Connect with us

ព័ត៌មានជាតិ

លោក ចម ប្រសិទ្ធ ៖ ប្រជាជនកម្ពុជា តែងនឹកគុណប្រទេសជប៉ុន ដែលបានដើរតួយ៉ាងសំខាន់ លើវិស័យ​ទឹកស្អាតនៅកម្ពុជា

បានផុស

នៅ

លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងថា ប្រជាជនកម្ពុជា តែងនឹកគុណដល់ប្រទេសជប៉ុន ដែលបានដើរតួយ៉ាងសំខាន់ លើវិស័យទឹកស្អាតនៅកម្ពុជា ដូចសុភាសិតខ្មែរដែលថា បានផ្លែឈើហូប ត្រូវនឹកឃើញដល់អ្នកដាំ ដើមឈើ។

លោក ចម ប្រសិទ្ធ បានថ្លែងបែបនេះក្នុងសិក្ខាសាលា ស្តីពី ទឹកស្អាត និងប្រព័ន្ធអនាម័យកម្ពុជា-ជប៉ុនលើទី ១៤ ឆ្នាំ ២០២២ ដែលស្ថិតក្រោមការឧបត្ថម្ភ របស់អង្គភាពទឹកស្អាត និងប្រព័ន្ធអនាម័យ ក្រុងគីតាគ្យូស៊ុ-សមាគមអាជីវកម្មទឹកស្អាត ក្រៅប្រទេសក្រុងគីតាគ្យូស៊ុ (KOWBA) ប្រទេសជប៉ុន និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា ដោយមានកិច្ចសហការរៀបចំគាំទ្រ ពីក្រសួង​សុខាភិបាលការងារ និងសុខមាលភាពនៃប្រទេសជប៉ុន (MHLW) និងទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិ នៃប្រទេសជប៉ុន JICA ដែលប្រារព្ធធ្វើឡើងរយៈពេល ២ថ្ងៃ ចាបពីថ្ងៃទី ២៧ ដល់ថ្ងៃទី  ២៨ ខែមករា ឆ្នាំ ២០២២។

បន្ទាប់ពីសន្ទរកថាស្វាគមន៍ ពីលោក KANEO Akitoshi អគ្គនាយកអង្គភាពទឹកស្អាត និងប្រព័ន្ធអនាម័យ ក្រុងគីតាគ្យូស៊ុ លោក AZUMA Toshihiro ប្រធាននាយកដ្ឋាន ក្រសួងសុខាភិបាល ការងារ និងសុខមាលភាពនៃប្រទេសជប៉ុន និងមតិចាប់អារម្មណ៍របស់លោក មីកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតប្រទេសជប៉ុនប្រចាំកម្ពុជារួចមក លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានសម្ដែងនូវទឹកចិត្តរីករាយគាំទ្រ និងវាយតម្លៃខ្ពស់ ចំពោះការរៀបចំឲ្យមានសិក្ខាសាលានេះឡើងជារៀងរាល់ឆ្នាំ ដែលមកដល់ពេលនេះ ជាសិក្ខាសាលាលើកទី ១៤ ហើយបើទោះជានៅមានវិបត្តិកូវីដ-១៩ ក៏ដោយ។

លោកទេសរដ្ឋមន្ត្រីថ្លែងថា នេះបានបង្ហាញនូវទំនាក់ទំនងដ៏ល្អ រវាងកម្ពជា-ជប៉ុន និងជាពិសេសលើវិស័យទឹកស្អាត ប្រជាជនកម្ពុជាតែងនឹកគុណ ដល់ប្រទេសជប៉ុន ដើបានដើរតួយ៉ាងសំខាន់លើវិស័យទឹកស្អាតនៅកម្ពុជា ដូចសុភាសិតខ្មែរដែលថា បានផ្លែឈើហូប ត្រូវនឹកឃើញដល់អ្នកដាំ ដើមឈើ។

លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណ ជាពិសេសចំពោះវិស័យឯកជនរបស់ជប៉ុន ដែលបាន ចំណាយពេលវេលាដ៏មានតម្លៃ ចូលរួមសិក្ខាសាលានេះ ទាំងការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ហើយបានចូលរួមធ្វើជាវាគ្មិនផងដែរ។ សិក្ខាសាលានេះ នឹងបង្ហាញអំពីវិស័យទឹកស្អាតរបស់កម្ពុជា ស្ថានភាព បញ្ហាប្រឈម ការត្រៀមអនុវត្តច្បាប់ ស្តីពី ការគ្រប់គ្រងការផ្គត់ផ្គង់ទឹកស្អាត និងស្ថានភាព ប្រព័ន្ធប្រព្រឹត្តិកម្មសម្អាតទឹកនៅកម្ពុជា, ការសហការគាំទ្ររបស់ភាគីជប៉ុន ដល់វិស័យទឹកស្អាតនៅកម្ពុជា និងទំនាក់ទំនងរវាងការផ្គត់ផ្គង់ទឹកស្អាត សុខភាព សាធារណៈ និងការចូលរួមទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩។

ក្នុងនាមប្រជាជនកម្ពុជា សូមអរគុណ និងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវាគ្មិននៃប្រទេសជប៉ុន ដែលនឹងចូលរួមធ្វើបទបង្ហាញ ចែករំលែកបទពិសោធន៍ និងបច្ចេកវិទ្យានានា ដល់អង្គសិក្ខាសាលាអំពីការ​ងារដែលពាក់ព័ន្ធ នឹងការគ្រប់គ្រងការអភិវឌ្ឍវិស័យទឹកស្អាត និងអនាម័យ។ នេះជាទិសដៅ ក្នុងការចូលរួម អភិវឌ្ឍន៍វិស័យទឹកស្អាតនៅកម្ពុជា ដែលនឹងរួមចំណែកការសម្រេចបាន នូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ថា៖ «ពង្រីកវិសាលភាពនៃការផ្គត់ផ្គង់ទឹក ស្អាតនៅទីក្រុង ទីប្រជុំជនឲ្យបាន ៩០% នៅឆ្នាំ ២០២៣ និង ១០០% ត្រឹមឆ្នាំ ២០២៥ ដោយឈរលើលក្ខខណ្ឌបួនយ៉ាងគឺ ទឹកត្រូវមានគុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ»។

ដើម្បីឆ្លើយតប ទៅនឹងគោលនយោបាយនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាននិងកំពុងខិតខំប្រឹងប្រែង ក្នុងការជំរុញការអភិវឌ្ឍន៍វិស័យទឹកស្អាត តាមរយៈការកសាងឯកសារបទដ្ឋានគតិយុត្តិ, ការវិនិយោគលើប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត, ការពង្រឹងស្ថាប័នរបស់អង្គភាពរដ្ឋាករទឹកសាធារណៈ រួមមាន៖ ការចុះពិនិត្យវឌ្ឍនភាព និងការជំរុញអង្គភាពរដ្ឋាករទឹកសាធារណៈ ឲ្យទៅជាអង្គភាពស្វយ័ត, ការលើកទឹកចិត្ត និងពន្លឿនការចេញប្រកាស អនុញ្ញាតជូនប្រតិបត្តិករទឹក ស្អាតឯកជន ក្នុងការចូលរួមអភិវឌ្ឍន៍វិស័យទឹកស្អាត, ការពង្រឹងសមត្ថភាពធនធានមនុស្សសម្រាប់វិស័យ, ការកសាងឧបករណ៍នានា សម្រាប់គាំទ្រដល់ការដឹកនាំវិស័យ និងការកៀរគរហិរញ្ញប្បទាន សម្រាប់វិស័យ ជាដើម។

សូមបញ្ជាក់ថា នៅរសៀលថ្ងៃដដែលនេះដែរ ក៏មានពិធីចុះហត្ថលេខា លើរបាយការណ៍សកម្មភាព និង សមិទ្ធផលការងាររយ:ពេល ២ឆ្នាំ ក្រោមអនុស្សារណ:យោគយល់គ្នារវាងលោក អ៊ុ សុថា រដ្ឋលេខា​ធិការក្រសួងឧស្សាហកម្ម  វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយលោក ARITA Hitoshi អនុ ប្រធាន សមាគមអាជីវកម្មទឹកស្អាត ក្រៅប្រទេសក្រុងគីតាគ្យូស៊ុ (KOWBA) ពីប្រទេសកម្ពុជា និងជាមួយលោក KANEO Akitoshi អគ្គនាយកអង្គភាពទឹកស្អាត និងប្រព័ន្ធអនាម័យ ក្រុងគីតាគ្យូស៊ុពីប្រទេសជប៉ុន ហើយសិក្ខាសាលានេះទៀតសោត ត្រូវបានដឹកនាំបន្តដោយលោករដ្ឋលេខាធិការ អ៊ុ សុថា តំណាងលោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រហូតដល់បិទអង្គសិក្ខាសាលា នៅព្រឹកថ្ងៃទី ២៨ ខែមករាឆ្នាំ ២០២២៕

អត្ថបទ៖ វិមាន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម