភាពជាដើម។ ប៉ុន្តែតំណាងរាជរដ្ឋាភិបាល បានឆ្លើយតបថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា មានភាពល្អប្រសើរ និងមិនមានការរឹតត្បិតអ្វីឡើយ៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២៣ ម៉ោង agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


