ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់ពីការឡើងថ្លៃសំរាម
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ជូនក្រុមប្រឹក្សារាជធានីភ្នំពេញពីការឡើងថ្លៃសំរាម សំណល់រឹងនៅ ក្នុងរាជធានីភ្នំពេញ ខណៈដែលមានក្រុមហ៊ុនប្រមូលនិងដឹកជញ្ជូនសំរាម និងសំណល់រឹងចំនួន៣ បានកំពុងប្រកួតប្រជែងគ្នាក្នុងការប្រមូលសំរាមនេះ ហើយឃើញថាសេវានេះបានលក្ខណៈល្អប្រសើរជាងមុនផងដែរនោះ។
ការបញ្ជាក់បែបនេះរបស់រដ្ឋបាលរាជធានីភ្នំពេញបានធ្វើឡើង ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣១របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៩ធ្នូ២០២១នេះ នៅ សាលារាជធានីភ្នំពេញ ក្រោមវត្តមានលោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងលោកមាន ចាន់យ៉ាដា អភិបាលរងរាជធានី តំណាងអោយលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អមដោយអភិបាលរងរាជធានីភ្នំពេញចំនួន៣នាក់ទៀត។

លោកហុក ហួរលីម នាយករដ្ឋបាលរាជធានីភ្នំពេញស្តីទី ក្នុងកិច្ចប្រជុំនេះបានមានប្រសាសន៍បញ្ជាក់ថា ការអនុវត្តតារាងកម្រៃសេវាប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹងឆ្នាំ២០០៣ មិនអាចឆ្លើយតបទៅ នឹងកំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ កំណើនសន្ទស្សន៍ថ្លៃទំនិញ និងជីវភាពរស់នៅ នាពេលបច្ចុប្បន្ន ពិសេសមិនមានលទ្ធភាពទូទាត់ថ្លៃសេវាជូនប្រតិបត្តិករថ្មីទាំង ០៣ (ដែលប្រើប្រាស់រថយន្តដឹកសំរាម រថយន្ត បោសថ្នល់ រថយន្តបាញ់លាងសម្អាតថ្នល់ និងឧបករណ៍សម្ភារៈថ្មីៗ ព្រមទាំងប្រាក់បៀវត្សបុគ្គលិក កម្មករ ដែលមានតម្លៃខ្ពស់ជាងមុន) ព្រមទាំងការចំណាយរដ្ឋបាលរបស់សហគ្រាសគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជនរាជធានីភ្នំពេញ និងការរៀបចំទីលានទុកដាក់សំរាមសុវត្ថិភាព។
ដូច្នេះរដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងលេខ០៩០/២១ សជណ.ស ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ស្ដីពីការដាក់ឱ្យអនុវត្តតារាងកម្រៃសេវាគ្រប់គ្រងសំរាម សំណល់រឹង (ថ្មី) នៅរាជធានីភ្នំពេញ ដើម្បីធានា ប្រក្រតីភាពនៃប្រតិបត្តិការថ្មី និងឱ្យត្រូវតាមការអភិវឌ្ឍរាជធានីភ្នំពេញនាពេលបច្ចុប្បន្ន។
ពាក់ព័ន្ធនឹងបញ្ហាខាងលើលោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញក៏បានលើកឡើងផងដែរថា ពីមុនប្រជាពលរដ្ឋមួយចំនួន មិនបានបង់ថ្លៃសំរាមឲ្យក្រុមហ៊ុនប្រមូលសំរាមនោះទេ ដោយពួកគាត់លើកហេតុផលថា ការប្រមូលសំរាមមិនស្អាតទុកឲ្យស្អុយរយៈពេលច្រើនថ្ងៃ ដែលធ្វើអោយពួកគាត់មិនអាចទទួលយកបាន ហើយក៏មិនបានបង់ថ្លៃសេវាប្រមូលសំរាមនោះដែរ។ តែមកដល់ពេលនេះ ពោលគឺក្រោយពីមានក្រុមហ៊ុន៣ ប្រកួតប្រជែងលើការប្រមូលសំរាមឃើញថាការប្រមូលការដឹកជញ្ជូនសំរាមសំណល់រឹង គឺមានភាពល្អប្រសើរជាងមុន។

ទន្ទឹមនឹងនេះផងដែរ ដើម្បីឱ្យសេវានេះកាន់តែល្អប្រសើរ រដ្ឋបាលរាជធានីភ្នំពេញក៏បានដំឡើងថ្លៃប្រមូលសំរាមនេះ តែត្រូវបានបងប្អូនប្រជាពលរដ្ឋមួយចំនួនមានភាពរអ៊ូរទាំ។ លោកបញ្ជាក់ថា ធាតុពិតមិនមានការឡើងថ្លៃនោះទេ បើគិតពីតម្លៃនៃការប្រមូលសំរាមសម្រាប់ផ្ទះល្វែងមួយម៉ឺនរៀលនេះ ដូចជាមិនថ្លៃនោះទេ ដោយតារាងកម្រៃសេវាប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹងឆ្នាំ២០០៣ តម្លៃផ្ទះល្វែងមិនធ្វើអាជីវកម្មតម្លៃ៤០០០រៀលកាលនោះ គឺយើងអាចទិញគុយទាវហូបបាន១ចាន តែពេលនេះមិនអាចទិញគុយទាវបាន១ចានទេ លុះត្រាតែ១ម៉ឺនរៀលទើបទិញហូបបាន។
លោកក៏បានបញ្ជាក់បន្ថែមទៀតថា ការប្រមូលសំរាមនិងសំណល់រឹងនៅ រាជធានីភ្នំពេញទៅ លើការដំឡើងថ្លៃសំរាមថ្មីនេះ យើងប្រមូលបានថវិកាច្រើនជាមុនក៏ពិតមែន តែក៏មិនគ្រប់ចំនួនត្រូវបង់ឲ្យទៅ ក្រុមហ៊ុនប្រមូលសំរាមទាំង៣នោះនៅឡើយដែរ ។ លោកសូមអោយបងប្អូនប្រជាពលរដ្ឋចូលរួមដើម្បីធ្វើអោយភ្នំពេញយើងមានអនាម័យនិងបរិស្ថានល្អ៕
អត្ថបទ៖ ស្រីរ័ត្ន
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


