ព័ត៌មានជាតិ
ការបិទច្រកព្រំដែនជាបណ្តោះអាសន្ន មកដល់បច្ចុប្បន្ន កម្ពុជានៅមិនទាន់មានអ្វីជាបញ្ហាចោទ ប៉ុន្តែអ្នកប៉ះពាល់មុនគេ គឺភាគីថៃ
លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង បានឱ្យ«កម្ពុជាថ្មី»ដឹងថា ចំពោះការបិទជាបណ្តោះអាសន្ននៃច្រកព្រំដែនកម្ពុជា-ថៃកន្លងនៅមិនទាន់មានជាបញ្ហាអ្វីចោទដល់កសិផលកម្ពុជាននៅឡើយទេ ប៉ុន្តែអ្នកដែលប៉ះពាល់មុនគេគឺជាភាគីថៃ។

លោក ឈឹម វជិរា បានមានប្រសាសន៍ថា តាមរបាយការណ៍តាមច្រកដែលទទួលបាន និងអ្វីដែលថ្នាក់ដឹកនាំបានសម្រេច គឺភាគីកម្ពុជាយើងបើកនៅម៉ោង ៩:០០នាទីព្រឹក និងបិទវិញនៅម៉ោង ៤:០០នាទីល្ងាច ក្នុងនោះចំពោះកសិករកម្ពុជានៅតែចេញចូលជាធម្មតា។ ប៉ុន្តែជុំវិញបញ្ហានេះ ភាគីថៃអាចនិងមានចាល់ច្រើននៅក្នុងការនាំចេញពាក់ព័ន្ធទៅនិងផលិតផលមួយចំនួនដែលត្រូវនាំចូលមកកាន់ប្រទេសកម្ពុជា។
លោកបានឱ្យដឹងថា៖« សព្វថ្ងៃនេះសម្រាប់កម្ពុជា គឺនាំចេញតែផលិតផលមួយចំនួនប៉ុណ្ណោះទៅកាន់ទីផ្សារប្រទេសថៃដូចជា ដំឡូងមី ស្វាយកែវរមៀត និងពោតក្រហមប៉ុណ្ណោះ ប៉ុន្តែឈានចូលមកដល់ខែមិថុនា ការនាំចេញមិនសូវមានច្រើនដូចមុនទេ»។
ទោះជាបែបនេះក្តី លោកបានអះអាងថា «មកទល់ពេលបច្ចុប្បន្ននេះ កម្ពុជានៅមិនទាន់មានជាបញ្ហាចោទនោះទេ ដោយសារតែភាគីកម្ពុជា-ថៃ គ្រាន់តែដូរម៉ោង នៅក្នុងការបិទ បើក ច្រកព្រំដែនតែប៉ុណ្ណោះ ដោយថៃគេបើកនៅម៉ោង ៨:០០ នាទីព្រឹក បិត នៅម៉ោង ៤:០០នាទីល្ងាច ហើយកម្ពុជាយើង បើកនៅម៉ោង ៩:០០នាទីព្រឹក ហើយបិទនៅម៉ោង ៤:០០នាទីល្ងាច»។

ជាមួយគ្នានេះ ជុំវិញការផ្លាស់ប្តូរពេលវេលានេះទៀតសោទ លោក ឈឹម វជិរា បានលើកឡើងថា «ពាក់ព័ន្ធទៅនិងបន្លែមួយចំនួនដែលលួចនាំចូលក្រៅផ្លូវការពីថៃចូលមកកាន់កម្ពុជានោះ អ្នកដែលប៉ះពាល់មុនគេច្បាស់ណាស់គឺជាប្រទេសថៃនេះឯង ព្រោះភាគច្រើនរបស់ទាំងអស់នេះសុទ្ធសឹងតែជាទំនិញក្រៅផ្លូវការ»។
«លើសពីនេះទៀត ដូចសម្តេចនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ហើយថា អ្នកដែលប៉ះពាល់ខ្លាំងគឺជាភាគីថៃ ព្រោះទំនិញកម្ពុជានាំចេញទៅកាន់ទីផ្សារប្រទេសថៃមានទំហំជាង ១ ពាន់លានដុល្លារប៉ុណ្ណោះ ប៉ុន្តែប្រទេសថៃវិញនាំចូលមកកម្ពុជាមានទំហំប្រមាណជាង ៥ ពាន់ដុល្លារឯណោះ ដូច្នេះទំហំនៃការនាំចេញខុសគ្នារហូតដល់ទៅ ៤ ដង»។ លោក ឈឹម វជិរា បន្ថែមបែបនេះ។
ជាមួយគ្នានេះ លោកក៏បានបន្ថែមថា សម្រាប់បញ្ហានេះក៏ជាឱកាសមួយដែរសម្រាប់ប្រទេសកម្ពុជានៅក្នុងការពង្រឹងខ្លួនឯង ព្រោះយើងមិនអាចទៅអង្គុយចាំពឹងផ្អែកទៅលើផលិតផលរបស់គេទាំងស្រុងនោះដែរ។ សំខាន់នៅម៉ោងនេះអាចជាឱកាសមួយដែលអាចឱ្យកម្ពុជាពង្រឹងខ្លួនឯងកាន់តែរឹងមាំជាងមុន។
លោកថា សព្វថ្ងៃតាមរបាយការណ៍ត្រួតពិនិត្យតាមច្រកព្រំដែនមួយចំនួន នៅថ្ងៃទី០៨ ខែមិថុនា នេះកម្ពុជានាំចេញពោតក្រហមប្រមាណ ៣០០តោន និងស្វាយកែវរមៀតប្រមាណ ៣០គីឡូ ប៉ុណ្ណោះទៅកាន់ទីផ្សារប្រទេសថៃដែលបាននាំចេញតាមច្រកព្រំដែន។ ហេតុដូចនេះ ខែមិថុនា មិនជាមានផលប៉ះពាល់អ្វីទេ ព្រោះការនាំចេញច្រើនទៅកាន់ថៃ ដូចជាដំឡូងមី ពោតក្រហម ជាដើមនោះ គឺសម្រុកច្រើននៅចន្លោះពីខែធ្នូ រហូតដល់ខែកុម្ភៈ។
ទន្ទឹមនេះ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងដែរថា កាលណាបិទច្រកព្រំដែនហើយច្បាស់ណាស់ថាវានិងប៉ះពាល់ តែប៉ះពាល់តិច ឬច្រើន គឺអាស្រ័យទៅលើអ្នកណានាំចេញតិច ឬអ្នកណានាំចេញច្រើន ប៉ុន្តែយើងមិនចង់ឱ្យមានរឿងបែបនេះឡើយ ព្រោះការខាតបង់គឺផលប្រយោជន៍ទាំងសងខាងរវាងប្រទេសទាំងពីរ។

លោកថា «ដូចរាជរដ្ឋាភិបាលកម្ពុជាបានអំពាវនាវរួចមកហើយថា ជុំវិញការប៉ះទង្កិចគ្នាតាមព្រំដែននេះ គួរកុំពង្រីកទំនាស់ទៅលើវិស័យផ្សេងៗទៀត ជាពិសេសវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម ការផ្លាស់ប្តូរប្រជាជន និងប្រជាជន កុំឱ្យមានការរើសអើង និងប្រកាន់ពូជសាសន៍គ្នាទៅវិញទៅមក ដូច្នេះការបិទច្រកព្រំដែននេះ ច្បាស់ណាស់ថាវានិងផ្តល់ផលអវិជ្ជមានដល់ប្រទេសទាំងពីរ។
«ដូចយើងបានដឹងស្រាប់ហើយជុំវិញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ត្បិតថាកម្ពុជាមានទំហំតូចមែន ប៉ុន្តែមិនមែនតូចធម្មតានោះទេ គឺស្ថិតក្នុងរង្វង់ទឹកប្រាក់ប្រមាណជាង ១ពាន់លានដុល្លារក្នុងមួយឆ្នាំ ដូច្នេះខ្ញុំគិតថា អ្នកដែលអំពាវនាវឱ្យមានការធ្វើពហិការមិនឱ្យប្រើប្រាស់ទំនិញ ឬឱ្យប៉ះពាល់ដល់ប្រទេសទាំងពីរ សូមមេត្តាបញ្ឈប់សកម្មភាពទាំងនេះ គឺទុកឱ្យថ្នាក់ដឹកនាំរាជរដ្ឋាភិបាលជាអ្នកដោះស្រាយបញ្ហានេះ»។ អ្នកឧកញ៉ាបន្ថែមយ៉ាងដូច្នេះ។

អ្នកឧកញ៉ា បានសង្កត់ធ្ងន់ថា «អ្នកនៅក្នុងបណ្តាញសង្គម និងអ្នករស់នៅកណ្តាលទីក្រុងមិនយល់ពីទុក្ខវេទនាអ្នកដែលរស់នៅតាមព្រំដែនកម្ពុជា-ថៃ នោះទេ ព្រោះប្រទេសណាក៏ដោយឱ្យតែមានការបិទច្រកព្រំដែន អ្នករងផលប៉ះពាល់ខ្លាំង គឺ អ្នករស់នៅតាមច្រកព្រំដែន។ ដូច្នេះការបិទច្រកព្រំដែននេះ វានិងជិះជាផលអវិជ្ជមានច្រើន ហើយក៏មិនមានផលវិជ្ជមាននោះទេសម្រាប់ប្រទេសទាំងពីរ បើទោះបីជាយើងបិទពីថៃ ដោយបង្កើត ឬផលិតដោយខ្លួនឯង ដាំដុះខ្លួនឯង បង្កើនសមត្ថភាពដាំដុះខ្លួនឯង ប៉ុន្តែទំនិញពីប្រទេសវៀតណាម ចិន និងប្រទេសផ្សេងៗ ទំនិញនៅតែហូរចូល ដូច្នេះភាពអវិជ្ជមានរវាងថៃ-កម្ពុជាទទួលបានដូចគ្នា មិនមានផលវិជ្ជមាននោះទេ»។
ទន្ទឹមនេះ បើតាមការចុះផ្សាយរបស់កាសែតក្នុងស្រុកថៃកាលពីថ្ងៃ ៨ មិថុនា កន្លងទៅនេះ បានឱ្យដឹងថា សភាពាណិជ្ជកម្មថៃប្រចាំខេត្តច័ន្ទបុរី បានសម្តែងការព្រួយបារម្ភចំពោះការបិទជាបណ្តោះអាសន្ននៃច្រកព្រំដែនជាមួយប្រទេសកម្ពុជា ដោយព្រមានថា វិធានការបែបនេះអាចបណ្តាលឱ្យមានការខាតបង់ផ្នែកសេដ្ឋកិច្ច «រាប់ពាន់លានបាត»។

អ្នកជំនាញជាច្រើនបានមើលឃើញពីការខាតបង់ ឬរំខានផ្នែកសេដ្ឋកិច្ចចំពោះការបិទព្រំដែន ជាពិសេសសម្រាប់ភាគីថៃ ដែលមានអតិរេកពាណិជ្ជកម្មជាមួយកម្ពុជាប្រមាណ ៤,១ ប៊ីលានដុល្លារ កាលពីឆ្នាំ ២០២៤។ ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន បានបង្ហោះសារមួយកាលពីថ្ងៃសៅរ៍ ដោយស្រង់តួលេខពាណិជ្ជកម្មរបស់រដ្ឋាភិបាលកម្ពុជា ថា កម្ពុជានាំចេញទៅថៃជាង ១,១ ប៊ីលានដុល្លារ នៅឆ្នាំមុន ខណៈថៃនាំចូលមកកម្ពុជាវិញប្រមាណ ៥,២ ប៊ីលានដុល្លារ៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
នយោបាយ៤ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ២៣ ម៉ោង ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ស៊ីរ៉ែនប្រកាសអាសន្នលាន់ទ្រហឹងទូទាំងប្រទេសអ៊ុយក្រែន នៅពេល ពូទីន សងសឹកចាស់ដៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ថៃចាប់ផ្ដើមបិទច្រកព្រំដែនតំបន់បឹងត្រកួន នៅបន្ទាយមានជ័យ