ព័ត៌មានជាតិ
អាវុធ រួមទាំងសម្ភារៈយោធារបស់អាមេរិក ត្រូវបានប្រមូល នឹងកម្ទេចចោល ពេលខ្លីខាងមុខ
ដោយយោងតាមបទបញ្ជារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានថ្លែងថា អាវុធគ្រប់ប្រភេទ រួមទាំងសម្ភារៈយោធាផ្សេងៗដែលជាផលិតផលមកពីសហរដ្ឋអាមេរិក ត្រូវបានប្រមូលជាបន្តបន្ទាប់ ហើយនឹងធ្វើការកម្ទេចចោល នាពេលដ៏ខ្លីខាងមុខ។

ថ្លែងទៅ កាន់អ្នកសារព័ត៌មាន ក្នុងឱកាសបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ទីលានបាញ់គ្រាប់ពិត នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំរីករាយ) ស្ថិតក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នៅ ព្រឹកថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២១នេះ សម្ដេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ថា ការប្រមូលនូវអាវុធ និងសម្ភារៈយោធារបស់អាមេរិក កំពុងដំណើរការហើយ ក្នុងនោះក៏មានអាវុធមួយចំនួនមានសភាពចាស់ មិនអាចប្រើប្រាស់បាន ហើយមានតិចណាស់ ដែលអាចនៅ ប្រើបាន។ បើតាមសម្ដេច ពិជ័យសេនា កន្លងមកក្រសួងការពារជាតិបានទុកដាក់ក្នុងឃ្លាំង ឬនៅក្នុងសារមន្ទីរ ប៉ុន្តែបច្ចុប្បន្នគ្រប់អង្គភាពកំពុងប្រមូល ដើម្បីត្រួតពិនិត្យពីចំនួន ដើម្បីរក្សាទុក ឬបំផ្លាញ់ចោល តាមជាក់ស្ដែង។

សម្ដេចពិជ័យសេនាអះអាងថា អាវុធ និងគ្រឿងសម្ភារៈសិកទាំងអស់ កាលណាដល់អាយុកាលខូចហើយ យើងតែងតែធ្វើការបំផ្លាញជាបន្តបន្ទាប់។ សម្តេចពិជ័យសេនាបញ្ជាក់ថា បើអាមេរិកមិនលក់អាវុធមកឱ្យកម្ពុជាទៀត នឹងកាន់តែល្អហើយ ដោយរាជរដ្ឋាភិបាលបច្ចុប្បន្នមិនដែលទិញអាវុធពីអាមេរិកទេ ហើយអាវុធមាននៅ សល់នេះ គឺជាអាវុធប្រមូលពីសម័យសង្គ្រាមឆ្នាំ ១៩៧០ ដោយជំនាន់ លន់ នល់ យកមកប្រើប្រាស់ ហើយនៅ សល់បាតឃ្លាំង។ ដោយឡែក អាវុធមួយចំណែកទៀត បានពីប្រភពនៃភាគីប្រយុទ្ធណាមួយ ប៉ុន្តែក៏មិនបានប្រើប្រាស់ដែរ។
សូមបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រតិកម្មចំពោះការប្រកាសរបស់សហរដ្ឋអាមេរិក ដែលសម្រេចអំពីការរឹតត្បិតការលក់ដូរអាវុធ និងសម្ភារៈយោធាដល់កម្ពុជា។ ឆ្លើយតបបញ្ហានេះ សម្តេចតេជោបានអរគុណសហរដ្ឋអាមេរិក ដោយសារការសម្រេចរបស់សហរដ្ឋអាមេរិកលើបម្រាមការលក់ដូរអាវុធ និងសម្ភារៈយោធាមកកម្ពុជានាពេលនេះ គឺបានឆ្លុះបញ្ចាំងពីភាពត្រឹមត្រូវនៃការសម្រេចចិត្តរបស់សម្ដេច កាលពីឆ្នាំ ១៩៩៤ ដែលនៅ ពេលនោះ សម្ដេចបានធ្វើការសម្រេចចិត្ត មិនធ្វើការផ្លាស់ប្តូរប្រព័ន្ធអាវុធកម្ពុជា ទៅ ទិញប្រព័ន្ធអាវុធអាមេរិក។

សម្តេចតេជោបានដាក់ចេញបទបញ្ជាដល់អង្គភាពប្រដាប់អាវុធទាំងអស់ ឱ្យធ្វើការត្រួតពិនិត្យឡើងវិញជាបន្ទាន់អំពីអាវុធ និងសម្ភារៈយោធា ដែលកម្ពុជាមានបច្ចុប្បន្ន ហើយត្រូវប្រមូលអាវុធ និងសម្ភារៈយោធាអាមេរិកទាំងអស់ ប្រសិនបើមាន យកទៅ រក្សាទុកក្នុងឃ្លាំង ឬយកទៅ កម្ទេចចោល តាមការជាក់ស្តែង”។
បើតាមសម្តេចតេជោ ហ៊ុន សែន អ្នកដែលធ្លាប់ប្រើប្រព័ន្ធអាវុធអាមេរិកជាច្រើន បានចាញ់សង្រ្គាម ដូចជាក្នុងរបបសាធារណខ្មែររបស់ លន់ នល់ ដែលពេលនោះបានប្រើប្រព័ន្ធអាវុធអាមេរិក និងបាននាំចូលអាវុធជាច្រើនមកកម្ពុជា ហើយធ្វើឱ្យកម្ពុជាជាប់បំណុលខ្មៅ នេះ រហូតមកដល់បច្ចុប្បន្ននេះ។ ថ្មីៗនេះទៀតសោត គឺអ្នកប្រើប្រព័ន្ធអាវុធអាមេរិក ក៏បានចាញ់សង្រ្គាម នៅ អាហ្គានីស្ថាន៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២១ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


