នយោបាយ
កម្ពុជាបញ្ជាក់ពីការប្តេជ្ញាចិត្តចំពោះបញ្ហាសិទ្ធិមនុស្ស តែសុំឱ្យអ្នករាយការណ៍ UN បញ្ឈប់ការប្រើស្ដង់ដារពីរ
ជាថ្មីម្ដងទៀត កម្ពុជាបន្តបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះសន្តិភាព និងការអភិវឌ្ឍ ក៏ដូចជាការយកចិត្តទុកដាក់ទៅលើបញ្ហាសិទ្ធិមនុស្ស។ តែកម្ពុជា ស្នើសុំអ្នករាយការណ៍របស់អង្គការសហប្រជាជាតិ UN លើបញ្ហាសិទ្ធិមនុស្ស បញ្ឈប់ការប្រើស្ដង់ដារពីរមកលើកម្ពុជា។

ការបន្តបញ្ជាក់របស់កម្ពុជានេះ បានធ្វើឡើងតាមរយៈបទអន្តរាគមន៍របស់លោករដ្ឋមន្រ្តីការបរទេសកម្ពុជា ប្រាក់ សុខុន ដែលថ្លែងកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងសម័យប្រជុំលើកទី៥៨ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស តាមរយៈវីដេអូថតទុក។
ការថ្លែងបទអន្តរាគមន៍នេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសង្កត់ធ្ងន់អំពីតម្រូវការចាំបាច់នូវសន្តិភាពចំពោះមុខការកើនឡើងភាពមិនច្បាស់លាស់នៃសកលលោក ការបែងចែកភូមិសាស្ត្រនយោបាយ និងវិបត្តិមនុស្សធម៌។ លោកបានគូសបញ្ជាក់ថា សន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រកបដោយចីរភាព និងការការពារសិទ្ធិមនុស្ស។

លោក ប្រាក់ សុខុន បានគូសរំលេចទៅកាន់សម័យប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស ថា ប្រវត្តិសាស្ត្ររបស់កម្ពុជា ជាសក្ខីភាពមួយនៃការផ្លាស់ប្តូរពីជម្លោះជាង ៣ទសវត្សរ៍ ទៅជាសន្តិភាព ស្ថិរភាព និងវិបុលភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធសាស្រ្តឈ្នះ-ឈ្នះ។
ការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះសន្តិភាពពិភពលោក ត្រូវបានស្តែងឱ្យឃើញតាមរយៈការរួមចំណែកក្នុងបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដោយកងកម្លាំងកម្ពុជាជិត១ម៉ឺននាក់ ដែលក្នុងនោះជាង៨០០នាក់ ជាស្ត្រី ត្រូវបានបញ្ជូនឱ្យចូលរួមក្នុងបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ក្នុងបេសកកម្ម១១ នៅទូទាំងពិភពលោក ចាប់តាំងពីឆ្នាំ២០០៦។ នេះជាបញ្ជាក់បន្ថែមរបស់រដ្ឋមន្ត្រីការបរទេសកម្ពុជា។

ចំពោះបញ្ហាសិទ្ធិមនុស្ស លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ជាថ្មីពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះបញ្ហានេះ ដោយលោកសង្កត់ធ្ងន់ពីការចូលរួមយ៉ាងសកម្មរបស់កម្ពុជាក្នុងយន្តការសិទ្ធិមនុស្ស UN ដូចជា យន្តការត្រួតពិនិត្យឡើងវិញជាសកលជុំទី៤ នៅខែឧសភា ឆ្នាំ២០២៤ និងការបន្តចុះអនុស្សរណៈយោគយល់គ្នាជាមួយការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា កម្ពុជាទទួលយកអនុសាសន៍ចំនួន ៨៥% នៃអនុសាសន៍ UPR ទាំងអស់នេះ បញ្ជាក់យ៉ាងច្បាស់ពីការប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្ត លើកកម្ពស់សិទ្ធិមនុស្ស និងបើកចំហរចំពោះការសន្ទនាប្រកបដោយស្ថាបនា។

តែយ៉ាងណាក៏ដោយ លោក បានគូសបញ្ជាក់អំពីសារៈសំខាន់ និងវាយតម្លៃខ្ពស់ចំពោះភាពមិនលម្អៀង និងយុត្តិធម៌ ក្នុង ការវាយតម្លៃសិទ្ធិមនុស្ស និងស្នើឱ្យអ្នកកាន់អាណត្តិអង្គការសហប្រជាជាតិ ប្រកាន់ខ្ជាប់វិធីសាស្ត្រ ប្រកបដោយតុល្យភាព និងកម្មវត្ថុច្បាស់លាស់ ដើម្បីជៀសវាងការធ្វើនយោបាយូបនីយកម្ម និងស្តង់ដារពីរ។
ក្នុងការប្តេជ្ញាចិត្តចំពោះអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ កម្ពុជាបន្តជំរុញឱ្យមានការចូលរួមរបស់ប្រជាពលរដ្ឋ ដោយពង្រឹងវិធីសាស្រ្តអភិបាលកិច្ចប្រកបដោយបរិយាប័ន្ន គណនេយ្យភាព និងគោរពនីតិរដ្ឋ ដែលជាសសរស្តម្ភសំខាន់នៃការរីកចម្រើនលទ្ធិប្រជាធិបតេយ្យ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


