ព័ត៌មានជាតិ
សម្តេចតេជោ៖ តាមបទពិសោធន៍របស់កម្ពុជា បើគ្មានការចូលរួមពីភាគីពាក់ព័ន្ធ មិនអាចទទួលបានសន្ដិភាព និងការបង្រួបបង្រួមជាតិទេ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រាប់នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង (General Min Aung Hlaing) ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ និងជានាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាថា តាមបទពិសោធន៍ និងមេរៀនដែលកម្ពុជាទទួលបានពីដំណើរការសន្តិភាព សន្តិភាពពេញលេញ និងការបង្រួបបង្រួមជាតិ មិនអាចសម្រេចបានទេ ប្រសិនបើគ្មានការចូលរួម និងការព្រមព្រៀងគ្នាពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

ដើម្បីសម្រេចតាមអនុសាសន៏សម្តេចតេជោ នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង បានធានាពីការសម្របសម្រួលដំណើរទស្សនកិច្ចរបស់ប្រេសិតពិសេសនៅមីយ៉ាន់ម៉ា និងការជួបជាមួយនឹងភាគីពាក់ព័ន្ធទាំងអស់ រួមទាំងអង្គការប្រដាប់អាវុធជនជាតិភាគតិច ដោយពិចារណាទៅលើស្ថានការណ៍ជាក់ស្តែងនៅមីយ៉ាន់ម៉ា។ នេះបើតាមលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ារយៈពេល២ថ្ងៃ ដែលផ្សព្វផ្សាយដោយក្រសួងការបរទេសកម្ពុជា។

បើតាមក្រសួងការបរទេសនៅក្នុងជំនួបរវាង សម្តេចតេជោនាយករដ្ឋមន្ត្រី និងនាយឧត្តមសេនីយ៍ជាន់ខ្ពស់ General Min Aung Hlaing ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាអំពីបញ្ហាទ្វេភាគី និងបញ្ហាតំបន់មួយចំនួន ដែលជាផលប្រយោជន៍ និងក្តីកង្វល់រួម។ ថ្នាក់ដឹកនាំទាំងពីរបានជម្រាបជូនគ្នាទៅវិញទៅមក អំពីការវិវត្តថ្មីៗនៅក្នុងប្រទេសរៀងៗខ្លួន។
ទាក់ទងនឹងការវិវត្តថ្មីៗនៅមីយ៉ាន់ម៉ា លោកនាយឧត្តមសេនីយ៍មីន អោង ឡាំង បានជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រីថា រដ្ឋាភិបាលមីយ៉ាន់ម៉ាបានប្រកាសបទឈប់បាញ់គ្នាជាមួយអង្គការប្រដាប់អាវុធជនជាតិភាគតិចទាំងអស់ ក្នុងរយៈពេល៥ខែ រហូតដល់ចុងខែកុម្ភៈ ឆ្នាំ២០២២ និងបានសម្រេចពន្យារបទឈប់បាញ់គ្នាបន្ថែមទៀត រហូតដល់ចុងឆ្នាំ២០២២។

លោក Min Aung Hlaing ក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យទទួលអនុវត្តបទ ឈប់បាញ់គ្នា ដើម្បីផលប្រយោជន៍ប្រទេសជាតិ និងប្រជាជន បញ្ឈប់រាល់អំពើហិង្សា និងប្រកាន់នូវភាពអត់ធ្មត់ខ្ពស់បំផុត
ទាក់ទងការលើកឡើងរបស់General Min Aung Hlaing នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្ដែងនូវការគាំទ្រយ៉ាងខ្លាំង ក្នុងគោលបំណងកាត់បន្ថយភាពតានតឹង និងបើកផ្លូវឱ្យមានកិច្ចសន្ទនាប្រកបដោយស្មារតីស្ថាបនា រវាងភាគីពាក់ព័ន្ធទាំងអស់ សំដៅឈានទៅសម្រេចបាននូវសន្ថិភាពយូរអង្វែង និងការអភិវឌ្ឍជាតិ។ ក្នុងន័យនេះ នាយឧត្តមសេនីយ៍ Min Aung Hlaing បានស្វាគមន៍ការចូលរួមរបស់ប្រេសិតពិសេសរបស់ប្រធានអាស៊ាន ស្តីពីមីយ៉ាន់ម៉ា ដើម្បីចូលរួមក្នុងកិច្ចពិភាក្សាអំពីបទឈប់បាញ់ជាមួយអង្គការប្រដាប់អាវុធជនជាតិភាគតិច។ ជំហានដ៏សំខាន់នេះ ត្រូវបានចែងក្នុងកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន។
ដើម្បីពង្រឹងប្រសិទ្ធភាពនៃការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនមីយ៉ាន់ម៉ា ជាពិសេសប្រជាជនដែលកំពុងត្រូវការជំនួយបំផុត ថ្នាក់ដឹកនាំទាំងពីរបានគាំទ្រឱ្យមានកិច្ចប្រជុំរវាងភាគីពាក់ព័ន្ធ រួមមានប្រេសិតពិសេសរបស់ប្រធានអាស៊ាន ស្តីពីមីយ៉ាន់ម៉ា អគ្គលេខាធិការអាស៊ាន តំណាងមជ្ឈមណ្ឌលអាស៊ាន ដើម្បីសម្របសម្រួលជំនួយមនុស្សធម៌ និងគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre) និងក្រុមការងារថ្នាក់ជាតិ ដើម្បីសម្របសម្រួលការផ្តល់ជំនួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌលអាស៊ាន ដើម្បីសម្របសម្រួលជំនួយមនុស្សធម៌និងគ្រប់គ្រងគ្រោះមហន្តរាយ សង្គមកាកបាទក្រហមមីយ៉ាន់ម៉ា និងភ្នាក់ងារជំនាញរបស់អង្គការសហប្រជាជាតិដែលពាក់ព័ន្ធ។
ជាមួយគ្នានោះ នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង បានអបអរសាទរចំពោះកម្ពុជា ដែលបានចូលកាន់តួនាទីជាប្រធានអាស៊ាន ឆ្នាំ២០២២ និងស្វាគមន៍ចំពោះការតែងតាំងលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ស្តីពីមីយ៉ាន់ម៉ា និងបានសន្យាផ្តល់ការគាំទ្រដល់ប្រេសិតពិសេស ដើម្បីបំពេញតួនាទីរបស់ខ្លួន ក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច ស្របតាមធម្មនុញ្ញអាស៊ាន។ នាយឧត្តមសេនីយ៍ជាន់ខ្ពស់ ក៏បានសង្កត់ធ្ងន់ថា ការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច គួរតែជាការបំពេញបន្ថែម ដើម្បីសម្រេចបានផែនទីបង្ហាញផ្លូវប្រាំចំណុចរបស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ។
នៅក្នុងជំនួបនោះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបានចែករំលែកអំពីភាពជោគជ័យនៃគោលនយោបាយឈ្នះ-ឈ្នះរបស់កម្ពុជា ដែលសម្រេចបាននូវការផ្សះផ្សាជាតិ សន្តិភាពយូរអង្វែង ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាព៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន