ព័ត៌មានជាតិ
មេទ័ពម៉ាឡេស៊ី កោតសរសើរកងទ័ពកម្ពុជា អត់ធ្មត់ខ្ពស់មិនផ្ទុះអាវុធ ទោះបីស្ថានភាពតាមព្រំដែនកម្ពុជា-ថៃ មានភាពរសើប
អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានកោតសរសើរកងទ័ពកម្ពុជាដែលបានបង្ហាញភាពអត់ធ្មត់ខ្ពស់ និងមិនផ្ទុះអាវុធ ទោះបីស្ថានភាពតាមព្រំដែនកម្ពុជា-ថៃ នៅមានភាពរសើបក៏ដោយ។ ទន្ទឹមនឹងនេះ អគ្គមេបញ្ជាការកងទ័ពកម្ពុជា និងម៉ាឡេស៊ី ក៏បានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធាទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ដើម្បីរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងតំបន់អាស៊ាន។

ការលើកឡើងនេះ ធ្វើឡើងក្នុងជំនួបទ្វេភាគី រវាងនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងនាយឧត្តមសេនីយ៍ តាន់ ស្រី ដាតុ សេរី ហាជី ម៉ាលេក រ៉ាសាក់ ប៊ីន ស៊ុយឡាយម៉ាន អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦។ នេះបើយោងតាមហ្វេសប៊ុកផ្លូវការរបស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ។
ជាការឆ្លើយតបចំពោះការទទួលស្វាគមន៍ពីភាគីកម្ពុជា អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បញ្ជាក់ថា ដំណើរទស្សនកិច្ចនេះមានគោលបំណងពង្រឹងទំនាក់ទំនងដ៏យូរអង្វែងរវាងកងទ័ពប្រទេសទាំងពីរ។ មេទ័ពម៉ាឡេស៊ី ក៏បានកោតសរសើរកងទ័ពកម្ពុជា ដែលបានបង្ហាញភាពអត់ធ្មត់ខ្ពស់ មិនផ្ទុះអាវុធ បើទោះស្ថានភាពតាមព្រំដែននៅមានភាពរសើបក៏ដោយ។
ភាគីម៉ាឡេស៊ី ក៏បានបញ្ជាក់ពីការគាំទ្រយ៉ាងមុតមាំចំពោះការដោះស្រាយជម្លោះរវាងកម្ពុជា និងថៃ តាមរយៈការសន្ទនា ក្រោមយន្តការ GBC ឬ JBC និងឈរលើគោលការណ៍មជ្ឈភាពអាស៊ាន ដោយអះអាងថា ការប្រើកម្លាំងមិនមែនជាជម្រើសនៃការដោះស្រាយបញ្ហានោះទេ។

ជាការឆ្លើយបត លោក វង្ស ពិសេន បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ដោយចាត់ទុកថា ជាការបន្តពង្រឹងទំនាក់ទំនងមិត្តភាពរវាងកងទ័ពទាំងពីរ ស្របពេលឆ្នាំ២០២៦ ជាខួបលើកទី៦៩ នៃទំនាក់ទំនងការទូតកម្ពុជា-ម៉ាឡេស៊ី។
លោកក៏បានថ្លែងអំណរគុណចំពោះតួនាទីរបស់ប្រទេសម៉ាឡេស៊ី ក្នុងការរួមចំណែករក្សាសន្តិភាពនៅកម្ពុជា កាលពីឆ្នាំ១៩៩៣ ក្រោមបេសកកម្មអ៊ុនតាក់ និងតួនាទីសម្របសម្រួលជម្លោះតាមព្រំដែនកម្ពុជា-ថៃ ក្នុងឆ្នាំ២០២៥ រួមទាំងការផ្តួចផ្តើមបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។

អគ្គមេបញ្ជាការកងទ័ពកម្ពុជា បានបញ្ជាក់ជាថ្មីថា កម្ពុជាបន្តប្រកាន់ខ្ជាប់គោលការណ៍ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងពាក់ព័ន្ធ ដោយមិនទទួលយកការប្រើកម្លាំងដើម្បីកែប្រែព្រំដែនឡើយ។
ក្នុងជំនួបនេះ ភាគីកម្ពុជាក៏បានស្នើឱ្យភាគីម៉ាឡេស៊ី បន្តពន្លឿនការចុះអនុស្សរណៈយោគយល់លើវិស័យការពារជាតិ ពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពគ្រប់ប្រភេទ បង្កើនការបណ្តុះបណ្តាល ការធ្វើលំហាត់ហ្វឹកហ្វឺនរួម ការចែករំលែកព័ត៌មាន និងសហការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ព្រមទាំងបន្តគាំទ្របេសកកម្មរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។
ជាការឆ្លើយតប អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ក៏បានប្រកាសគាំទ្រសំណើររបស់ភាគីកម្ពុជា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងបញ្ជាក់ថា ម៉ាឡេស៊ីនឹងបន្តគាំទ្របេសកកម្មរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីធានាការអនុវត្តបទឈប់បាញ់ និងរួមចំណែករក្សាសន្តិភាព និងស្ថិរភាពនៅតាមព្រំដែនកម្ពុជា-ថៃ និងក្នុងតំបន់អាស៊ានទាំងមូល៕
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


