ព័ត៌មានជាតិ
ប្រមុខការបរទេសកម្ពុជា-បារាំង ផ្លាស់ប្តូរយោបល់លើកិច្ចសហប្រតិបត្តិការ និងវិបត្តិនៅមីយ៉ាន់ម៉ា
ការផ្លាស់ប្តូរយោបល់គ្នានេះ បានធ្វើឡើងនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទរវាងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោក ហ្សង់-អ៊ីវ ឡឺ ឌ្រីយ៉ង់ រដ្ឋមន្ត្រីកិច្ចការអឺរ៉ុប និងការបរទេសនៃសាធារណរដ្ឋបារាំង នេះបើតាមព័ត៌មានពីក្រសួងការបរទេស។
បើតាមក្រសួងការបរទេស ខណៈដែលព្រះរាជាណាចក្រកម្ពុជា កាន់តំណែងជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២សាធារណរដ្ឋបារាំង ក៏កាន់តំណែងជាប្រធានសហភាពអឺរ៉ុបសម្រាប់ឆមាសទីមួយក្នុងឆ្នាំនេះផងដែរ ហើយនៅក្នុងជំនួបសន្ទនានេះ រដ្ឋមន្ត្រីការបរទេសទាំងពីរបានផ្លាស់ប្តូរយោបល់លើកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ព្រមទាំងលើបញ្ហាប្រឈមសម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងភាពតានតឹងក្នុងតំបន់ ជាពិសេសពាក់ព័ន្ធនឹងវិបត្តិនៅប្រទេស មីយ៉ាន់ម៉ា។
ចំពោះទំនាក់ទំនងទ្វេភាគី លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងកក់ក្តៅចំពោះ លោក ហ្សង់-អ៊ីវ ឡឺ ឌ្រីយ៉ង់ ដែលបានផ្ញើសារលិខិតដ៏មានអត្ថន័យក្នុងឱកាសខួបទី៣០ នៃពិធីរំលឹកខួបកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលធ្វើឡើងនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ និងចំពោះការរួមចំណែករបស់បារាំងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម លើវិស័យជាច្រើន ដូចជាការអប់រំ សុខភាព វប្បធម៌ ការការពារជាតិ យុត្តិធម៌ កសិកម្ម ទេសចរណ៍ អគ្គិសនី ការប្រែប្រួល អាកាសធាតុជាដើម។ ប្រទេសបារាំងជាស្ថាបត្យករដ៏សំខាន់មួយរូប និងជាសហប្រធាននៃសន្និសីទទីក្រុងប៉ារីសស្តីពីកម្ពុជា ហើយបារាំង គឺជាអ្នករួមចំណែកដ៏សំខាន់មួយផងដែរ ក្នុងការស្តារសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនលោក ហ្សង់-អ៊ីវ ឡឺ ឌ្រីយ៉ង់ អំពីលទ្ធផល នៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដែលបានធ្វើឡើងនៅថ្ងៃទី០៧-០៨ ខែមករា ឆ្នាំ២០២២កន្លងទៅនេះ ក្នុងគោលបំណងជំរុញការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច ដែលប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន បានឯកភាពគ្នានៅទីក្រុងហ្សាការតា កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងនូវខ្លឹមសារនៃកិច្ចសន្ទនាតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២៦ ខែមករា កន្លងទៅនេះ រវាងសម្តេចតេជោនាយករដ្ឋមន្ត្រី និងនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃប្រទេស មីយ៉ាន់ម៉ា ដោយសង្កត់ធ្ងន់ថា បំណងតែមួយគត់របស់កម្ពុជា គឺជួយប្រទេសមីយ៉ាន់ម៉ា ឱ្យវិលទៅរកប្រក្រតីភាពឡើងវិញ បញ្ចប់អំពើហិង្សា សម្រេចបាននូវសន្តិភាព និងការបង្រួបបង្រួមជាតិរវាងគ្រប់ភាគីពាក់ព័ន្ធ ហើយរិះរកវិធីផ្តល់ជំនួយមនុស្សធម៌រួមទាំងវ៉ាក់សាំងផងដែរ ដល់ពលរដ្ឋទាំងអស់ដែលកំពុងត្រូវការចាំបាច់ ដោយពុំមានការរើសអើង។
លោក ហ្សង់-អ៊ីវ ឡឺ ឌ្រីយ៉ង់ បានសម្តែងការគាំទ្រចំពោះតួនាទីជាប្រធានអាស៊ានរបស់កម្ពុជា មជ្ឈភាពអាស៊ាន តាមរយៈយន្តការនានាដឹកនាំដោយអាស៊ាននៅក្នុងនិមាបនកម្មតំបន់ដែលកំពុងវិវត្ត ក៏ដូចជាទស្សនៈវិស័យរបស់អាស៊ានស្តីពីឥណ្ឌូប៉ាស៊ីហ្វិក។ លោកបានបញ្ជាក់ពីការគាំទ្រចំពោះកុងសង់ស៊ីសទាំង៥ចំណុចសម្រាប់ការដោះស្រាយវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយបានកត់សម្គាល់ពីដំណើរទស្សនកិច្ចនាពេលថ្មីៗនេះរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសមីយ៉ាន់ម៉ា និងបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការវិវត្តនាពេលថ្មីៗនេះ នៅក្នុងប្រទេស មីយ៉ាន់ម៉ា។ បារាំងបានអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា។
លោក ហ្សង់-អ៊ីវ ឡឺ ឌ្រីយ៉ង់ បញ្ជាក់ថា បារាំងក្នុងនាមជាប្រធានសហភាពអឺរ៉ុប នឹងរៀបចំវេទិកាថ្នាក់រដ្ឋមន្ត្រីសម្រាប់កិច្ចសហប្រតិបត្តិការនៅឥណ្ឌូប៉ាស៊ីហ្វិក នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីក្រុងប៉ារីស ដោយមានការចូលរួមពីប្រទេសពាក់ព័ន្ធទាំងអស់ ហើយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានទទួលការអញ្ជើញឡើងថ្លែងសុន្ទរកថា បើកក្នុងវេទិការខាងលើក្នុងនាមជាប្រធានអាស៊ាន៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


