ព័ត៌មានជាតិ
លោក ប្រាក់ សុខុន ៖ ប្រសិនបើ យើងអាចបញ្ចប់ COC ក្នុងឆ្នាំនេះ វាគឺជារឿងដ៏ល្អ មិនមែនសម្រាប់តែកម្ពុជាទេ តែគឺសម្រាប់តំបន់ទាំងមូល
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានលើកឡើងថា ប្រសិនបើ យើងអាចបញ្ចប់ក្រមប្រតិបត្តិ នៃភាគីក្នុងសមុទ្រចិនខាងត្បូង (COC) ក្នុងឆ្នាំនេះ វាគឺជារឿងដ៏ល្អ មិនមែនសម្រាប់តែកម្ពុជាទេ តែគឺសម្រាប់តំបន់ទាំងមូល។
ការលើកឡើង របស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិខាងលើនេះ គឺឆ្លើយតបនឹងសំណួរ នៅក្នុងបាឋកថាអាស៊ានលើកទី ២៣ ៖ ភាពជាប្រធានអាស៊ានឆ្នាំ ២០២២ របស់កម្ពុជា កាលពីថ្ងៃទី ៣ ខែមករាកន្លងទៅនេះ។
លោក ប្រាក់ សុខុន អាចនិយាយបានថា វាជាក្ដីប្រាថ្នារបស់រាល់ប្រទេសសមាជិកអាស៊ាន ដែលចង់សម្រេចឲ្យបាននូវក្រមប្រតិបត្តិ នៃភាគីក្នុងសមុទ្រចិនខាងត្បូង (COC) ឲ្យបានឆាប់។ លោកបន្ត ថា ឆ្នាំនេះ យើងអបអរសាទរខួប ២០ឆ្នាំ នៃសេចក្ដីថ្លែងការណ៍ ស្ដីពី ការប្រតិបត្តិរបស់ភាគី នៅសមុទ្រចិនខាងត្បូង (DOC) ដែលត្រូវបានអនុម័តនៅក្នុងប្រទេសកម្ពុជា កាលពី ២០ឆ្នាំមុន។ ប្រសិនបើ យើងអាចបញ្ចប់ COC ក្នុងឆ្នាំនេះ វាគឺជារឿងដ៏ល្អ មិនមែនសម្រាប់តែកម្ពុជាទេ តែគឺសម្រាប់តំបន់ទាំងមូល។

រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានលើកឡើងបន្តថា «ប៉ុន្តែ ខ្ញុំសូមលើកអំពីចំណុចមួយចំនួន ពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិនខាងត្បូង។ ខ្ញុំយល់ថា អ្នកទាំងអស់គ្នា ក៏ឯកភាពជាមួយខ្ញុំដែរថា បញ្ហានេះមានលក្ខណៈស្មុគស្មាញណាស់ ដោយសារតែមានរដ្ឋទាមទារអធិបតេយ្យច្រើន ដែលមានជំហរផ្សេងៗ គ្នាពាក់ព័ន្ធនឹងគោលជំហរប្រវត្តិសាស្រ្ដ និងផ្លូវច្បាប់។ ហើយយើងទាំងអស់គ្នាដឹងថា សមុទ្រចិនខាងត្បូង មានទីតាំងជាចំណុចយុទ្ធសាស្រ្ដសំខាន់យ៉ាងខ្លាំង ដែលបានធ្វើឲ្យតំបន់នេះ ក្លាយជាប្រធានចំបង ក្នុងទិដ្ឋភាពភូមិសាស្រ្ដនយោបាយ»។
តាមលោក ប្រាក់ សុខុន ចាប់តាំងពីដើមទស្សវត្សឆ្នាំ ៩០ តាំងពីមុនពេលដែលកម្ពុជា ចូលជាសមាជិកអាស៊ានទៅទៀត អាស៊ាន និងចិនបានខិតខំគ្រប់គ្រងភាពតានតឹង តាមរយៈការពិគ្រោះយោបល់ និងកិច្ចសន្ទនា ហើយជាលទ្ធផលសេចក្ដីថ្លែងការណ៍ DOC ត្រូវបានអនុម័តនៅទីក្រុងភ្នំពេញ ក្នុងឆ្នាំ ២០០២។ សេចក្ដីថ្លែងការណ៍នេះ បានដើរតួនាទីសំខាន់ ក្នុងការបង្កើតនូវបរិយាកាសអំណោយផល សម្រាប់កិច្ចសហប្រតិបត្តិការ សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ ព្រមទាំងបានលើកកម្ពស់ការជឿជាក់ និងការកសាងទំនុកចិត្ត និងការយោគយល់គ្នាទៅវិញទៅមក ទោះបីជាមានបញ្ហាប៉ះទង្គិចគ្នាបន្តិចបន្តួចក្ដី។
លោកថា «ដូច្នេះ យើងចង់ឃើញការបញ្ចប់ COC ក្នុងឆ្នាំនេះ ប៉ុន្តែ ខ្ញុំអាចនិយាយបានថា ជាមួយនឹងល្បឿនបច្ចុប្បន្ននេះ ការបញ្ចប់អាចមានការលំបាក ទោះបីជាមានការរីកចំរើនខ្លះ ជាមួយនឹងការឯកភាពជាបណ្ដោះអាសន្នលើបុព្វកថា និងការវិវឌ្ឍរីកចំរើននៅក្នុងផ្នែកកម្មវត្ថុ នៃជំពូកបទប្បញ្ញត្តិទូទៅក៏ដោយ»។
លោករដ្ឋមន្ត្រីការបរទេសកម្ពុជា បានកត់សម្គាល់ថា យើងនៅតែមិនទាន់បោះជំហានលឿនគ្រប់គ្រាន់ ដើម្បីសម្រេចបាននូវក្ដីសង្ឃឹម នៃការបញ្ចប់ COC ក្នុងឆ្នាំនេះ។ ក្នុងរយៈពេល ២ឆ្នាំនេះ ជំងឺកូវីដ-១៩ បានរំខានដល់ដំណើរការ នៃការចរចារបស់យើង ដែលការចរចាបែបនេះ ទាមទារឲ្យមានការជួបគ្នាទល់មុខ ឬក៏ត្រូវធ្វើឡើងក្នុងទម្រង់ជាការជួបប្រជុំចង្អៀត។ យើងក៏បានឯកភាពគ្នាថា យើងត្រូវតែបង្កើនការជួបជុំគ្នា ឲ្យបានញឹកញាប់ និងបន្ថែមរយៈពេល នៃកិច្ចប្រជុំនីមួយៗ ឲ្យបានវែងជាងមុន។
សម្រាប់លោក ប្រាក់ សុខុន យល់ថា មានកត្តា ២យ៉ាង ដែលចាំបាច់សម្រាប់ការបញ្ចប់ឯកសារនេះ ឲ្យបានឆាប់។ ទី ១ គឺទាមទារនូវឆន្ទៈនយោបាយ និងភាពស្មោះត្រង់ពីគ្រប់ភាគីក្នុងការបញ្ចប់ក្រមប្រតិបត្តិនេះ ឲ្យបានឆាប់ ដោយមិនបោះបង់នូវខ្លឹមសារ និងប្រសិទ្ធិភាពនៃឯកសារនេះ។ ទី ២ យើងត្រូវតែលើកកម្ពស់ បរិយាកាសសន្តិភាពក្នុងតំបន់។ នេះមានន័យថា យើងត្រូវចៀសវាងនូវភាពតានតឹង ដែលកើតចេញមកពីការបញ្ចេញសាច់ដុំដាក់គ្នា ពីភាគីផ្សេងៗ ហើយយើងមានការបារម្ភថា សកម្មភាពមួយចំនួន ដែលធ្វើឡើងដោយភាគីខាងក្រៅ អាចធ្វើឲ្យដំណើរការចរចា កាន់តែមានភាពស្មុគស្មាញ។
លោក ប្រាក់ សុខុន បានបន្ថែមថា ក្រមប្រតិបត្តិនេះ ត្រូវតែរក្សាឲ្យបាននូវគោលបំណងដើមរបស់វា នោះគឺត្រូវគ្រប់គ្រង ស្ថិរភាព រក្សាសន្តិភាព ការពារមិនឲ្យមានការយល់ច្រលំ ឬសកម្មភាពណាមួយ ដែលធ្វើឲ្យប៉ះពាល់ ដល់សមុទ្រចិនខាងត្បូង ដែលជាសមុទ្រនៃសន្តិភាព កិច្ចសហប្រតិបត្តិការ ស្ថិរភាព និងវិបុលភាព។ វាជាការពិត ដែលក្រមប្រតិបត្តិនេះ គ្រាន់តែជាក្របខណ្ឌច្បាប់ ដើម្បីណែនាំអំពីការប្រតិបត្តិ និងឥរិយាបថ នៃភាគីពាក់ព័ន្ធនៃសមុទ្រចិនខាងត្បូង ប៉ុន្តែយើងមិនអាចប្រៀបធៀបក្រមប្រតិបត្តិនេះ ទៅនឹងច្បាប់អន្តរជាតិបានទេ។
លើសពីនេះទៀត វាមិនមែនជាសន្ធិសញ្ញាព្រំដែននោះទេ។ វាមិនមែនជាលិខិតតុបករណ៍ សម្រាប់ការដោះស្រាយជម្លោះដែនដី ឬយុត្តាធិការនោះដែរ។ មានសំណួរដែលពាក់ព័ន្ធថាតើ COC មានអំណាចចាប់បង្ខំអនុវត្តឬយ៉ាងណា។ លោក ប្រាក់ សុខុន យល់ថា នេះជាអ្វីដែលយើងកំពុងចរចា ហើយភាគីច្រើនៃចំណុចនេះ គឺអាស្រ័យទៅលើការព្រមព្រៀងគ្នា រវាងរដ្ឋទាមទារអធិបតេយ្យ។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ថា កម្ពុជាមិនមែនជារដ្ឋទាមទារអធិបតេយ្យ។ កម្ពុជាមាននយោបាយ អព្យាក្រឹត្យអចិន្ត្រៃយ៍ ហើយកម្ពុជាក៏មិនមែនជារដ្ឋភាគី នៃអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពី ច្បាប់សមុទ្រ (UNCLOS) ដែរ។ ប៉ុន្តែយ៉ាងណាក្ដី កម្ពុជាកំពុងខិតខំប្រឹងប្រែង អស់ពីលទ្ធភាពក្នុងការរួមចំណែក ដល់ការបញ្ចប់នូវក្រមប្រតិបត្តិនេះ។ កន្លងមក ក៏មានការព្រួយបារម្ភពីភាគីទី ៣ ថា ផលប្រយោជន៍របស់ពួកគេ នឹងត្រូវបានប៉ះពាល់ដោយក្រមប្រតិបត្តិនេះ។ ប៉ុន្តែក្រមប្រតិបត្តិនេះ គឺជាឯកសារ ដែលនឹងត្រូវអនុលោមតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញា UNCLOS។
ដូច្នេះ ផលប្រយោជន៍របស់គ្រប់ភាគី រួមទាំងភាគីទី ៣ ឬសេរីភាពក្នុងការធ្វើនាវាចរណ៍ និងការហោះហើរ នឹងត្រូវបានរឹតត្បិតឡើយដរាបណា វាស្របនឹងច្បាប់អន្តរជាតិ និងដរាបណាសកម្មភាពទាំងនោះ ត្រូវបានធ្វើឡើង ដោយអនុលោមតាមច្បាប់អន្តរជាតិ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


