ព័ត៌មានជាតិ
កម្ពុជាសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប៉ះទង្គិចប្រដាប់អាវុធដ៏ធ្ងន់ធ្ងរនៅមីយ៉ាន់ម៉ា
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាតាមរយៈអ្នកនាំពាក្យ នៅល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០២២នេះ បានសម្តែងនូវការព្រួយបារម្ភជាខ្លាំងចំពោះការប៉ះទង្គិចប្រដាប់អាវុធយ៉ាងធ្ងន់ធ្ងរនៅក្នុងរដ្ឋធានីនៃរដ្ឋការយ៉ាហ៍ (Kayah State) រវាងយោធា និងកងកម្លាំងឧទ្ទាមប្រដាប់អាវុធ ដែលអំពើហិង្សានេះ បានធ្វើឱ្យប៉ះពាល់ដល់វឌ្ឍនភាព ដែលសម្រេចបាននាពេលថ្មីៗរបស់សម្តេចតេជោ ហ៊ុន សែន នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលទើបទទួលបាន។
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យបញ្ជាក់យ៉ាងនេះថា “អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមសម្តែងនូវការព្រួយបារម្ភជាខ្លាំងចំពោះការប៉ះទង្គិចប្រដាប់អាវុធយ៉ាងធ្ងន់ធ្ងរនៅក្នុងរដ្ឋធានីនៃរដ្ឋកាយ៉ាហ៍ (Kayah State) រវាងយោធា និងកងកម្លាំងឧទ្ទាមប្រដាប់អាវុធ។ អំពើហិង្សាដែលនៅតែបន្តកើតមាននេះ កំពុងធ្វើឱ្យប៉ះពាល់ដល់វឌ្ឍនភាពដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចការងារនាពេលថ្មីៗនេះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា”។

បើតាមអ្នកនាំពាក្យ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា សម្តេចតេជោ ហ៊ុន សែន បានចែករំលែកអំពីភាពជោគជ័យនៃនយោបាយឈ្នះ-ឈ្នះ របស់កម្ពុជា ក្នុងការសម្រេចបាននូវការបង្រួបបង្រួមជាតិ សន្តិភាព យូរអង្វែង ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាព។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា ផ្អែកលើបទពិសោធន៍ និងមេរៀននានា ដែលទទួលបានពីដំណើរការសន្តិភាពរបស់កម្ពុជា សន្តិភាពទាំងស្រុង និងការបង្រួបបង្រួមជាតិ មិនអាចសម្រេចបានឡើយ ប្រសិនបើគ្មានការចូលរួម និងការឯកភាពពេញលេញពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។
ក្នុងស្មារតីនេះ អ្នកនាំពាក្យយល់ឃើញថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវតែទទួលយកបទឈប់បាញ់ បញ្ចប់នូវរាល់សកម្មភាព ដែលហិង្សា អនុវត្តការអត់ធ្មត់ឱ្យបានខ្ពស់បំផុត និងចាប់ផ្តើមកិច្ចសន្ទនា ដើម្បីបង្កើតនូវស្ថានភាពអំណោយផល សំដៅឈានទៅរកការកសាងឡើងវិញ នូវសន្តិភាពនៅក្នុងប្រទេស ដែលអាចត្រួសត្រាយផ្លូវសម្រាប់ការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ៥ ចំណុចរបស់អាស៊ាន។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានធ្វើដំណើរបំពេញទស្សនកិច្ចរយៈពេល២ ថ្ងៃនៅមីយ៉ាន់ម៉ា កាលពីថ្ងៃទី០៧ និង០៨ ខែមករា ឆ្នាំ២០២២ ហើយលទ្ធផលបានបង្ហាញថា នៅក្នុងដំណើរទស្សនកិច្ចនោះ លោក មីន អ៊ុងឡាំង បានប្រកាសបទឈប់បាញ់គ្នាជាមួយអង្គការប្រដាប់អាវុធជនជាតិភាគតិចទាំងអស់ ក្នុងរយៈពេល៥ ខែ រហូតដល់ចុងខែកុម្ភៈ ឆ្នាំ២០២២ និងបានសម្រេចពន្យារបទឈប់បាញ់គ្នាបន្ថែមទៀត រហូតដល់ចុងឆ្នាំ ២០២២ ហើយលោក មីន អ៊ុងឡាំង ក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យទទួលអនុវត្តបទឈប់បាញ់គ្នា ដើម្បីផលប្រយោជន៍ប្រទេសជាតិ និងប្រជាជន បញ្ឈប់រាល់អំពើហិង្សា និងប្រកាន់នូវភាពអត់ធ្មត់ខ្ពស់បំផុត។
ជាមួយគ្នានោះ លោក មីន អ៊ុងឡាំង បានប្រកាសស្វាគមន៍ការចូលរួមរបស់ប្រេសិតពិសេសរបស់ប្រធានអាស៊ាន ស្តីពីមីយ៉ាន់ម៉ា ដើម្បីចូលរួមក្នុងកិច្ចពិភាក្សាអំពីបទឈប់បាញ់ជាមួយអង្គការប្រដាប់អាវុធជនជាតិភាគតិច។ ជំហាននេះ ត្រូវបានចែងក្នុងកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ ចំណុចរបស់អាស៊ានផងដែរ៕
ដោយ ៖ កោះកែវ

-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


