ព័ត៌មានជាតិ
ស្នងការក្រុងភ្នំពេញ ណែនាំឱ្យប៉ូលិសចរាចរណ៍បញ្ឈប់ការចាប់ដៃយកលុយពីរថយន្តដឹកទំនិញតាមដងផ្លូវ
លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់មន្ត្រីនគរបាលចរាចរណ៍គ្រប់គោលដៅទាំងអស់ ត្រូវបញ្ឈប់សកម្មភាពចាប់ដៃយកលុយពីរថយន្តដឹកទំនិញ និងរថយន្តផ្សេងៗតាមដងផ្លូវតទៅទៀត។ លោកថា ការធ្វើបែបនេះ គឺវាល្មើសនឹងវិធានការច្បាប់ និងធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់នគរបាលចរាចរណ៍ថែមទៀត។

នៅក្នុងកិច្ចប្រជុំប្រចាំខែមករា និងទិសដៅបន្តប្រចាំខែកុម្ភ:របស់ផែនការងារចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១១ កុម្ភៈនេះ លោកឧត្តមសេនីយ៍ឯក ស ថេត បានមានប្រសាសន៍ថា ចាប់ពីពេលនេះតទៅ ថ្នាក់ដឹកនាំ និងមន្ត្រីនៃការិយាល័យចរាចរណ៍ផ្លូវគោក ត្រូវលុបបំបាត់ឲ្យបាននូវការចេញចាប់ដៃយកលុយពីរថយន្តដឹកទំនិញ និងរថយន្តផ្សេងៗទៀត ហើយគ្រប់គោលដៅត្រួតពិនិត្យទាំងអស់ មិនត្រូវអនុញ្ញាតឲ្យមានរ៉ឺម៉កដឹកធ្យូង ដឹកសម្លៀកបំពាក់ ចូលទីតាំង ឬផ្លូវដែលសាលារាជធានីភ្នំពេញ បានធ្វើការហាមឃាត់ជាបន្តទៀតឡើយ។ ជាមួយគ្នានេះ លោកស្នងការ ក៏បានណែនាំដល់ថ្នាក់ដឹកនាំប្រធានក្រុមគោលដៅបញ្ជាចរាចរណ៍ទាំងអស់ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់ចំពោះរថយន្តធុនធំគ្រប់ប្រភេទដែលបើកបរចេញចូលខុសម៉ោងក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។

លោកស្នងការ ក៏បានស្នើឲ្យមន្រ្តីនគរបាលចរាចរណ៍គ្រប់រូបធ្វើការពន្យល់ណែនាំ ចំពោះប្រជាពលរដ្ឋដែលបើកបរល្មើសច្បាប់ឲ្យបានច្បាស់អំពីកំហុសរបស់ខ្លួន ជាមួយពាក្យសម្តី និងកាយវិការសមរម្យ ជាពិសេស រាល់ការផាកពិន័យត្រូវតែចេញបណ្ណផាកពិន័យឲ្យបានត្រឹមត្រូវតាមច្បាប់ ហាមមិនឲ្យមានការឈ្លោះប្រកែកជាមួយអ្នកស្រវឹងជោគជាំ ជាមួយអ្នកបង្កការអុកឡុកនៅទីកន្លែងកើតហេតុ ដែលធ្វើឲ្យប៉ះពាល់ដល់ទិដ្ឋភាពរួមរបស់សង្គម ត្រូវនាំបុគ្គលដែលប្រព្រឹត្តខុសទាំងនោះយកមកសួរនាំនៅអង្គភាព។
ទន្ទឹមនឹងនេះ លោកស្នងការ បានធ្វើការណែនាំដល់កម្លាំងចរាចរណ៍ទាំងអស់ គ្រប់គោលដៅត្រូវទទួលខុសត្រូវខ្ពស់បំផុត លើការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ ជួយសម្រួលចរាចរណ៍ ដើម្បីកាត់បន្ថយការកកស្ទះ ជាពិសេស ត្រូវល្បាតចល័តជាប្រចាំតាមដងផ្លូវសំខាន់ៗ ដើម្បីធានាឱ្យបាននូវសុវត្ថិភាពជូនថ្នាក់ដឹកនាំជាតិ អន្តរជាតិ។ ម្យ៉ាងវិញទៀតមន្ត្រីទាំងអស់មុននឹងចេញ អនុវត្តការងារតាមគោលដៅ ត្រូវតែធ្វើការត្រួតពិនិត្យមើលឱ្យបានល្បាស់លាស់លើការស្លៀកពាក់ ឱ្យបានត្រឹមត្រូវ ស្អាតបាត ស័កិ្តសមជាកងកម្លាំងនរបាលជាតិ។ លោកស្នងការ ក៏បានណែនាំដល់គ្រប់អង្គភាពទាំងអស់ ត្រូវតាមដានរាល់ព័ត៌មាន ប្រមូលព័ត៌មាន និងសង្ខេបមកឲ្យអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការបកស្រាយ ឆ្លើយតប និងផ្តល់ព័ត៌មានបន្តទៅតាមសារព័ត៌មានផ្សេងៗ ដើម្បីផ្សព្វផ្សាយបន្ត ៕
ដោយ ៖ សំអឿន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


