Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រី​ការបរទេសអាស៊ាន​អំពាវ​នាវ​ឱ្យភាគី​ពាក់ព័ន្ធ​សង្រ្គាម​រុស្ស៊ី-អ៊ុយក្រែន​ ខិត​ខំអត់ធ្មត់​ និងចាប់​​​យកកិច្ច​សន្ទនា​តាម​មធ្យោបាយ​ការទូត

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសអាស៊ាន នៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២២នេះ បានចេញសេចក្តីថ្លែងការណ៍មួយ ស្តីពីស្ថានការណ៍នៅប្រទេសអ៊ុយក្រែន ដោយអំពាវនាវឱ្យភាគីពាក់ព័ន្ធសង្រ្គាមរុស្ស៊ី-អ៊ុយក្រែនទាំងអស់ខិតខំអត់ធ្មត់ និងចាប់យកកិច្ចសន្ទនាតាមមធ្យោបាយការទូត ដើម្បីទប់ស្កាត់កុំឲ្យស្ថានការណ៏កាន់តែធ្ងន់ធ្ងរ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីថ្លែងការណ៍លើកឡើងថា “រដ្ឋមន្ត្រីការបរទេសអាស៊ានមានការព្រួយ បារម្ភយ៉ាងខ្លាំងចំពោះការវិវត្តន៍នៃស្ថានការណ៍ និងការប៉ះទង្គិចអាវុធនៅប្រទេសអ៊ុយក្រែន។ យើងសូមអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់អនុវត្តការអត់ធ្មត់ជាអតិបរមា និងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីបន្តការសន្ទនាតាមគ្រប់ច្រកផ្លូវ រួមទាំងមធ្យោបាយការទូត ដើម្បីទប់ស្កាត់ស្ថានការណ៍កុំឲ្យកាន់តែធ្ងន់ធ្ងរ កាត់បន្ថយភាពតានតឹង និងស្វែងរកដំណោះស្រាយដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ គោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍”។

តាមរយៈសេចក្តីថ្លែងការណ៍អាស៊ានជឿថា នៅមិនទាន់អស់ឱកាសទេ សម្រាប់ការសន្ទនាដោយសន្តិវិធី ដើម្បីទប់ស្កាត់ស្ថានការណ៍កុំឲ្យវិវត្តដល់លែងគ្រប់គ្រងបាន។

ដើម្បីភាពឋិតថេរនៃសន្តិភាព សន្តិសុខ ស្ថិរភាព និងការរួមរស់ជាមួយគ្នាប្រកបដោយភាពសុខដុមរមនា វាជាការទទួលខុសត្រូវរបស់ភាគីទាំងអស់ក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍នៃការគោរពគ្នាទៅវិញទៅមកលើអធិបតេយ្យភាព បូរណភាពទឹកដី និងសិទ្ធិស្មើគ្នានៃប្រជាជាតិទាំងអស់៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម