Connect with us

ព័ត៌មានជាតិ

កម្ពុជាជាប់លេខ២ ​ក្នុងអាស៊ាន ដែល​បញ្ជូនកងទ័ព​ស្ត្រីចូលរួមជាមួយអង្គការសហប្រជាជាតិ

បានផុស

នៅ

នេះជាការបញ្ជាក់របស់លោក​ឧបនាយករដ្ឋមន្ត្រី​ ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និងសហប្រតិ​បត្តិ​ការ អន្តរ​ជាតិ នៅក្នុងពិធីបើកសន្និសីទអន្តរជាតិ ស្តីពី “ការ​ពង្រឹង​តួនាទី​ស្ត្រី​ក្នុង​ការ​កសាង និងការថែរ​ក្សា​សន្តិ​ភាព៖ ពីការប្តេជ្ញាចិត្តរហូតដល់លទ្ធផល” កាលពីទី០៧ ខែធ្នូ ម្សិលមិញ តាមរយៈប្រព័ន្ធវីដេអូ។  
 
មានប្រសាសន៍នៅក្នុងពិធីនោះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន លើក ឡើងថា ស្ត្រី និងក្មេងស្រី មានអំណាចក្នុងការផ្លាស់ប្តូរ និងជំរុញការអភិវឌ្ឍប្រកបដោយវិជ្ជមាន​។លោកថា ពួកគេអាចចូលរួមចំ​ណែក​ជួយ​កសាងសង្គមប្រកបដោយភាពត្រឹមត្រូវ បរិយាប័ន្ន វិបុលភាព និងសន្តិភាព។ ទោះបី​ជាយ៉ាង​ណា​ក៏ដោយ ផ្នត់គំនិតអំពី​សក្ដានុពល​ និងការ​ពាក់ព័ន្ធ​របស់​ស្ត្រី និងក្មេងស្រី នៅតែបន្តកើតមាន ជាពិ​សេស ក្នុងវិស័យកសាង សន្តិភាព និងសន្តិសុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ពីអតីតកាលដ៏មហាសោកនាដកម្ម កម្ពុជាបានមើល​ឃើញពី​ថាមពល និងភាពរឹងមាំរបស់ស្ត្រី ក្នុងការកសាងសង្គមជាតិ​ឡើងវិញ ព្រមទាំងបង្កើតបរិយាកាស​សន្តិភាព និងសន្តិសុខ ដែលមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេស ជាតិ។​ ហេតុដូច្នេះ កម្ពុជាសូមសម្តែងការស្វាគមន៍ ចំពោះសេចក្តីសម្រេចចិត្តរបស់អង្គ​ការសហប្រជាជាតិ​ស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ នៅក្នុងការកសាង និងការទ្រទ្រង់សន្តិភាព ក៏ដូចជាផែនការ​សកម្មភាពទាំង៧​ចំ​ណុច​របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ  ស្តីពីការកសាងសន្តិភាពឆ្លើយតបនឹងយេនឌ័រ។ 
 
ប្រមុខការទូតកម្ពុជាបញ្ជាក់ថា សមភាពយេនឌ័រ គឺជាតម្លៃស្នូលមួយក្នុងចំណោមតម្លៃស្នូលជាច្រើនទៀត ដែលបានគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជា និងត្រូវបាន​បញ្ជ្រាប​ទៅ​ក្នុង​យុទ្ធសាស្ត្រ​ និង​គោល​នយោបាយ​អភិវឌ្ឍន៍ជាតិ​នៅគ្រប់​កម្រិត​។

​ដោយមានកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្នមន្ត្រីរាជការជាស្ត្រីមានចំនួន៤១ភាគរយ ក្នុងចំណោមមន្ត្រីរាជការសរុប ទាំងអស់ ក្នុងឆ្នាំ ២០២០  ហើយតួលេខនេះ កំពុងតែកើនឡើង​ក្នុងតួនាទី​ជា​អ្នកដឹកនាំ និងក្នុងមុខតំណែងជាអ្នកធ្វើសេចក្តីសម្រេចចិត្ត។ ស្ត្រីកម្ពុជាបច្ចុប្បន្នបានទទួលនូវការគាំទ្រ និងការគាំពារសង្គមកាន់តែប្រសើរឡើង តាមរយៈការជំរុញឱ្យទទួលបានការថែរក្សាសុខភាព ការការពារ​ផ្នែកច្បាប់ និងយុត្តិធម៌ប្រឆាំងនឹងអំពើហិង្សា ការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចផ្លូវភេទ ហើយធនធាន​សេដ្ឋកិច្ច ដូចជា តាមរយៈការពង្រីកឥណទានសម្រាប់ សហគ្រាសធុនតូចបំផុត តូច និងមធ្យម  ដែលមាន​ចំនួន៦១ភាគរយ គ្រប់គ្រងដោយស្ត្រី។ 

លោកបន្តថា ចាប់តាំងពីឆ្នាំ២០០៦  កម្ពុជាបានបញ្ជូនកងរក្សាសន្តិភាពជាស្ត្រីចំនួន៤១៩នាក់ ក្នុងចំ​ណោម​កងរក្សាសន្តិភាព សរុបចំនួន ៧.១២៣ នាក់ ទៅកាន់បេសកកម្មថែរក្សាសន្តិភាពរបស់អង្គការ​សហប្រជាជាតិ នៅក្នុងប្រទេសចំនួន៩។ ឆ្នាំនេះ ស្ត្រីចំនួន៩២នាក់ ក្នុងចំណោមកងរក្សាសន្តិភាព​កម្ពុជា​ចំនួន៧៨១នាក់ កំពុងបំពេញបេសកកម្មថែរក្សាសន្តិភាពនៅប្រាំប្រទេស។ បច្ចុប្បន្នកម្ពុជាជាប់ចំណាត់ ថ្នាក់លេខ២ នៅក្នុងអាស៊ាន បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី និងជាប់ចំណាត់ថ្នាក់លេខ១៧ ក្នុងពិភពលោក ដែលបានបញ្ជូនកងទ័ពជាស្ត្រី ចូលរួមប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។
 
លើការអនុវត្តប្រកបដោយ​ប្រសិទ្ធិភាព​នូវសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការ​សហ​ប្រជា​ជាតិ​ លោក​ឧបនាយករដ្ឋមន្ត្រី​ ប្រាក់ សុខុន ជឿជាក់ថា រដ្ឋ​សមាជិក​គួរតែ យកចិត្តទុកដាក់ឱ្យ​បានដិត​ដល់​ចំពោះស្ថានភាពរបស់ស្ត្រី និងក្មេងស្រី ដែលប្រឈមនឹងការកើនឡើងនូវអំពើហិង្សា និងសេចក្តីលំបាក​វេទនា​ផ្នែកសេដ្ឋកិច្ច ដោយសារផលប៉ះពាល់ នៃជំងឺរាតត្បាតកូវីដ-១៩ និង​ជំរុញ​ការ​ទទួល​ស្គាល់ស្ត្រី ដែល​ជាឆ្អឹងខ្នង នៃសង្គម និងកម្លាំងដែលមិនអាចខ្វះបាន សម្រាប់ការរក្សាសន្តិភាព និងការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព៕

អត្ថបទ ៖ កោះកែវ
 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤០ នាទី មុន

ក្នុង​ត្រីមាស​ទី១​ឆ្នាំនេះ ខេត្ត​កែប នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ជាង ៧​ពាន់​តោន កើនឡើង ៨២%

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ២ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ យុត្តិធម៌​សម្រាប់​មន្ដ្រី​ស្អាតស្អំ មិន​អាច​កាត់​ថ្លៃ​បាន​ទេ

Sokha Hotels

ព័ត៌មានពេញនិយម