ព័ត៌មានជាតិ
សម្ដេច ស ខេង ៖ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ប្រៀបបានជាកន្លែងផ្ដល់សេវាសាធារណៈមួយ ជូនពលរដ្ឋខ្មែរ និងជនបរទេស
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត គឺប្រៀបបាននឹងកន្លែងផ្ដល់សេវាសាធារណៈមួយ ជូនប្រជាពលរដ្ឋខ្មែរ និងជនបរទេស ដែលត្រូវធ្វើដំណើរ ដឹកជំនិញចេញចូល តាមគ្រប់មធ្យោបាយ និងចម្រុះជាតិសាសន៍។ ក្នុងនោះដែរ សម្ដេចក្រឡាហោម ក៏បានណែនាំដល់មន្រ្តីពាក់ព័ន្ធ ត្រូវមានតួនាទីបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាង រួមទាំងការត្រួតពិនិត្យ ដើម្បីរកឲ្យឃើញបទល្មើស នៃការចេញចូល ផងដែរ។
ការលើកឡើងនេះ គ្រាដែលសម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការត្រួតពិនិត្យ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត កម្ពុជា-ថៃ ខេត្តបន្ទាយមានជ័យ ជាមួយលោកឧបនាយករដ្ឋមន្រ្តី កែ កឹមយ៉ាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២២នេះ។
យោងតាមរបាយការណ៍ របស់លោកនាយឧត្តមសេនីយ៍ សេង យូរអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ បានឲ្យដឹងថា អគារទីស្នាក់ការត្រួតពិនិត្យ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត កម្ពុជា-ថៃ បានប្រារព្ធពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ កាលពីថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០ ១៧ និងបានបញ្ចប់ការសាងសង់ កាលពីថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២១ ដោយចំណាយថវិកា របស់រាជរដ្ឋាភិបាលចំនួន ១៧ប៊ីលាន ១៣លានរៀល។
លោកនាយឧត្តមសេនីយ៍ បន្តថា អគារទាំងនេះរួមមាន អគារបំពេញបែបបទចេញចូល មានទំហំ៣៥,៨០ម៉ែត្រ គុណ៥៦,៣៩ម៉ែត្រ កម្ពស់ ៣ជាន់ បំពាក់ដោយឧបករណ៍ បរិក្ខាអគ្គីសនី ម៉ាស៊ីនត្រជាក់ កង្ហារប៊ឺតខ្យល់ បណ្ដាញការពារអគ្គិភ័យ កាំមេរ៉ាសុវត្ថិភាព ប្រព័ន្ធទូរសព្ទ ប្រព័ន្ធអ៊ីនធើណែត ប្រព័ន្ធសំឡេង ប្រព័ន្ធការពាររន្ទះ ជណ្ដើរយន្តចំនួន ៤ និងចែកជាពីរផ្នែក ផ្នែកខាងស្ដាំប្រើប្រាស់សម្រាប់អ្នកដំណើរចេញ និងផ្នែកខាងឆ្វេងសម្រាប់អ្នកដំណើរមកដល់។
លោកបន្តទៀតថា ទន្ទឹមគ្នានេះក៏បានរៀបចំហេដ្ឋារចនាសម្ព័ន្ធក្រៅអគារ រួមមានជួសជុលកែលម្អអគារបំពេញ បែបបទចាស់សម្រាប់មន្រ្តីស្នាក់នៅ សាងសង់អគារសម្រាប់អ្នកដំណើររង់ចាំចេញ និងមកដល់ចំនួន ២ខ្នង ស្ថាបនាផ្លូវបេតង់អ៊ុតកៅស៊ូ រៀបចំសួនច្បារ តម្លើងបង្គោលភ្លើងបំភ្លឺ សាងសង់របងព័ទ្ធជុំវិញ តម្លើងត្រង់ស្វ័រ និងតបណ្ដាញទឹក ចូលបរិវេណអគារ។ លោកបន្ថែម សមិទ្ធផលនេះនឹងបង្កលក្ខណៈងាយស្រួល ដល់ភ្ញៀវជាតិ អន្តរជាតិ បង្ការទប់ស្កាត់បទល្មើសឆ្លងដែន ឆ្លើយបតាមសំណូមពរ និងស្ថានភាពជាក់ស្ដែង របស់មន្រ្តីជំនាញ។
នៅក្នុងពិធីនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងទាំងអស់ របស់ថ្នាក់ដឹកនាំពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់យ៉ាងសកម្មជាមួយក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំខេត្ត និងអង្គភាពពាក់ព័ន្ធផ្សេងទៀត ព្រមទាំងក្រុមវិស្វករជំនាញ សម្រាប់កិច្ចខិតខំប្រឹងប្រែងរួមគ្នា ជម្នះការលំបាកផ្សេងៗ រហូតធ្វើឲ្យសម្រេចបានសមិទ្ធ ដែលបានប្រារព្ធពិធីសម្ពោធនាថ្ងៃនេះ។
សម្ដេចក្រឡាហោម បានរំលឹកថា ច្រកទ្វារអន្តរជាតិប៉ោយប៉ែតនេះ ជាច្រកទ្វារឆ្លងកាត់ព្រំដែន មានអាយុកាលចំណាស់មួយនៅកម្ពុជា។ សម្ដេច ក៏បានថ្លែងអំណរគុណរាជរដ្ឋាភិបាលថៃ ពិសេសរដ្ឋបាលខេត្តស្រះកែវ ដែលជានិច្ចជាកាល បានផ្ដល់កិច្ចសហការយ៉ាងល្អជាមួយកម្ពុជា រួមចំណែកអភិវឌ្ឍន៍តំបន់ប៉ោតប៉ែតនិយាយដោយឡែក និងព្រះរាជាណាចក្រកម្ពុជានិយាយជារួម។ សម្ដេចក៏បានថ្លែងអំណរគុណ រដ្ឋបាលខេត្តបន្ទាយមានជ័យ និងរដ្ឋបាលក្រុងប៉ោយប៉ែត ដែលបានខិតខំអភិវឌ្ឍក្រុងឲ្យមានការរីកចំរើនជាបន្តបន្ទាប់ ជាពិសេសក្រោយពេលរាជរដ្ឋាភិបាល សម្រេចបង្កើតក្រុងប៉ោយប៉ែត។
សម្ដេចបានគូសបញ្ជាក់ថា ច្រកទ្វារអន្តរជាតិនេះ ប្រៀបបាននឹងកន្លែងផ្ដល់សេវាសាធារណៈមួយជូនពលរដ្ឋខ្មែរ និងជនបរទេស ដែលត្រូវធ្វើដំណើរ ដឹកជំនិញ ចេញចូល តាមគ្រប់មធ្យោបាយ និងចម្រុះជាតិសាសន៍។ ដូច្នេះមន្រ្តីពាក់ព័ន្ធ មានតួនាទីបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាង រួមទាំងការត្រួតពិនិត្យ ដើម្បីរកឲ្យឃើញបទល្មើស នៃការចេញចូលនោះដែរ។ សម្ដេចបន្ថែមថា ច្រកទ្វារអន្តរជាតិនេះក៏ជាច្រកទ្វារសំខាន់ នៃការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ ឆ្ពោះទៅរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ៥ និងខេត្តសៀមរាបតាមផ្លូវជាតិលេខ ៦ផងដែរ៕
អត្ថបទ៖ ឃួន សុភ័ក្រ





-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ